​ក្រុម​អ្នកស្រាវជ្រាវ​មក​ពី​អង្គការសុខភាព​ពិភពលោក​(​WHO​)​ ​និង​អង្គការ​យូនី​សែ​ហ្វ​(​Unicef​)​ ​បាន​ធ្វើការ​ប៉ាន់ស្មាន​ថា​ ​មាន​កុមារ​ចំនួន៨០ម៉ឺន​នាក់​នៅ​ទូទាំង​ពិភពលោក​ស្លាប់​ជាង​រៀងរាល់​ឆ្នាំ​ ​ដោយសារ​កង្វះ​ការ​ចិញ្ចឹម​បីបាច់​ដោយ​ទឹកដោះ​ម្ដាយ​។​ ​ទោះ​យ៉ាងណា​ ​កត្តា​នេះ​អាច​នឹង​បង្ការ​បាន​ ​បើសិនជា​មនុស្ស​ទូទាំង​ពិភពលោក​ ​ងាក​មក​ជ្រើសរើស​វិធី​ចិញ្ចឹម​ទារក​ដោយ​ទឹកដោះ​ម្ដាយ​វិញ​។​ ​នេះ​បើ​យោង​តាម​របាយការណ៍​របស់​សារព័ត៌មាន​ផ្នែក​វេជ្ជ​សា​ស្ត្រ​ ​The​ ​Lancet​។​ ​

​អ្នកជំនាញ​ព្រមាន​ថា​ ​ប្រទេស​អង់គ្លេស​ ​គឺជា​ប្រទេស​ដែល​មាន​អត្រា​បំបៅ​កូន​ដោយ​ទឹកដោះ​ម្ដាយ ក្នុង​រយៈពេល​វែង​ខ្លី​បំផុតនៅ​លើ​ពិភពលោក​ ​ហើយ​កត្តា​នេះ​អាច​មាន​គ្រោះថ្នាក់​ដល់​ជីវិត​របស់​ទារក​។​ ​មាន​ចំនួន​តែ០.៥​%​នៃ​ចំនួន​ក្មេង​ទូទាំង​ប្រទេស​អង់គ្លេស​ ​ដែល​ទទួល​បានការ​ចិញ្ចឹម​ដោយ​ទឹកដោះ​ម្ដាយ​រយៈពេល១ឆ្នាំ​ពេញ​។​ ​បើ​ធៀប​ទៅ​នឹង​ប្រទេស​ផ្សេង​ៗ​វិញ​ ​ឃើញថា​ ​ហាក់បីដូចជា​ខុសគ្នា​ឆ្ងាយណាស់​ ​ដោយ​ប្រទេស​ឥណ្ឌា​មាន​ចំនួន​ដល់ទៅ៩២​%​ ​ញូ​ហ្សេ​ឡែ​ន​មាន​ចំនួន៤៤​%​ ​និង​អាមេរិក​មាន​ចំនួន២៧​%​។​

​សាស្រ្ដា​ចារ្យ​ ​រ៉ា​ស់​សែល​ ​វី​ន​ណ័រ​ ​(​Russell​ ​Viner​)​ ​ដែល​មក​ពី​មហាវិទ្យាល័យ​ ឱសថ​សា​ស្ត្រ​ ​និង​សុខភាព​កុមារ​ ​(​Royal​ ​College​ ​of​ ​Paediatrics​ ​and​ ​Child​ ​Health​)​ ​បាន​ថ្លែងប្រាប់​សារព័ត៌មាន​អង់គ្លេស​ ​The​ ​Daily​ ​Mail​ ​ថា​៖​ ​«​អត្ថ​ប្រយោជន៍​នៃ​ការ​ចិញ្ចឹម​កូន​ដោយ​ទឹកដោះ​ម្ដាយ​ ​ត្រូវ​បាន​ផ្សព្វផ្សាយ​ឱ្យ​យល់ដឹង​ជា​សាធារណៈ​ ​ប៉ុន្ដែ​ការ​ខិតខំ​ប្រឹងប្រែង​ផ្សព្វផ្សាយ​មួយ​នេះ​ ​មានប្រសិទ្ធភាព​ក្នុងរយៈពេល​ខ្លី​ខ្លាំង​ណាស់​។​ ​ចំណែក​ឯ​លទ្ធផល​វិញ​ ​គឺ​កំពុងតែ​ឆក់​យកជីវិត​កុមារ​ហើយ​»​។​​វេជ្ជបណ្ឌិត​ ​ម៉ា​ទីន​ ​វ៉ដ​ផ្លា​ត​ ​(​Martin​ ​Ward​-​Platt​)​ ​អ្នក​ឯកទេស​ផ្នែក​ពិគ្រោះ​យោបល់​ឱសថ​ព្យាបាល​កុមារ ​នៃ​មន្ទីរពេទ្យ​ភូមិន្ទ​វី​ក​តូ​រី​ញ៉ូ​ខេ​ស្ត​ល​ ​(​Newcastle’s​ ​Royal​ ​Victoria​ ​Infirmary​)​ ​បាន​និយាយ​ថា​«​មានការ​ផ្លាស់ប្ដូរ​វប្បធម៌​ខ្លាំង​ ​បន្ទាប់ពី​សង្រ្គាម​លោក​លើក​ទី២ត្រូវ​បាន​បញ្ចប់​។​ ​បច្ចេកវិទ្យា​ ​និង​វិទ្យា​សា​ស្ត្រ​ ​បាន​ធ្វើឱ្យ​មានការ​ផ្លាស់ប្ដូរ​ទម្រង់​បែបបទ​នៃ​ការ​ចិញ្ចឹម​ទារក​»​។​ ​

​ការ​ចិញ្ចឹមទារក​ដោយ​ទឹកដោះ​ម្ដាយ​ត្រូវ​បាន​បង្ហាញថា​ ​អាច​កាត់បន្ថយ​ភាពធាត់​លើស​ទម្ងន់​របស់​ក្មេង​ ​អត្រា​នៃ​ជំងឺ​ទឹកនោមផ្អែម​ ​និង​ការ​ឆ្លង​រោគ​នានា​។​ ​វា​មិន​ត្រឹមតែ​អាច​កាត់បន្ថយ​ហានិភ័យ ​នៃ​ការ​ស្លាប់​ដោយ​មិនដឹង​មូលហេតុ​របស់​ទារក​(​sudden​ ​infant​ ​death​)​នោះ​ទេ​ ​ថែមទាំង​អាច​បង្កើន​ភាព​វ័យ​ឆ្លាត​ដល់​ពួកគាត់​ទៀតផង​។​ ​

​ចំណែក​ឯ​អត្ថ​ប្រយោជន៍​ចំពោះ​ស្រ្ដី​​ដែល​បំបៅ​កូន​ដោយ​ទឹកដោះ​ខ្លួន​ផ្ទាល់​វិញ​ ​គឺ​មាន​ហានិភ័យ​ទាប​បំផុត​ ​ចំពោះ​ការ​កើតជំងឺ​មហារីក​សុដន់​។​ ​អ្នកស្រាវជ្រាវ​ប៉ាន់ស្មាន​ថា​ ​ជីវិត​ស្រ្ដី​ចំនួន២ម៉ឺន​នាក់​នៅ​ទូទាំង​ពិភពលោក​ ​គួរតែ​អាច​ស្រោចស្រង់​បាន​ ​បើ​ពួកគាត់​បំបៅ​កូន​ដោយ​ទឹកដោះ​របស់​ខ្លួន​៕​

រក្សាសិទ្ធិដោយ៖ www.konkmeng.com