​ការ​ស្រលាញ់​ ​និង​ការ​ចូលចិត្ត​ មាន​សារៈសំខាន់​ណាស់​សម្រាប់​ភាព​វិជ្ជមាន​ទាំង​ផ្លូវ​អារម្មណ៍​ ​និង​ការលូតលាស់​របស់រាងកាយ​។​ ​នៅពេល​ដែល​យើង​សោកសៅ​ ​ឬ​ខូចចិត្ត​ ​ការ​ឱប​ដ៏​កក់ក្តៅ​មួយ​អាច​ជួយ​កាត់បន្ថយ​ការ​ប៉ះទង្គិច​ផ្លូវចិត្ត​ទាំងនោះ​បាន​។​ ​នៅពេល​យើង​ចង់​ចែករំលែក​ភាព​រីករាយ ​ត្រេកអរ​ ​យើង​ក៏អាច​ផ្ដល់ឲ្យ​អ្នកដទៃ​ដោយ​ការ​ឱប​ផង​ដែរ​។​

ក្នុងន័យនេះ តាម​ការសិក្សា​បែប​វិទ្យាសាស្ត្រ​ថ្មី​បាន​បង្ហាញថា​ ​ការ​ឱប​មាន​សារៈសំខាន់​ណាស់​សម្រាប់​កូន​ៗ​របស់លោក​អ្នក​។​ ​ការ​ឱប​រយៈពេល​២០វិនាទី​ ​អាច​ជួយ​ឱ្យ​កូន​អ្នកមាន​ភាព​វាងវៃ​ ​សុខភាព​ល្អ​ ​រីករាយ​ ​មាន​ភាព​អត់ធន់​ ​និង​ជិតស្និទ្ធ​ជាមួយ​ឪពុក​ម្តាយ​។​
​ការលូតលាស់​របស់​ក្មេង​តូច​ ​ត្រូវការ​ការ​រំញោច​ញ្ញាណ​ផ្សេង​ៗ​សម្រាប់​ការអភិវឌ្ឍន៍​។​ ​ការ​ប៉ះពាល់​រវាង​ស្បែក​និង​ស្បែក​ ​គឺជា​ការ​រំញោច​ដ៏​សំខាន់​បំផុត​មួយ​ ​ដែល​ធ្វើ​ឱ្យ​មានការ​រីកចម្រើន​ផ្នែក​ខួរក្បាល​ ​និង​សុខភាព​ល្អ​។​ ​

​ករណីសិក្សាខាងលើ បានគូស​បញ្ជាក់ឲ្យដឹង​ដែរ​ថា​ ​មិនមែន​ការ​ប៉ះ​គ្រប់​ប្រភេទ​សុទ្ធតែ​មានប្រយោជន៍​ទេ​ ​គឺ​មានតែ​ការ​ប៉ះ​បែបចិញ្ចឹម​បីបាច់​ ​ការ​ឱ​បថ្នមៗ​ប៉ុណ្ណោះ​ ​ទើប​អាច​ផ្តល់​នូវ​ការ​ជ​ម្រុ​ញ​ភាព​វិជ្ជមាន​ដល់​ខួរក្បាល​ក្មេង​បាន​។​ ​នៅពេល​ដែល​កុមារ​ខ្វះខាត​ការ​ប៉ះពាល់​ស្បែក​ ​និង​ស្បែក​ ​ឬ​ការ​ឱប​ពី​យើង​ ​នោះ​រាងកាយ​របស់​ពួកគេ​នឹង​ឈប់​លូតលាស់​ ​បើ​ទោះបី​ទទួលទាន​សារធាតុ​ចិញ្ចឹម​ក៏ដោយ​។​

​កង្វះ​ការលូតលាស់​នេះ ​អាច​នឹង​ប្រសើរ​ឡើងវិញ​ ​នៅពេល​ដែល​ការ​ចិញ្ចឹម​បីបាច់​ទាំងនោះ​ ​មាន​លាយ​លំ​ជាមួយនឹង​ការ​ប៉ះ​រាងកាយ​កុមារ​ និង​ការ​ឱប​។​ ​ការ​ឱប​បង្ក​ឱ្យ​មានការ​បញ្ចេញ​អុក​ស៊ី​តូ​ស៊ីន​ ​(​Oxytoxin​)​ ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ផង​ដែរ​ថា​ ​ជា​អ​រម៉ូន​ស្នេហា​។​ ​អ​រម៉ូ​នដែល​ធ្វើឱ្យ​យើង​មាន​អារម្មណ៍ល្អ​នេះ​ ​មាន​ឥទ្ធិពល​សំ​ខាន់​ៗ​ជាច្រើន​លើ​រាងកាយ​របស់​យើង​។​ ​

