​មាន​ស្ត្រីជា​ច្រើន​ ​ចោទ​ជា​សំនួរ​ថា​ ​តើ​ស្រ្តី​មានផ្ទៃពោះ​ ​អាច​ញ៉ាំ​គ្រឿង​សមុទ្រ​បាន​ឬទេ​?​ ​ហើយ​តើ​ការ​ញ៉ាំ​គ្រឿង​សមុទ្រ​ល្អ​ចំពោះ​សុខភាព​ឬយ៉ាងណា​?​ ​

ចម្លើយ​គឺថា​ ​គ្រឿង​សមុទ្រ​មិន​មាន​សុវត្ថិភាព១០០​%​នោះ​ទេ​ ​ក្នុងអំឡុងពេល​មានផ្ទៃពោះ​។​ ​ជា​ការពិត​ណាស់​ ​គ្រឿង​សមុទ្រ​ទាំងអស់​មិនមែន​សុទ្ធតែ​ល្អ​នោះ​ទេ​ ​តែបើ​មិន​ញ៉ាំ​ត្រី​ទាល់តែសោះ​ ​ក្នុងអំឡុងពេល​មានផ្ទៃពោះ​ ​ក៏​មិនមែន​ជា​គំនិតល្អ​នោះ​ដែរ​។​ ​ពីព្រោះ​ត្រី​ជា​ប្រភព​ដ៏​សម្បូរ​បែប​នៃ​វីតាមីន​ ​រ៉ែ​ ​និង​អាស៊ីត​ខ្លាញ់​ ​Omega3​ ​ដែល​មាន​សារៈសំខាន់​ខ្លាំង​សម្រាប់​ស្ត្រីជា​ម្តាយ​ ​និង​ការលូតលាស់​​របស់​ទារក​ក្នុង​ផ្ទៃ​ផង​ដែរ​។​

​ត្រី​ខ្លះ​ល្អ​សម្រាប់​សុខភាព​ ​ត្រី​ខ្លះ​ក៏​សម្បូរទៅដោយ​សារធាតុ​បារត​។​ ​ត្រី​ខ្លះ​មាន​សារធាតុ​ ​DHA​ ​ដែល​ជា​សារធាតុ​ចាំបាច់​សម្រាប់​កូន​ក្នុង​ផ្ទៃ​ ​ហើយ​ខ្លះទៀត​ក៏​មាន​ផ្ទុក​ជាតិពុល​ ​PCBs​ ​ផង​ដែរ​។​ ​ដូច្នេះ​ ​ចាំបាច់​ណាស់​លោកអ្នក​ត្រូវ​ដឹង​ថា​ ​តើ​ត្រី​ប្រភេទ​ណា​ដែល​គួរតែ​ញ៉ាំ​ ​និង​ត្រី​ប្រភេទ​ណា​ដែល​មិន​គួរ​ញ៉ាំ​។​ ​​អត្ថ​ប្រយោជន៍​នៃ​ការ​ញ៉ាំ​ត្រី​ ​ក្នុងអំឡុងពេល​មានផ្ទៃពោះ​៖​
​យោងាតាម​ភ្នាក់ងារ​រដ្ឋបាល​ផ្នែក​ឱសថ​ ​និង​អាហារ​បាន​បញ្ជាក់​ថា​ ​ស្រ្តី​មានផ្ទៃពោះ​ ​អាច​ញ៉ាំ​ត្រី​បាន១២អោន​ ​(​Ounce​)​ ​ក្នុង​មួយ​សប្តាហ៍​ ​(​ក្នុង១អោន​ ​ស្មើ២៨ក្រាម​)​។​ ​ព្រោះ​ត្រី​ផ្តល់​នូវ​ប្រយោជន៍​ជាច្រើន​ដូចជា​៖​ ​

១.​ត្រី​ ​ជា​ប្រភព​ដ៏​សម្បូរ​បែប​នៃ​សារធាតុ​ស័ង្កសី​ ​ដែក​ ​ប្រូតេអ៊ីន​ ​ដែល​សំខាន់​ខ្លាំង​សម្រាប់​ការលូតលាស់​របស់​ទារក​នៅក្នុង​ផ្ទៃ​។​ ​

២.​អាស៊ីត​ខ្លាញ់​ ​Omega​ ​3​ ​នៅក្នុង​គ្រឿង​សមុទ្រ​ ​អាច​ជួយ​ដល់​ការលូតលាស់​ខួរក្បាល​របស់​ទារក​។​ ​

៣.​ត្រី​ ​មាន​ផ្ទុក​ប្រូតេអ៊ីន​ ​ដែល​ល្អ​ចំពោះ​កូន​ ​ហើយ​ដើរតួ​នាទី​ជា​អាហារ​ដ៏​ចាំបាច់​នៅ​ត្រីមាស​ទី៣​។​

៤.ត្រី​មាន​ខ្លាញ់​តិច​ៗ​ ​សម្បូរ​សារធាតុ​ ​DHA​ ​ដែល​ជួយ​ដល់​ការ​ចងចាំ​ល្អ​របស់​ទារក​ ​ហើយ​ជួយ​ទប់ស្កាត់​ការ​សម្រាលកូន​មិន​គ្រប់ខែ​ ​និង​រក្សា​សំពាធឈាម​ឱ្យ​នៅ​ធម្មតា​ជាដើម​។​
​ជា​រួម​ទៅ​ ​គ្រឿង​សមុទ្រ​ដែល​គួរ​ជៀសវាង​ ​អំឡុង​ពេល​មានផ្ទៃពោះ​ ​មាន​ដូចជា​ ​ក្តាម​ ​អ័​យស្ទឺ​ ​បង្គា​រ​ ​បង្កង​ ​គ្រុំ​ ​កំពឹស​។​ ​បើ​ញ៉ាំ​ត្រី​ ​អ្នក​ត្រូវ​ប្រកដ​ថា​ ​អ្នក​លាង​សម្អាត​វា​បាន​ស្អាត​ ​និង​ចម្អិន​បាន​ឆ្អិន​ល្អ​ ​ព្រោះ​ដើម្បី​ចៀស​វា​បញ្ហា​ទាក់ទង​នឹង​ប្រព័ន្ធ​រំលាយអាហារ​ ​ដែល​អាច​បង្ក​ជា​បញ្ហា​ធ្ងន់ធ្ងរ​ដល់​អ្នក​ ​និង​ទារក​ក្នុង​ផ្ទៃ​៕​

​រក្សាសិទ្ធិ​ដោយ​៖​ ​www.konkmeng.com​