អត្ថបទ​មួយ​នេះ​ ​ល្អ​បំផុត​សម្រាប់​លោកអ្នក​ ​ដែល​ទើប​ក្លាយជា​ឪពុក​ម្តាយ​របស់​ទារក​ជាលើកដំបូង​។​ ​នៅក្នុង​រវាង៤តំណា​ក់​កាលខាងក្រោម​នេះ​ ​នឹង​បង្ហាញ​លោកអ្នក​ឱ្យ​បានដឹង​ ​និង​យល់​អំពី​ការ​វិវឌ្ឍ​ប្រែប្រួល​ទាំង​រាងកាយ​ ​និង​អារម្មណ៍​ ​ឬ​ភា​ពរ​វាសរ​វៃ​របស់​ទារក​ ​ចាប់តាំងពី​ថ្ងៃ​ដែល​ទារក​ទើប​ឃើញ​ពន្លឺថ្ងៃ​ជាលើកដំបូង​ ​រហូតដល់​ទារក​មាន​អាយុ១ខួប​។​

១​.​ក្រោយពេលកើត ​រហូតដល់​អាយុ៣ខែ​ទារក​ទើបនឹង​កើត​អាច​ទទួល​បាន​ព័ត៌មាន​ជាច្រើន​ ​តាមរយៈ​វិញ្ញាណ​របស់​ពួកគេ​។​ ​ទោះបី​ទារក​មិន​អាច​ស្គាល់​មុខ​អ្នក​ ​តែ​ពួកគេ​ស្គាល់​ក្លិន​ ​ការ​ប៉ះ​ ​និង​សម្លេង​របស់​អ្នកជា​និច្ច​។​ ​ទារក​ទើបនឹង​កើត​មិន​អាច​មើលឃើញ​វត្ថុ​ ​ដែល​មាន​ចម្ងាយ​ឆ្ងាយ​ជាង៣,៨សង់ទីម៉ែត្រ​នោះ​ទេ​។​ ​នៅ​ខែទី២​ ​ទារក​នឹង​ចាប់ផ្ដើម​លា​ ​និង​ក្ដោប​បាតដៃ​របស់​ខ្លួន​។​ ​ប្រសិនបើ​លោកអ្នក​ ​ដាក់​អ្វីមួយ​ទៅ​ក្នុង​បាតដៃ​របស់​ទារក​ ​នោះ​ពួកគេ​នឹង​ក្ដាប់​ជាប់​ជាមិនខាន​។​ ​នេះ​ ​គឺជា​ការ​ចាប់ផ្តើម​ប្រើប្រាស់​សមត្ថភាព​ដៃ​របស់​ទារក​។​

​ទារក​នឹង​ចាប់ផ្តើម​ធ្វើ​ទំនាក់ទំនង​សង្គម​ ​ក្រោម​រូបភាព​ដូចជា​ ​សម្លឹង​មើល​លោកអ្នក​នៅពេល​លោកអ្នក​និយាយ​ជាមួយ​គាត់​ ​ឬ​ធ្វើការ​ស្រែ​ក​ខ្លាំង​ៗ​។​ ​នៅពេល​មាន​អាយុ៦សប្តាហ៍​ ​ទារក​នឹង​ចាប់ផ្ដើម​ចេះ​ញញឹម​។​ ​នៅ​ដំណាក់កាល​នេះ​ ​ការ​លេង​ជាមួយ​ទារក​ ​គឺជា​ការបង្កើត​នូវ​អា​រម្ម​ណ៍​ថ្មី​ៗ​ដល់​ទារក​។​ ​លោកអ្នក​គួរ​នាំ​យក​របស់​ដែល​ពួកគាត់​អាច​មើល​បាន​ ​ប៉ះ​បាន​ ​ស្ដាប់បាន​ឱ្យ​ពួកគាត់​។​

​ម្យ៉ាងវិញទៀត​ ​លោកអ្នក​ក៏​ត្រូវ​បង្កើន​ភាព​ស្និទ្ធស្នាល​ជាមួយ​ទារក​ដោយ​ការ​ច្រៀង​លេង​ ​ធ្វើសកម្មភាព​ ​កាយ​វិ​កា​រស​ប្បា​យៗ​ឱ្យ​គាត់​មើល​។​ ​បើសិន​ទារក​មាន​ភាព​ធុញទ្រាន់​ ​ឬមិន​ចូលចិត្ត​ ​ពួកគេ​នឹង​យំ​ ​ឬ​បិទ​ភ្នែក​ ​ឬ​ងងុយគេង​ជាដើម​។​

