ការសិក្សាថ្មីបានបង្ហាញថា បើអ្នកកាន់តែឱបកូនរបស់ខ្លួន នោះខួរក្បាលពួកគេ នឹងកាន់តែលូតលាស់ខ្លាំង
- ចិត្តសាស្ត្រ
- ខែតុលា 31, 2019
ការស្រលាញ់ និងការចូលចិត្ត មានសារៈសំខាន់ណាស់សម្រាប់ភាពវិជ្ជមានទាំងផ្លូវអារម្មណ៍ និងការលូតលាស់របស់រាងកាយ។ នៅពេលដែលយើងសោកសៅ ឬខូចចិត្ត ការឱបដ៏កក់ក្តៅមួយអាចជួយកាត់បន្ថយការប៉ះទង្គិចផ្លូវចិត្តទាំងនោះបាន។ នៅពេលយើងចង់ចែករំលែកភាពរីករាយ ត្រេកអរ យើងក៏អាចផ្ដល់ឲ្យអ្នកដទៃដោយការឱបផងដែរ។
ក្នុងន័យនេះ តាមការសិក្សាបែបវិទ្យាសាស្ត្រថ្មីបានបង្ហាញថា ការឱបមានសារៈសំខាន់ណាស់សម្រាប់កូនៗរបស់លោកអ្នក។ ការឱបរយៈពេល២០វិនាទី អាចជួយឱ្យកូនអ្នកមានភាពវាងវៃ សុខភាពល្អ រីករាយ មានភាពអត់ធន់ និងជិតស្និទ្ធជាមួយឪពុកម្តាយ។
ការលូតលាស់របស់ក្មេងតូច ត្រូវការការរំញោចញ្ញាណផ្សេងៗសម្រាប់ការអភិវឌ្ឍន៍។ ការប៉ះពាល់រវាងស្បែកនិងស្បែក គឺជាការរំញោចដ៏សំខាន់បំផុតមួយ ដែលធ្វើឱ្យមានការរីកចម្រើនផ្នែកខួរក្បាល និងសុខភាពល្អ។
ករណីសិក្សាខាងលើ បានគូសបញ្ជាក់ឲ្យដឹងដែរថា មិនមែនការប៉ះគ្រប់ប្រភេទសុទ្ធតែមានប្រយោជន៍ទេ គឺមានតែការប៉ះបែបចិញ្ចឹមបីបាច់ ការឱបថ្នមៗប៉ុណ្ណោះ ទើបអាចផ្តល់នូវការជម្រុញភាពវិជ្ជមានដល់ខួរក្បាលក្មេងបាន។ នៅពេលដែលកុមារខ្វះខាតការប៉ះពាល់ស្បែក និងស្បែក ឬការឱបពីយើង នោះរាងកាយរបស់ពួកគេនឹងឈប់លូតលាស់ បើទោះបីទទួលទានសារធាតុចិញ្ចឹមក៏ដោយ។
កង្វះការលូតលាស់នេះ អាចនឹងប្រសើរឡើងវិញ នៅពេលដែលការចិញ្ចឹមបីបាច់ទាំងនោះ មានលាយលំជាមួយនឹងការប៉ះរាងកាយកុមារ និងការឱប។ ការឱបបង្កឱ្យមានការបញ្ចេញអុកស៊ីតូស៊ីន (Oxytoxin) ដែលត្រូវបានគេស្គាល់ផងដែរថា ជាអរម៉ូនស្នេហា។ អរម៉ូនដែលធ្វើឱ្យយើងមានអារម្មណ៍ល្អនេះ មានឥទ្ធិពលសំខាន់ៗជាច្រើនលើរាងកាយរបស់យើង។
ការសិក្សាបង្ហាញឲ្យដឹងទៀតថា ការឱបអាចបង្កើនកម្រិតអុកស៊ីតូស៊ីនភ្លាមៗ។ នៅពេលដែលអុកស៊ីតូស៊ីនត្រូវបានកើនឡើង មានអរម៉ូនជាច្រើនក៏លូតលាស់ដែរ ដូចជា អាំងស៊ុយលីន និងកត្តាលូតលាស់សរសៃប្រសាទ ក៏កើនឡើងទៅតាមនោះដែរ។យោងតាមការស្រង់ទិន្នន័យពីមន្ទីរពេទ្យកុមារជាតិ នៅរដ្ឋអូហៃអូ(Ohio) សហរដ្ឋអាមេរិក បានឱ្យដឹងថា បើអ្នកឱបទារកកាន់តែច្រើន នោះខួរក្បាលរបស់ពួកគេ នឹងលូតលាស់កាន់តែខ្លាំង។ គេបានសិក្សាទៅលើទារកចំនួន១២៥នាក់ ទាំងទារកមិនគ្រប់ខែ និងពេញវ័យ ចំពោះការប៉ះពាល់ស្បែក និងស្បែក ឬការឱប។
លទ្ធផលបានបង្ហាញថា ទារកដែលកើតមិនគ្រប់ខែ បានឆ្លើយតបនឹងសេចក្តីស្រឡាញ់តិចជាងទារកដែលកើតគ្រប់ខែ។ ទោះយ៉ាងណាក៏ដោយ គេឃើញថា ទារកដែលទទួលបានការឱបថើប និងបីថ្នាក់ថ្នម មានសេចក្ដីស្រលាញ់ពីឪពុកម្តាយ ឬបុគ្គលិកមន្ទីរពេទ្យ ខួរក្បាលរបស់ពួកគេមានរំញោចឆ្លើយតបមកវិញខ្លាំង។
លោកស្រីវេជ្ជបណ្ឌិត Nathalie Maitre បានមានប្រសាសន៍ថា យើងត្រូវប្រាកដថា ទារកដែលកើតមិនគ្រប់ខែ អាចទទួលបានការប៉ះស្បែក និងស្បែក ឬការឱប បីបំពេរពីឪពុកម្តាយឲ្យបានច្រើន ដើម្បីជួយដល់ខួរក្បាលរបស់ពួកគេ អាចលូតលាស់ដូចទៅនឹងទារកដែលនៅក្នុងផ្ទៃពោះម្ដាយគ្រប់ខែផងដែរ៕
ប្រែសម្រួលដោយ៖ ជា ស៊ាងប៊ូ
ផ្តល់សិទ្ធិដោយ៖ www.camboglobe.com