ការច្រណែនគឺជាអារម្មណ៍ម្យ៉ាងដែលតែងកើតមាននៅក្នុងជីវិតរបស់ក្មេងៗ។ អារម្មណ៍បែបនេះ អាចកើតមានដោយសារតែ បងប្អូនបង្កើត មិត្តភក្តិ ឬមិន្តរួមថ្នាក់។ ខាងក្រោមនេះគឺជាកំហុសមួយចំនួនរបស់ឪពុកម្តាយដែលធ្វើឲ្យកូនៗកើតចិត្តច្រណែនគ្នា៖

ទម្រើសកូនជ្រុល៖ ប្រសិនបើអ្នកទម្រើសកូនខ្លាំងពេក ដោយ​ឲ្យកូនធ្វើអ្វីតាមតែចិត្តរបស់គេ នោះពេលដែល គ្រួសារអ្នកមានសមាជិកថ្មី រឺកូនរបស់អ្នកជួបប្រទះនឹងមិត្តភក្តិដែលមានអំណាចជាង កូនរបស់អ្នកនឹង មានអារម្មណ៍អសុវត្ថិភាព។ អារម្មណ៍នេះ អាចធ្វើឲ្យកូនអ្នកបាក់ទឹកចិត្ត ពេលដែលគេ មិនទទួលបាន អ្វីមួយតាមបំណងប្រាថ្នា និងមានអារម្មណ៍ថាខ្លួនឯងអន់ជាងអ្នក​ដទៃ ដែលនាំឲ្យកើតចិត្តច្រណែន។​
ការពារកូនជ្រុល៖ ការពារកូនជ្រុលពេក ហើយថ្ងៃក្រោយក៏ឈប់ការពារ នោះនឹងធ្វើឲ្យកូនបាត់បង់ ភាពក្លាហាន អៀនច្រើន ហើយធ្វើឲ្យ​គេមានអារម្មណ៍ច្រណែននឹងអ្នកដទៃ ពេលដែលកូនអ្នកជួបក្មេង ដែលមានទំនុកចិត្តជាង។
ការចិញ្ចឹមបែបច្បាប់តឹងរឹង៖ ការគ្រប់គ្រងលើកូនខ្លាំងពេក ក៏ជាកំហុសដ៏ធំមួយរបស់ឪពុកម្តាយដែរ ព្រោះវាអាចធ្វើឲ្យកូនមានអារម្មណ៍ច្រណែនបាន។ ការបង្កើតវិន័យដោយគ្មានការពន្យល់ពីមូលហេតុឲ្យ បានច្បាស់លាស់ នឹងជះឥទ្ធិពលអាក្រក់ដល់ក្មេង។ ពេលកូនធំឡើង ពួកគេនឹងខ្វះភាពជឿជាក់លើខ្លួនឯង និងមានអារម្មណ៍ថាខ្លួនមិនសូវមានតម្លៃ។
ប្រៀបធៀបជាមួយអ្នកដទៃ៖ ការប្រៀបធៀបកូនរបស់ខ្លួនជាមួយនឹងក្មេងដទៃ គឺជាកំហុសដ៏ធំមួយ ហើយ​ក៍​ជាកត្តាចម្បងមួយដែលធ្វើឲ្យក្មេងកើតអារម្មណ៍ច្រណែន ឈ្នានីស និងខ្វះទំនុកចិត្តលើខ្លួនឯង។
បង្កើតការប្រកួតប្រជែកមិនសមរម្យ៖ ការឲ្យកូន​ធ្វើសកម្មភាពដូចនឹងអ្នកដទៃ រួចប្រៀបធៀបលទ្ធផលរបស់ពួកគេ ជាមួយអ្នកដទៃ អាចបង្កើតនូវការប្រកួតប្រជែងមួយដែលមិនសមរម្យ នឹងនាំឲ្យក្មេងកើតចិត្តច្រណែន។
លំដាប់កូន៖ ពេលខ្លះឪពុកម្តាយយកចិត្តទុកដាក់លើកូនម្នាក់អាស្រ័យលើលំដាប់កំណើត។ ឧទារណ៍ដូចជា កូនបងអាចច្រណែននឹងប្អូនដែលទើបនឹងកើត ព្រោះកូនបង ឃើញថាឪពុកម្តាយយកចិត្តទុកដាក់លើ កូនពៅច្រើនជាង។ កំណើតនៃកូនពៅ អាចធ្វើឲ្យកូនបងៗ មានចិត្តច្រណែននឹងបងប្អូន៕

រក្សាសិទ្ធិដោយ៖ www.konkmeng.com