​២​.​អាយុ៣ខែ​ដល់៦ខែ​​នៅក្នុង​វ័យ​ប៉ុណ្ណេះ​ ​ទារក​កាន់តែ​រឹងមាំ​ ​និង​សកម្ម​ជាង​មុន​។​ ​ទារក​នឹងអាច​ងើប​ក្បាល​បាន​ដោយខ្លួនឯង​ ​ហើយ​ពួកគេ​នឹង​ចាប់ផ្ដើម​បង្វែរ​ក្បាល​ ​ទៅ​រក​ទិសដៅ​នៃ​សម្លេង​ដែល​ពួកគេ​បានឮ​។​ ​ទារក​នឹង​រីករាយ​ជាមួយ​ការប្រើ​ប្រាស់​រាងកាយ​ ​និង​អ​វៈ​យ​វៈ​ផ្សេង​ៗ​របស់​ខ្លួន​។​ ​គាត់​ចូលចិត្ត​ចាប់​របស់​នេះ​របស់​នោះ​ ​លេង​នេះ​លេង​នោះ​ ​គ្រវី​ដៃ​ចុះឡើង​ ​ប្រើ​ជើង​ធាក់​ចុះឡើង​ ​ឬ​គ្រលែង​ខ្លួន​ជាដើម​។​

មកដល់​ដំណាក់កាល​នេះ​ ​លោកអ្នក​នឹង​មានទំនុក​ចិត្ត​កាន់តែ​ខ្លាំង​ជាង​មុន​ ​នៅក្នុង​កា​រមើល​ថែ​ ​ឬ​លេង​ជាមួយ​ទារក​ ​ព្រោះ​ទារក​ចាប់ផ្តើម​ចេះ​បង្ហាញ​អារម្មណ៍​សប្បាយ​ជាមួយនឹង​សម្លេង​ ​ឬ​កាយ​វិ​កា​របស់​លោកអ្នក​។​ ​ប្រការ​គួរ​ប្រុងប្រយ័ត្ន​ ​នៅក្នុង៦ខែ​ដំបូង​នេះ​ ​កូនតូច​របស់​លោកអ្នក​ ​ប្រហែលជា​អាច​ចេះ​អង្គុយ​ ​ឬ​លូន​វា​ ​ដូច្នេះ​គួរ​ប្រយ័ត្ន​អំពី​សុវត្ថិភាព​របស់​ពួកគេ​។​

​៣​.​អាយុ៦ខែ​ដល់៩ខែ​​ឥឡូវនេះ​កូន​របស់​លោកអ្នក​​អាច​សើច​រលា​ក់​ខ្លាំង​ៗ​ ​ស្រែក​ ​និង​បង្ហាញ​ការ​ញញឹម​ ​ដើម្បី​ទទួល​បានការ​យកចិត្ត​ទុកដាក់​ ​និង​ការ​ឆ្លើយតប​ពី​អ្នកមើល​ថែ​។​ ​គាត់​អាច​លូន​ ​វា​ ​ក្រឡាប់​ ​និង​ធ្វើដំណើរ​ទៅ​រក​អ្វីមួយ​ដែល​ខ្លួន​ចង់បាន​។​ ​នេះ​បង្ហាញ​ពី​ការ​អភិវឌ្ឍ​សមត្ថភាព​របស់​ក្មេង​ ​ក្នុង​ការគ្រប់គ្រង​លើស​កម្ម​ភាព​របស់​ខ្លួន​ ​រៀបចំផែនការ​ ​និង​អនុវត្ត​ទៅតាម​អ្វី​ដែល​ខ្លួន​គិត​។​ ​ពួកគេ​ចាប់ផ្ដើម​ចេះ​ប្រើ​ម្រាមដៃ​ ​ជាពិសេស​ម្រាម​ចង្អុល​ ​និង​មេដៃ​ ​ដើម្បី​ក្រញាំ​វត្ថុ​ផ្សេង​ៗ​ ​ដូចជា​សក់​របស់​លោកអ្នក​ជាដើម​។​

