​ការសិក្សា​ជាច្រើន​បាន​បញ្ជាក់​ថា​ ​កូន​ៗ​របស់​លោកអ្នក​ ​អាច​ទទួល​បាន​ចំណេះ​ជាច្រើន​ពី​ការ​​អាន​ដោយ​បញ្ចេញ​សម្លេង​លឺៗ​របស់​អ្នកជា​ឪពុក​ម្តាយ​ ​តាំងពី​ពួកគេ​កើតមក​ម៉្លេះ​។​ ​ប៉ុន្តែ​ ​វា​ ​មាន​ភាព​ខុសគ្នា​រវាង​ទទួល​បាន​ចំណេះ​ពី​ការ​អាន​របស់​លោកអ្នក​ ​និង​ការដែល​មាន​សមត្ថភាព​អាច​អាន​​បាន​ដោយខ្លួនឯង​។​ ​

ជាទូទៅ​ ​សមត្ថភាព​ក្នុង​ការ​អាន​ ​នឹង​ចាប់ផ្តើម​នៅចន្លោះ​អាយុ​ ​៤​ ​ឬ​ ​៥​ ​ឆ្នាំ​ ​គឺជា​ពេលវេលា​​ដែល​លោកអ្នក​អាច​ចាប់ផ្តើម​លើកទឹកចិត្ត​ឱ្យ​កូន​តូច​ៗ​ ​រៀន​មូលដ្ឋាន​គ្រឹះ​នៃ​ការ​អាន​។​ ​តាមរយៈ​ ​ជំហាន​មួយចំនួន​ខាងក្រោម​ ​លោកអ្នក​អាច​ជួយ​ឱ្យ​កូន​ចាប់អារម្មណ៍​លើ​សៀវភៅ​ ​និង​ពាក្យ​បាន​។​ ​ប្រការ​នេះ​ ​នឹង​ជួយ​បន្តិច​ម្តង​ៗ​ដល់​ពួកគេ​ក្នុង​ការ​អាន​។​ ​

១​.​ភាព​ងាយស្រួល​ក្នុង​ការស្វែងរក​៖​ ​ក្មេង​ៗ​ស្វែងយល់​តាមរយៈ​ការ​លេង​។​ ​ដូច្នេះ​ ​លោកអ្នក​ ​ត្រូវ​ដាក់សៀវភៅ​នៅកន្លែង​ណាមួយ​ ​ដែល​ពួកគេ​ងាយ​មើលឃើញ​ ​និង​ងាយស្រួល​យក​មកលេង​ ​គួស​ ​កាន់​ ​ខាំ​។​​២​.​ការ​ផ្សារភ្ជាប់​ទំនាក់ទំនង​៖​ ​ប្រសិនបើ​លោកអ្នក​ចង់​បង្រៀន​ពាក្យ​ថា​ ​ឆ្កែ​ ​អ្នក​ត្រូវ​និយាយ​ពី​ឆ្កែ​ដែល​​កូនលោក​អ្នក​ស្គាល់​។​ ​អ្នក​អាច​និយាយ​ថា​ ​ឆ្កែ​នោះ​តូច​ ​ឬធំ​ ​ហើយ​ទុក​ឱ្យ​កូន​របស់​លោកអ្នក​ប្រៀបធៀប​​ជាមួយ​សត្វ​ឆ្កែ​ដែល​គាត់​ធ្លាប់ស្គាល់​។​ ​ការ​ធ្វើបែប​នេះ​ ​នឹង​ជួយ​ឱ្យ​គាត់​ផ្សារភ្ជាប់​ពាក្យ​ថ្មី​ ​ជាមួយនឹង​ចំណេះដឹង​របស់​គាត់​ដែល​មានស្រាប់​។​

​៣​.​ការ​រឹតចំណង​មិត្តភាព​៖​ ​ការ​អាន​ ​គឺជា​ពេលវេលា​ដ៏​ល្អ​បំផុត​សម្រាប់​រឹតចំណង​មិត្តភាព​ ​និង​ ​បង្កើន​ទំនាក់ទំនង​កាន់​តែ​សិ្នទ្ធ​ស្នាល​សម្រាប់​ឪពុក​ម្តាយ​ ​និង​កូន​ៗ​។​ ​លោកអ្នក​អាច​ចាប់កាន់​​សៀវភៅ​ដោយធ្វើ​ការ​ចង្អុល​ ​ព្រមគ្នា​ដោយ​ការ​បញ្ចេញ​សម្លេង​ផង​ដែរ​។​ ​នៅពេល​ដែល​កូនលោក​អ្នក​ ​អង្គុយ​ជាមួយ​អ្នក​ ​ការ​យក​សៀវភៅ​មក​អាន​ជាមួយ​ពួកគេ​ ​នឹង​ក្លាយទៅជា​សកម្មភាព​សប្បាយរីករាយ​មួយ​។​

