​ជាទូទៅ​ ​ឪពុក​ម្តាយ​ ​និង​អាណាព្យាបាល​ ​តែងតែ​ចង់ឱ្យ​កូន​តូច​ៗ​របស់​ខ្លួន​ធំឡើង​ក្លាយជា​មនុស្ស​ល្អ​ ​ក្លាយជា​មនុស្ស​អស្ចារ្យ​។​ ​តែនៅពេល​ឃើញ​សកម្មភាព​ ​ឬ​ឥរិយាបទ​របស់​ពួកគេ​ធ្វើខុស​ពី​ការណែនាំ​របស់​ខ្លួន​ ​តែងតែ​គិតថា​ ​កូន​មិន​ស្តាប់​បង្គាប់​ ​ថា​ជា​កូន​មិនល្អ​ជាដើម​។​ ​ផ្អែក​តាម​ការសិក្សា​ស្រាវជ្រាវ​បង្ហាញថា​ ​នៅពេល​កុមារ​មាន​អាយុ២ឆ្នាំ​ ​ពួកគេ​ចាប់ផ្តើម​អាច​យល់ដឹង​ពី​អ្វី​ដែល​ត្រូវ​ ​និង​អ្វី​ដែល​ខុស​ ​បើ​ទោះ​មិន​មានការ​ពន្យល់​ដោយ​ពាក្យ​សម្តី​របស់​ពួកគេ​ក៏ដោយ​។

​តាម​អ្នកជំនាញ​ផ្នែក​ចិត្តសាស្ត្រ​មក​ពី​សហរដ្ឋអាមេរិក​ ​លោក​បណ្ឌិត​ ​ទាវ​ ​សម​រាសី​ ​បាន​លើកឡើង​ថា​ ​«​ចង់​ក្លាយជា​ឪពុក​ម្តាយ​ល្អ​ ​ត្រូវ​ក្លាយជា​អ្នក​ចិត្តសាស្ត្រ​ជាមុន​»​។​ ​លោក​បាន​ពន្យល់​នៅត្រង់​ចំណុច​នេះ​ថា​ ​ការ​ដែ​លកូនៗ​មិន​ធ្វើតាម​ការណែនាំ​របស់​ឪពុក​ម្តាយ​ ​ឬ​អាណាព្យាបាល​ ​មិនមែន​មក​ពី​កូន​នោះ​ទេ​ ​គឺ​ភាគច្រើន​មក​ពី​ឪពុក​ម្តាយ​ខ្លួនឯង​ ​ដែល​មិន​យល់​ពី​សភាព​លក្ខណៈ​របស់​កូន​។​​ការស្រាវជ្រាវ​មួយទៀត​បញ្ជាក់​ថា​ ​នៅក្នុង​រយៈពេល៥ឆ្នាំ​ដំបូង​ ​គឺជា​ពេលវេលា​មួយ​ ​ដែល​ក្មេង​កំពុង​មានការ​រីកចម្រើន​ផ្នែក​រាងកាយ​ ​គំនិត​ស្មារតី​ ​ហើយ​ទទួលយក​សកម្ម​ភាព​ផ្សេង​ៗ​របស់​មនុស្ស​នៅ​ជុំវិញ​ខ្លួន​ ​និង​ជា​ពេលវេលា​ដែល​ពួកគេ​អាច​បង្ហាញ​ពី​ចំណង់​ចំណូលចិត្ត​ ​បង្ហាញ​ពី​ទំនុកចិត្ត​របស់​ពួកគេ​តាមរយៈ​សកម្ម​ភាព​ផ្សេង​ៗ​ ​ដែល​សកម្មភាព​ខ្លះ​អាច​ធ្វើ​ឱ្យ​ឪពុក​ម្តាយ​ខ្លះ​យល់ថា​មិនល្អ​ក៏​មាន​។​

​លោក​បណ្ឌិត​ ​ទាវ​ ​សម​រាសី​ ​បានឱ្យ​ដឹង​ទៀត​ថា​ ​ត្រូវ​ស្វែងយល់​ឱ្យ​បាន​ច្រើន​ពី​កូន​ ​ទើប​ដឹង​ថា​ ​កូន​យើង​ ​ពួកគេ​អស្ចារ្យ​ប៉ុណ្ណា​ ​និង​មាន​ជំនាញ​ទៅលើ​ផ្នែក​អ្វី​។​ ​ការណ៍​ដែល​មិន​ទទួលយក​ភាព​ប្លែក​ ​ដែល​បង្ហាញ​តាមរយៈ​ការ​វិវឌ្ឍ​នៃ​អ​ត្ត​ចរិ​ក​ ​បុគ្គលិក​លក្ខណៈ​របស់​ពួកគេ​ដែល​ខុសពី​យើង​ ​មានន័យថា​ ​គឺជា​ការទប់ស្កាត់​នូវ​ការលូតលាស់​ផ្នែក​គំនិត​បញ្ញា​របស់​កូន។​ម្យ៉ាងទៀត​ ​ការ​ហាមឃាត់​កូន​មិន​ឱ្យធ្វើ​អ្វីមួយ​ដែល​ពួកគេ​ចង់​ធ្វើ​ ​នឹង​ធ្វើ​ឱ្យ​ក្មេង​បាត់​ភាព​ក្លាហាន​ ​បាត់បង់​ទំនុកចិត្ត​។​ ​ទោះ​យ៉ាងណា​ ​ឪពុក​ម្តាយ​ក៏​មិន​គួរ​បណ្តោយ​ឱ្យ​ពួកគេ​ធ្វើអ្វី​តាមចិត្ត​ ​គួរ​មាន​ដែន​កំណត់​នៅក្នុង​ការជំរុញ​ ​និង​លើកទឹកចិត្ត​ដល់​ពួកគេ​នៅក្នុង​ការ​ធ្វើអ្វី​មួយ​ដែល​មិន​នាំ​ឱ្យ​មាន​គ្រោះថ្នាក់​។​

​នៅ​ចុងក្រោយ​ ​លោក​បណ្ឌិត​ ​ទាវ​ ​សម​រាសី​ ​បាន​ចែករំលែក​នូវ​បទ​ពិ​សោ​ធ​ខ្លះ​ៗ​ជុំវិញ​ការ​ចិញ្ចឹម​ ​អប់រំ​កូន​ ​ក្នុង​ន័យ​យ៉ាងនេះ​ថា​ ​បើ​ពិតជា​ស្រលាញ់​កូន​ខ្លាំង​ ​ចង់ឱ្យ​កូន​ល្អ​ ​ឆ្លាត​ពូកែ​ ​មុន​សម្រេច​ថាត្រូវ​មានកូន​ ​គប្បី​មាន​ផែនការ​ត្រឹមត្រូវ​ជាមុន​ ​និង​គិត​នៅក្នុង​វិធី​ដើម្បី​អាច​ចិញ្ចឹម​ ​និង​អប់​រំ​កូន​ៗ​ ​ឱ្យ​ក្លាយជា​មនុស្ស​អស្ចារ្យ​ម្នាក់​ទៅ​ថ្ងៃខាងមុខ​៕

​រក្សាសិទ្ធិ​ដោយ​៖​ ​www.konkmeng.com​