​នៅ​ដំណាក់កាល​នេះ​ ​ពួកគាត់​ចាប់ផ្ដើម​ស្វែងយល់​ពី​ភាព​ស្ថិតស្ថេរ​នៃ​វត្ថុ​អ្វីមួយ​។​ ​ឧទាហរណ៍​ ​បើ​លោកអ្នក​យក​ឧបករណ៍​ក្មេង​លេង​របស់​គាត់​លាក់​ទុក​ ​នោះ​ពួកគាត់​នឹង​ដើរ​តេះ​តះៗ​រកមើល​វត្ថុ​នោះ​ ​ជាជាង​បំភ្លេច​វា​ចោល​។​ ​មួយវិញទៀត​ ​ក្មេង​នឹង​កាន់តែ​ស្គាល់​ច្បាស់​អំពី​សង្គម​ជុំវិញ​ខ្លួន​។​ ​នៅពេល​អ្នក​ហៅឈ្មោះ​របស់​គាត់​ ​ឬ​ធ្វើត្រាប់​តាម​គាត់​ ​ពួកគាត់​នឹង​គិតថា​ ​ពិភពលោក​នេះ​ស្រស់បំព្រង​ ​និង​គួរ​ឱ្យ​រីករាយ​ណាស់​។​ ​នេះ​ក៏​ជា​ចំណែក​មួយ​នៃ​ការលូតលាស់​ផ្នែក​ខួរក្បាល​របស់​ក្មេង​ផង​ដែរ​។​

​៤​.​អាយុ៩ខែ​ ​ទៅ១ខួប​កូន​របស់​លោកអ្នក​នឹង​ចាប់ផ្តើម​ចេះ​ដើរ​តេះ​តះៗ​។​ ​ល្បឿន​នៃ​ការលូតលាស់​នឹង​ចុះ​យឺត​ជាង​មុន​ ​មុខ​របស់​គាត់​ប្រែជា​ស្គម​ជាង​មុន​ ​ហើយ​សមត្ថភាព​របស់​គាត់​នឹង​កាន់តែ​ឆ្លាត​ជាង​មុន​ ​ក្នុង​ផ្នែក​ទំនាក់ទំនង​ ​និង​ការ​បម្លាស់ទី​។​ ​នៅ​ក្នុង​តំណា​ក់​កាល​នេះ​ ​ពួកគាត់​ចូលចិត្ត​ប្រើប្រាស់​សមត្ថភាព​គ្រប់យ៉ាង​របស់​ខ្លួន​ដូចជា​ ​វារ​ ​លូន​ ​ឬ​អង្គុយ​ ​ដើម្បី​ឱ្យ​ខ្លួន​ឈរ​ឡើង​បាន​ ហើយក្រៅពីនេះ​ ​ពួកគាត់​ចូលចិត្ត​ធ្វើអ្វី​តាមដែល​មនុស្ស​ធំ​ធ្វើ​ដូច្នោះ​ដែរ​។

​គាត់​ចាប់ផ្ដើម​ទទួល​បាន​បទ​ពិសោធ​ន៍​ផ្សេង​ៗ​ ​និង​ស្វែងយល់​ពី​ពិភព​ធម្មជាតិ​ ​ពី​ប្រដាប់​ប្រដា​ក្មេង​លេង​របស់​ខ្លួន​។​ ​នៅ​ក្នុង​តំណា​ក់​កាល​នេះ​ ​គាត់​អាច​ចេះនិយាយ​ពីរបី​ម៉ាត់​ដូចជា​ហៅ​ ​ប៉ា​ ​ឬ​ម៉ាក់​ ​និង​ចេះ​ធ្វើកាយវិការ​ដូចជា​ចង្អុល​ ​គ្រវីក្បាល​ ​ជាដើម​ ​ដើម្បី​សន្ទនា​ជាមួយ​យើង​។​ នៅចន្លោះ​អាយុ៩ខែ​ ​ទៅ១ខួប​នេះ​ ​ទារក​យល់​ពី​កាយវិការ​មួយចំនួន​ ​ដូចជា​គ្រវីក្បាល​ ​បានន័យ​ថា​ ​«​ទេ​»​ ​និង​ទះដៃ​ ​បានន័យ​ថា​ ​«​សរសើរ​គាត់​»​ ​ជាដើម​៕​រក្សាសិទ្ធិ​ដោយ​៖​ ​www.konkmeng.com​