«​ផ្តើម​ក្តី​ស្រមៃ​ ​ដៃ​កាន់​សៀវភៅ​» ​គឺជា​ពាក្យស្លោក​ដ៏​មាន​អត្ថន័យ​ទូលំទូលាយ​ ​នៅក្នុង​កម្ម​វិ​ធី​ពិ​ព័​ណ​សៀវភៅ​ថ្នាក់​ជាតិ​ ​លើក​ទី៨​ ​ឆ្នាំ២០១៩​ ​ដែល​ទើប​បញ្ចប់​ទៅ​ថ្មី​ៗ​។​ ​ការ​អាន​ ​គឺជា​ចំណែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ខ្លួន​ ​ដើម្បី​អាច​ក្លាយជា​មនុស្សម្នាក់​ដែល​ជោគជ័យ​នៅក្នុង​ជីវិត​។​

​មនុស្ស​ដែល​មានទម្លាប់​ក្នុង​ការ​អាន​សៀវភៅ​ភាគច្រើន​ ​គឺ​ខួរក្បាល​របស់​ពួកគេ​មាន​ភាព​វៃឆ្លាត​ ​គិ​ត​អ្វី​ៗ​បាន​រហ័ស​លឿន​ជាង​អ្នក​ដែល​ពុំសូវ​ ​ឬមិន​ដែល​អាន​សៀវភៅ​។​ ​ខាងក្រោម​នេះ​ជា​របៀប​ ​ឬ​ជា​វិធី​សាស្រ្ត​មួយចំនួន​ក្នុង​ការ​ជួយ​ឱ្យ​កូន​ៗ​លោកអ្នក​ ​ចូលចិត្ត​ការ​អាន​ ​និង​ក្លាយជា​អ្នកអាន​ដ៏​ពូកែ​៖​

​១​.​បណ្ដុះ​គំនិត​ស្រលាញ់​សៀវភៅ​៖​ ​ជាដំបូង​យើង​គួរតែ​បណ្តុះ​ទម្លាប់​ក្នុង​ការ​ស្រលាញ់​សៀវភៅ​ដល់​ពួកគាត់​ ​ដោយ​ត្រូវ​ជ្រើសរើស​សៀវភៅ​សម្រាប់​ក្មេង​ៗ​ ​ដូចជា​សៀវភៅ​រូបភាព​ ​សៀវភៅរឿង​និទាន​ជាដើម​ ​ដែល​អាច​ឱ្យ​ពួកគាត់​មើល​ហើយ​ ​អាន​ហើយ​ ​សប្បាយចិត្ត​ ​ចង់​មើល​ចង់​អាន​ម្តងហើយម្តងទៀត​។​ ​​២​.​បណ្ដុះ​ទម្លាប់​ការ​អាន​៖​ ​តើ​យើង​គួរ​បណ្ដុះ​ទម្លាប់​នៅក្នុង​ការ​អាន​សៀវភៅ​សម្រាប់​កូន​ៗ​ ​តាមរបៀប​ណា​?​ ​ពិតមែនហើយ​ ​កុំ​ថា​ឡើ​យក្មេងៗ​ ​សូម្បី​មនុស្ស​មាន​អាយុ​ច្រើន​មួយចំនួន​ធំ​ ​ក៏​មិន​ចូលចិត្ត​នៅក្នុង​ការ​អាន​សៀវភៅ​ដែរ​ ​ចុះ​ទម្រាំ​ក្មេង​តូច​ៗ​?​ ​ឪពុក​ម្តាយ​ ​ឬ​អាណាព្យាបាល​គួរ​ផ្តើម​ពី​ចំណុច​លើកទឹកចិត្ត​ ​និង​ជំរុញ​ឱ្យ​កូន​ៗ​ស្រលាញ់​សៀវភៅ​ជាមុន​សិន​។​ ​ចំណុច​មួយទៀត​ ​ពេលទំនេរ​ ​ឬ​ក្រោយ​អាហារ​ពេលល្ងាច​មុន​ចូលគេង​ ​លោកអ្នក​គួរ​ចំណាយពេល​ពី២០នាទី​ ​ឬ​កន្លះម៉ោង​ ​ជា​ទៀងទាត់​ ​រៀងរាល់ថ្ងៃ​ ​ដើម្បី​អាន​សៀវភៅ​ឱ្យ​កូន​ស្តាប់​។​

​៣​.​ពន្យល់​កូន​ឱ្យ​យល់​ពីអ​ត្ថ​ប្រយោជន៍​របស់​សៀវភៅ​៖​ ​តម្លៃ​របស់​សៀវភៅ​មិន​ស្ថិតនៅ​លើ​ ​មានតម្លៃ​ថោក​ ​ឬ​តម្លៃ​ថ្លៃ​នោះ​ទេ​ ​តាមពិត​ទៅ​គុណ​តម្លៃ​របស់​សៀវភៅ​ ​គឺ​អាស្រ័យ​លើ​ខ្លឹមសារ​នៅ​ខាងក្នុង​នៃ​អត្ថបទ​នី​មួយ​ៗ​ប៉ុណ្ណោះ​។​ ​នៅត្រង់​ចំណុច​នេះ​ ​អាណាព្យាបាល​គួរ​ពន្យល់​កូន​ៗ​របស់​លោកអ្នក​អំពី​គុណប្រយោជន៍​របស់​សៀវភៅ​ ​ប្រភេទ​សៀវភៅ​ដែល​គួរ​ជ្រើសរើស​សម្រាប់​អាន​។​សរុប​មកវិញ​ ​ដូច​ពាក្យ​ដែល​បុគ្គល​ជោគជ័យ​ជាច្រើន​តែង​បាន​លើកឡើង​ថា​ ​រាងកាយ​មនុស្សយើង​គ្រប់គ្នា​ ​គឺ​ត្រូវការ​ចំណី​អា​ហារ​ផ្សេង​ៗ​ដើម្បី​ទ្រទ្រង់​ការរស់រាន​មានជីវិត​ ​ចំណែក​ខួរក្បាល​ ​ក៏​ត្រូវការ​ចំណីអាហារ​ផង​ដែរ​ ​គឺ​ការ​អាន​ ​និង​ការសិក្សា​រៀនសូត្រ​។​

​ដូច្នេះ​ ​ឪពុក​ម្តាយ​ ​ឬ​អាណាព្យាបាល​ ​ដែល​ប្រាថ្នា​ឱ្យ​កូន​ៗ​ទទួល​បាន​ជោគជ័យ​នៅក្នុង​ជីវិត​ទៅ​ថ្ងៃ​អនាគត​ ​គួរ​បណ្តុះ​ទម្លាប់​ឱ្យ​ពួកគាត់​ស្រលាញ់​សៀវភៅ​ ​ចូលចិត្ត​អាន​សៀវភៅ​។​ ​សៀវភៅ​ ​គឺជា​ទីប្រឹក្សា​ជីវិត​ដ៏​មានតម្លៃ​បំផុត​៕​

រក្សាសិទ្ធិដោយ៖ www.konkmeng.com

រូបភាពពីហ្វេសបុក Cambodia Book Fair