ពាក់ Contact Lenses មើលទៅសង្ហា ឡូយ ស្អាត លើកសម្រស់ តែមកស្វែងយល់ពីផលប៉ះពាល់របស់វា
- សុខភាព
- ខែវិច្ឆិកា 17, 2019
ការពាក់ Contact Lenses ប្រហែលធ្វើឱ្យលោកអ្នកគិតថា អាចមើលច្បាស់ជាងមុន ឬពាក់ទៅផ្តល់ភាពសង្ហារ ឡូយទាន់សម័យ លើកសម្រស់សម្រាប់លោកអ្នក គឺដូចជាតារាមួយចំនួនដែលតែងតែពាក់អញ្ចឹងដែរ។ មិនតែប៉ុណ្ណោះមានភាពងាយស្រួល ដោយវាមិនមានការរំខានដូចវែនតា។
ទោះបីជាយ៉ាងនេះក្តី បើសិនលោកអ្នកមិនបានប្រើ Contact Lenses ឱ្យបានត្រឹមត្រូវតាមក្បួនខ្នាតទេ នោះលោកអ្នកនឹងទទួលរងនូវផលអវិជ្ជមានមួយចំនួននៅរយៈពេលវែងខាងមុខ៖
១.រាំងខ្ទប់ការផ្គត់ផ្គង់អុកស៊ីសែនទៅឱ្យភ្នែក (Blockage of Oxygen Supply to the Eyes)៖ ដោយសារតែ Contact Lenses គឺដាក់ជាប់នឹងកែវភ្នែកតែម្ដង ហើយស្អិតជាប់នឹង កនេ (ជាផ្នែកថ្លានៃគ្រាប់ភ្នែក)រហូត ដូច្នេះចំនួនអុកស៊ីសែនដែលបញ្ចូនទៅកាន់ភ្នែកនឹងធ្លាក់ចុះ។ព្រោះថា អុកស៊ីសែន គឺមានសារៈសំខាន់ណាស់ ក្នុងការរក្សាសុខភាពភ្នែក។ ប្រសិនបើប្រើ លោកអ្នកគូរជ្រើសកញ្ចក់អ៊ីដ្រូជែល ដែលមានសភាពទន់ ឬជាសាច់ស៊ីលីកូន (Soft or silicone hydrogel) ព្រោះវាអាចបញ្ចូលអុកស៊ីសែនបានច្រើនជាងកញ្ចក់ Contact Lensesធម្មតា។ ក្រៅពីនេះ គួរជៀសវាងពាក់ contact lenses រយៈពេលយូរពេក។
២.ធ្វើឱ្យភ្នែកស្ងួត (Dry Eyes)៖ Contact lenses កាត់បន្ថយបរិមាណទឹកភ្នែកដែលស្ថិតលើ កនេ នៃភ្នែក។ កនេ ត្រូវការទឹកភ្នែកដើម្បីរក្សាសំណើម និងភាពរលោងសម្រាប់ខ្លួនវា។ កង្វះទឹកភ្នែកធ្វើឱ្យអ្នកមានជំងឺស្ងួតភ្នែក ហើយបង្កឱ្យភ្នែករមាស់ និងរលាក់។ បើសិន កនេ ស្ងួតពេក វានឹងធ្វើឱ្យភ្នែករបស់លោកអ្នកឈឺចាប់។ បើសិនមានករណីនេះ លោកអ្នកគួរប្រើថ្នាំបន្ដក់ភ្នែកដើម្បីជំនួយឱ្យមានភាពរម្អិលខ្លះដល់ កនេ។
៣.មានប្រតិកម្មជាមួយថ្នាំ ជាពិសេសថ្នាំពន្យាកំណើត៖ អាចធ្វើឱ្យភ្នែកលោកអ្នកឡើងស្ងួតក្រហម និងរលាក់ បើសិនលោកអ្នកប្រើវា អំឡុងពេលប្រើប្រាស់ថ្នាំពន្យាកំណើត។
៤.ឆ្លងមេរោគ៖ Contact lenses មានលក្ខណៈងាយស្រួលក្នុងការធ្វើឱ្យបាក់តេរីភ្ជាប់ខ្លួនរបស់វាទៅនឹងភ្នែក។ កត្តានេះបណ្ដាលឱ្យមានការឆ្លងមេរោគចូលក្នុងភ្នែករបស់លោកអ្នក បើសិនភ្នែករបស់លោកអ្នកមិនស្អាតទេនោះ។ លោកអ្នកគួរតែត្រូវប្រាកដថា នៅពេលប្រើប្រាស់ឧបករណ៍ផ្សេងៗសម្រាប់ផ្លាស់ប្ដូរ ឬដាក់ Contact Lenses ចូលភ្នែក គឺឧបករណ៍ទាំងនោះ ត្រូវតែមានអនាម័យ និងស្អាតគ្រប់គ្រាន់។ ៥.Ptosis វាជាលក្ខណៈដែលត្របកភ្នែកចាប់ផ្ដើមហៀរ ហើយបង្កឱ្យលោកអ្នកមិនអាចបើកភ្នែកបានពេញលេញ។ ប្រសិនបើលោកអ្នកប្រើ contact lenses វានឹងធ្វើឱ្យជាលិកាត្របកភ្នែកមានបញ្ហា កន្រ្ដាក់ និងបង្កស្លាកស្នាមជាដើម ហើយធ្ងន់ធ្ងរជាងនេះទៀត គឺបង្កឱ្យមានស្នាមជ្រួញខ្វែងចុះឡើងនៅត្របកភ្នែក។ ដោយសារត្របកភ្នែកត្រូវព្រិច នៅពេលដែលលោកអ្នកដក Contact lenses ចេញម្តងៗ ដូច្នេះវាប្រាកដជាប៉ះពាល់ទៅនឹង Contact lenses ហើយ។ លោកអ្នកគួរប្រើ Contact lenses ដែលទន់។
៦.ដំបៅលើ កនេ បង្កការឈឺចាប់ដោយសារការឆ្លងមេរោគពីផ្សិត បាក់តេរី និងប៉ារ៉ាសិត។ មេរោគទាំងនោះ នឹងធ្វើឱ្យកនេ កើតដំបៅ។ ដំបៅលើ កនេ អាចធ្វើឱ្យភ្នែករបស់លោកអ្នកងងឹត បើសិនមិនព្យាបាលទាន់ពេល។ បើសិនលោកអ្នកដើរដល់ដំណាក់កាលងងឹតភ្នែកហើយនោះ វិធីសាស្ត្រតែមួយគត់សម្រាប់ដោះស្រាយ គឺបកផ្លាស់ប្ដូរកនេថ្មី។
ក្រោយបានអានអត្ថបទនេះហើយ តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះការប្រើប្រាស់ Contact Lenses របស់លោកអ្នកកន្លងមក។ ទោះបីយ៉ាងណា លោកអ្នកគួរតែមានការប្រុងប្រយ័ត្នបន្ថែមទៀត ពីព្រោះកែវភ្នែកទាំងគូរនេះ គឺពិតជាមានតម្លៃខ្លាំងណាស់ មានតម្លៃលើសពីភាពស្អាត សង្ហារ ឡូយ ទាក់ទាញ ដែលលោកអ្នកចង់ឱ្យគេឃើញពេលដែលពាក់ Contact Lenses ទៅទៀត។ ដូច្នេះ គួរតែថែរក្សាឱ្យបានល្អ និងត្រឹមត្រូវ៕
រក្សាសិទ្ធិដោយ៖ www.konkmeng.com