​នៅក្នុង​អំឡុង​ពេល​នៃ​ការ​ចម្រើន​វ័យ​ ​ជាពិសេស​គឺ​ចន្លោះ​អាយុ១០ទៅ១៨ឆ្នាំ​ ​ក្មេង​ៗ​ច្រើនតែ​មានចិត្ត​ឆេវ​ឆៅ​ ​ដែល​ខ្មែរយើង​ច្រើន​និយាយ​ថា​ ​«​នៅក្មេង​ឈាមរាវ​»​។​ ​ក្នុង​ស្ថានភាព​បែបនេះ​ ​បើសិន​មិន​ទទួល​បានការ​អប់រំ​ល្អ​ពី​អាណាព្យាបាល​ ​ឬ​ឪពុក​ម្តាយ​ទេ​ ​ក្មេង​ៗ​ទាំងនោះ​អាច​ប្រឈម​មុននឹង​អនាគត​ដ៏​ខ្មៅ​ងងឹត​។​ ​តើ​អាណាព្យាបាល​ ​ឬ​ឪពុកម្ដាយ​ទាំងឡាយ​ ​គួរតែ​ធ្វើ​ដូចម្ដេច​ដើម្បី​គ្រប់គ្រង​ ​អប់រំ​កូន​របស់​ខ្លួន​នៅពេល​ពួកគាត់​កើតមាន​កំហឹង​?​ ​

​១​.​បង្ហាត់​កូន​របស់​លោកអ្នក​អំពី​ផ្លូវ​អារម្មណ៍​ ​(​Teach​ ​your​ ​child​ ​about​ ​feelings​)​ ​
​ជា​ធម្មតា​ទេ​ក្មេង​ៗ​ ​ចូលចិត្ត​វាយ​នេះ​វាយ​នោះ​ ​ឬ​បោកប្រាស់​របស់​របរ​ផ្សេង​ៗ​ ​នៅពេល​ពួកគេ​មាន​កំ​ហឹង​ម្តង​ៗ​។​ ​ដូច្នេះ​ ​ដើម្បី​គ្រប់គ្រង​ ​និង​ដោះស្រាយ​ចំពោះ​ឥរិយាបថ​របស់​ពួកគេ​ ​លោកអ្នក​ដែល​ជា​អាណាព្យាបាល​ ​គួរ​ចាប់ផ្តើម​បង្រៀន​ឱ្យ​កូន​ៗ​ ​ចេះនិយាយ​បង្ហាញ​ពី​អារម្មណ៍​ដែល​នាំ​ឱ្យ​ពួកគេ​ខឹង​ ​ឬមិន​សប្បាយចិត្ត​ ​ជាដើម​។ចំណែក​លោកអ្នក​ក៏​គួរតែ​មាន​ពាក្យ​សម្តី​សួរនាំ​ទៅ​ពួកគេ​វិញ​ដែរ​ ​ដូចជា​សួរ​ថា​ ​«​កូន​មើលទៅ​ហាក់បីដូចជា​មិន​សប្បាយចិត្ត​?​ ​ឬ​លោកអ្នក​អាច​ប្រើប្រាស់​ពាក្យ​សម្តី​ផ្សេង​ដូចជា​ ​ប៉ា​ម៉ាក​ ​មើលទៅ​កូន​ដូចជា​ ​ក្រៀមក្រំ​,​ ​មុខស្រពោន​,​ ​អន់ចិត្ត​,​ ​មិន​ស្រួលខ្លួន​.​.​.​។​ ​តើ​កូន​មានរឿង​អ្វី​អាច​ប្រាប់​ម៉ាក​ ​ឬ​ប៉ា​ ​បានទេ​?​ ​ប៉ា​ម៉ាក​ ​ប្រាកដជា​អាច​ជួយ​ដោះស្រាយ​កូន​បាន​។​ ​នៅពេល​ដែល​លោកអ្នក​ឧស្សាហ៍​ប្រើពាក្យ​ទាំងអស់​នេះ​ពួកគាត់​នឹង​ចាប់ផ្ដើម​និយាយ​ពាក្យ​ទាំងនោះ​បន្ដិច​ម្ដង​ៗ​ ​គ្រប់ពេល​ដែល​ពួកគេ​មាន​បញ្ហា​ ​ឬ​មាន​កំហឹង​។​ ​កាលដែល​អាច​និយាយ​អារម្មណ៍​របស់​ខ្លួន​ចេញ​មក​ក្រៅ​ ​ប្រាប់​អ្នកដទៃ​បាន​ ​គឺជា​វិធី​មួយ​អាច​បន្ធូរ​អារម្មណ៍​តានតឹង​ក្នុងចិត្ត​ ​និង​អាច​បំបាត់​ការ​ខឹង​ក្រេវក្រោធ​បាន​។​