៤​.​ការ​ជ្រើសរើស​ត្រឹមត្រូវ​៖​ ​ក្មេង​តូច​ៗ​ចូលចិត្ត​មើលសៀវភៅ​ដែល​មាន​ពណ៌​ស្អា​តៗ​។​លោកអ្នក​ត្រូវ​ជ្រើសរើស​សៀវភៅ​ដែល​មាន​រូបភាព​ ​និង​ពណ៌​ខុស​ៗ​គ្នា​ឱ្យ​បាន​ច្រើន​ប្រភេទ​ ​ដូចជា​សៀវភៅ​រូប​សត្វស្រុក​ ​សត្វព្រៃ​ ​បក្សី​ ​យានយន្ត​ ​ឬ​សៀវភៅ​បង្ហាញ​ពី​សកម្ម​ភា​ពក្មេងៗ​ ​ដែល​អ្នក​ងាយស្រួល​យក​ផ្សារភ្ជាប់​ចំណេះដឹង​របស់​ពូក​គេ​នៅពេល​ក្រោយ​។​ ​៥​.​ពាក្យ​ចុង​ជួន​ ​និង​ការ​ច្រៀង​៖​ ​ក្មេង​តូច​មិនទាន់​ចេះ​អាន​ទេ​ ​ប៉ុន្តែ​ពួកគេ​អាច​ចងចាំ​បាន​ល្អ​ ​ដោយ​លោកអ្នក​ជា​ឪពុក​ម្តាយ​ ​ទម្លាប់​អាន​ពាក្យ​ចុង​ជួន​ខ្លី​ៗ​ ​ឬ​ចម្រៀង​កូនក្មេង​ជាដើម​។​ ​ព្រោះ​ការ​អាន​ពាក្យ​ចុង​ជួន​ ​ដោយ​ចេះ​លើកដាក់​សម្លេង​ទៅតាម​សាច់រឿង​ ​ធ្វើ​ឱ្យ​ការ​អាន​សៀវភៅ​កាន់តែ​សប្បាយរីករាយ​ ​និង​ជក់ចិត្ត​។​ ​កូន​ៗ​របស់​លោកអ្នក​ ​ប្រហែលជា​ទះដៃ​ ​ស្រែក​ ​ឬ​សើច​ ​ហើយ​លោកអ្នក​ត្រូវ​ចូលរួម​ជាមួយ​ពួកគេ​ ​និង​ធ្វើ​ឱ្យ​ពេលវេលា​អាន​សៀវភៅ​ពោរពេញ​ដោយ​សកម្មភាព​រស់រវើក​។​ ​

​៦​.​ការប្រើ​កាត​មាន​អក្សរ​៖​ ​ការប្រើ​កាត​មាន​អក្សរ​ ​ឬ​ពណ៌​ផ្សេង​ៗ​គ្នា​មក​បង្រៀន​កូន​ ​អាច​ជួយ​ឱ្យ​ពួកគេ​ចំណាំ​អក្សរ​ជាមួយនឹង​ពណ៌​បាន​ដោយ​ងាយ​។​ ​បន្ទាប់មក​ ​មួយ​រយៈ​ក្រោយ​ ​លោកអ្នក​អាច​ចាប់ផ្តើម​ប្រើ​កាត​មាន​រូបភាព​សត្វ​ ​និង​បង្រៀន​ពួកគេ​ឱ្យ​ស្គាល់​សត្វ​ទាំងនោះ​។​ ​
​សមត្ថភាព​ក្នុង​ការ​អាន​ ​មាន​លក្ខ​ណៈ​ខុស​ៗ​គ្នា​ ​ពីក្មេង​ម្នាក់​ទៅ​ក្មេង​ម្នាក់ទៀត​។​ ​ដូច្នេះហើយ​ ​ក្នុងនាម​ជា​ឪពុក​ម្តាយ​ ​លោកអ្នក​ត្រូវ​ណែនាំ​កូន​តាម​សម្រួល​។​ ​ការប្រើ​ឥរិយាបថ​វិជ្ជមាន​ ​និង​ការ​ចេះ​អត់ធ្មត់​ ​នៅក្នុង​ការ​បង្ហាត់​បង្រៀន​កូន​ៗ​ ​នឹង​ជួយ​ឱ្យ​ពួកគេ​ក្លាយជា​អ្នកអាន​ម្នាក់​ពូក​កែ​អាន​ ​ឆាប់​យល់​ ​និង​ក្លាយទៅជា​ក្មេង​ដែល​ចូលចិត្ត​ការ​អាន​៕​

​រក្សាសិទ្ធិ​ដោយ​៖​ ​www.konkmeng.com​