​ការសិក្សា​បង្ហាញឲ្យដឹងទៀតថា​ ​ការ​ឱប​អាច​បង្កើន​កម្រិត​អុក​ស៊ី​តូ​ស៊ី​នភ្លាមៗ​។​ ​នៅពេល​ដែល​អុក​ស៊ី​តូ​ស៊ីន​ត្រូវ​បាន​កើនឡើង​ ​មានអ​រម៉ូនជាច្រើនក៏លូតលាស់ដែរ​ ​ដូចជា ​អាំង​ស៊ុយ​លីន​ ​និង​កត្តា​លូតលាស់​សរសៃប្រសាទ​ ​ក៏​កើនឡើង​ទៅតាម​នោះ​ដែរ​។យោង​តាម​ការ​ស្រង់​ទិន្នន័យ​ពី​មន្ទីរពេទ្យ​កុមារ​ជាតិ ​នៅ​រដ្ឋ​អូ​ហៃ​អូ​(​Ohio​)​ ​សហរដ្ឋអាមេរិក ​បាន​ឱ្យដឹង​ថា​ ​បើ​អ្នក​ឱប​ទារក​កាន់តែ​ច្រើន​ ​នោះ​ខួរក្បាល​របស់​ពួកគេ​ ​នឹង​លូតលាស់​កាន់តែ​ខ្លាំង​។​ ​គេ​បាន​សិក្សា​ទៅលើ​ទារក​ចំនួន១២៥នាក់​ ​ទាំង​ទារក​មិន​គ្រប់ខែ​ ​និង​ពេញវ័យ​ ​ចំពោះ​ការ​ប៉ះពាល់​ស្បែក​ ​និង​ស្បែក​ ​ឬ​ការ​ឱប​។​

លទ្ធផល​បាន​បង្ហាញថា​ ​ទារក​ដែល​កើត​មិន​គ្រប់ខែ​ ​បាន​ឆ្លើយតប​នឹង​សេចក្តី​ស្រឡាញ់​តិច​ជាង​ទារក​ដែល​កើត​គ្រប់ខែ​។​ ​ទោះ​យ៉ាងណាក៏ដោយ​ ​គេ​ឃើញថា​ ​ទារក​ដែល​ទទួល​បានការ​ឱបថើប និង​បីថ្នាក់ថ្នម​ ​មាន​សេចក្ដី​ស្រលាញ់​ពី​ឪពុក​ម្តាយ​ ​ឬ​បុគ្គលិក​មន្ទីរពេទ្យ​ ​ខួរក្បាល​របស់​ពួកគេ​មាន​រំញោច​ឆ្លើយតប​មកវិញ​ខ្លាំង​។

​លោកស្រី​វេជ្ជបណ្ឌិត Nathalie​ ​Maitre​ ​បាន​មានប្រសាសន៍​ថា​ ​យើង​ត្រូវ​ប្រាកដ​ថា​ ​ទារក​ដែល​កើត​មិន​គ្រប់ខែ ​អាច​ទទួល​បានការ​ប៉ះ​ស្បែក​ ​និង​ស្បែក​ ​ឬ​ការ​ឱប​ ​បី​បំពេ​រ​ពី​ឪពុក​ម្តាយ​ឲ្យបាន​ច្រើន​ ​ដើម្បី​ជួយ​ដល់ខួរក្បាល​របស់​ពួកគេ​ អាចលូតលាស់​ដូច​ទៅ​នឹង​ទារក​ដែល​នៅក្នុង​ផ្ទៃពោះ​ម្ដាយ​គ្រប់ខែ​ផង​ដែរ​៕​ ​

​ប្រែ​សម្រួល​ដោយ​៖​ ​ជា​ ​ស៊ាង​ប៊ូ​

ផ្តល់សិទ្ធិដោយ៖ www.camboglobe.com