​២​.​ផ្តល់​ការ​លួងលោម​ ​និង​ការ​ស្រឡាញ់​ ​(​Give​ ​comfort​ ​and​ ​Affection​)​ ​
​ត្រូវ​ធ្វើ​ឱ្យ​កូនលោក​អ្នកមាន​អារម្មណ៍​ថា​ ​អ្នក​យកចិត្ត​ទុកដាក់​អំពី​ស្ថានភាព​ ​និង​អារម្មណ៍​របស់​ពួកគាត់​។​ ​ចំពោះ​ក្មេង​ដែល​ទើប​ចេះ​ដើរ​តេះតះ​ ​អាច​នឹង​ស្ងប់​អារម្មណ៍​ ​នៅពេល​មាន​វត្តមាន​របស់​លោកអ្នក​មើលថែ​គាត់​។​ ​ម្យ៉ាងវិញទៀត​ ​ការ​ឱប​ថើប​ ​គឺជា​វិធី​សា​ស្រ្​ដមួយ​ដែល​ធ្វើ​ឱ្យ​កូន​របស់​លោកអ្នក​មាន​ភាព​កក់ក្ដៅ​ ​និង​ធូរស្បើយ​អារម្មណ៍​។​

​សម្រាប់​ក្មេង​វ័យ​ខ្ទង់១០ឆ្នាំ​ជាង​វិញ​ ​លោកអ្នក​គួរ​ទៅ​បន្ទប់​និយាយ​ណែនាំ​គាត់​ដោយចិត្ត​ត្រជាក់​ ​ពាក្យសម្ដី​លួងលោម​ ​ពន្យល់​ឱ្យ​ពួកគាត់​យល់​ពី​អ្វី​ខុស​ ​អ្វី​ត្រូវ​ ​អ្វី​គួរ​ធ្វើ​ ​និង​អ្វី​មិន​គួរ​ធ្វើ​ ​ជាដើម​។​ ​ការ​ជជែកគ្នា​ពីដើម​ហេតុ​នៃ​បញ្ហា​ ​អាច​ជួ​យកូនៗ​របស់​លោកអ្នក​ ​រំសាយកំហឹង​ ​និង​បន្ធូរ​អារម្មណ៍​បាន​មួយ​ចំណែក​។​ ​​៣​.​ធ្វើជា​គំរូ​ល្អ​សម្រាប់​កូន​ៗ​ ​(​Set​ ​a​ ​good​ ​example​)​ ​
​ទង្វើ​ ​និង​ឥរិយាបថ​របស់​ឪពុក​ម្តាយ​ ​ងាយ​នឹង​ឱ្យ​ក្មេង​ៗ​ធ្វើត្រាប់​តាមយើង​ដែល​ជា​មនុស្ស​ពេញវ័យ​។​ ​ដូច្នេះ​ ​ពេល​ដែល​លោកអ្នក​ខឹង​អ្វីមួយ​ ​លោកអ្នក​គួរ​កុំ​ប្រើ​អាកប្ប​កិរិយា​មិនល្អ​ឱ្យ​កូន​ឃើញ​ ​ព្រោះ​ពួកគាត់​អាច​នឹង​យក​គំរូ​តាម​។​

​៤​.​សរសើរ​អាកប្ប​កិរិយា​ល្អ​របស់​កូន​ ​(​Praise​ ​good​ ​Behavior​)​
​លោកអ្នក​ត្រូវ​សរ​សើ​រកូនៗ​ ​នៅពេល​ដែល​ពួកគាត់​អាច​គ្រប់គ្រង​កំហឹង​របស់​ខ្លួន​បាន​ល្អ​ ​មិន​បោ​ក​ប្រាស់​ឥ​វ៉ា់​ន់​ ​ឬមិន​ប្រើ​អាកប្ប​កិរិយា​អវិជ្ជមាន​ណាមួយ​។​ ​ការ​ធ្វើបែប​នេះ​ ​នឹង​ធ្វើ​ឱ្យ​ក្មេង​ៗ​កាន់តែ​មានចិត្ត​ក្នុង​ការ​ធ្វើ​ទង្វើ​ល្អ​នេះ​ ​កាន់តែ​ប្រសើរ​ឡើងជា​លំដាប់​។

​ក្រៅពី​នេះ​ ​ក្នុងនាម​ជា​អាណាព្យាបាល​ ​លោកអ្នក​គួរតែ​ព្យាយាម​បង្កើត​កម្ម​វិ​ធី​សប្បាយ​ៗ​ដល់​កូន​ ​ដូចជា​ ​អាន​សៀវភៅ​ឱ្យ​កូន​ស្ដាប់​មុន​ចូលគេង​ ​ទិញ​របស់​ក្មេង​លេង​ឱ្យ​គាត់​ ​គូររូប​ ​ផាត់ពណ៌​ ​នាំ​គាត់​ទៅដើរ​លេង​នៅ​សួនច្បារ​សាធារណៈ​ជាដើម​។​ ​ម្យ៉ាងទៀត​ ​ត្រូវ​ជៀសវាង​កុំឱ្យ​កូន​មើល​វីដេអូ​ ​ឬភាព​យន្ដ​ណា​ដែល​ពោរពេញ​ទៅ​ដោយ​ហិង្សា​ ​ព្រោះ​វា​អាច​ដក់ជាប់​ក្នុង​អារម្មណ៍​របស់​ពួកគាត់​ ​ធ្វើ​ឱ្យ​ពួកគាត់​ងាយ​នឹង​ត្រាប់តាម​៕​

​រក្សាសិទ្ធិ​ដោយ​៖​ ​www.konkmeng.com​