ការវិនិយោគលើសិទ្ធិកុមារ ជួយឱ្យកម្ពុជាទទួលបានការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចរឹងមាំ និងយូរអង្វែង
- ការអប់រំ
- ខែវិច្ឆិកា 19, 2019
៣០ឆ្នាំក្រោយ ពេលថ្នាក់ដឹកនាំពិភពលោកបានអនុម័តអនុសញ្ញាស្តីពីសិទិ្ធកុមារ កម្ពុជាបានសម្រេចនូវវឌ្ឍភាពជាបន្តបន្ទាប់លើសុខុមាលភាពកុមារ ដែលរួមមានផ្នែកសុខភាព និងការអប់រំ។ បើទោះយ៉ាងនេះក្តី នៅមានកុមារជាច្រើនពុំទាន់ទទួលបានសិទិ្ធដ៏សំខាន់បំផុតរបស់ពួកគាត់នៅឡើយ។ ប្រការនេះ ហេតុធ្វើឱ្យកុមារមិនអាចឈានទៅដល់សក្តានុពលពេញលេញក្នុងជីវិត ដែលនេះនឹងធ្វើឱ្យមានផលប៉ះពាល់ទៅដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិទាំងមូលនាពេលអនាគត។
កាលពី៣០ឆ្នាំមុន ថ្នាក់ដឹកនាំពិភពលោកបានធ្វើការប្ដេជ្ញាចិត្ត និងសន្យាជាប្រវត្តិសាស្ត្រ ដើម្បីធានាសុខុមាលភាពរបស់កុមារគ្រប់រូបក្នុងពិភពលោក តាមរយៈការអនុម័តអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីសិទ្ធិកុមារ (UNCRC)។ ព្រះរាជាណាចក្រកម្ពុជា ក៏បានផ្ដល់សច្ចាប័នលើអនុសញ្ញានេះក្នុងឆ្នាំ១៩៩២ ជាមួយនឹងការប្ដេជ្ញាចិត្តធានាឲ្យមានសិទ្ធិទាំងអស់នេះសម្រាប់កុមារគ្រប់រូបនៅទូទាំងប្រទេស។
តាមរយៈរបាយការណ៍ថ្មីមួយ ដែលមានចំណងជើងថា «កូនសោរអនាគតកម្ពុជា៖ សិទ្ធិកុមារ គឺជាគន្លឹះសម្រាប់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសកម្ពុជានាពេលអនាគត» បានបង្ហាញថា វឌ្ឍនភាពរបស់កម្ពុជាក្នុងរយ:ពេល៣០ឆ្នាំកន្លងមកនេះ មានទំនាក់ទំនងយ៉ាងខ្លាំងទៅនឹងសិទ្ធិកុមារ។
របាយការណ៍នេះក៏បានបង្ហាញផងដែរថា បើពិនិត្យលើផ្នែកសំខាន់ៗទាក់ទងនឹងសិទ្ធិកុមារ កម្ពុជាសម្រេចបានដោយប្រើពេលត្រឹមតែពីរបីទសវត្សប៉ុណ្ណោះ បើធៀបនឹងបណ្ដាប្រទេសជាច្រើន ដែលត្រូវប្រើពេលរហូតដល់ទៅមួយសតវត្សឯណោះ ដើម្បីសម្រេចបាននូវលទ្ធផលដូចដែលកម្ពុជាធ្វើបាន។ បាយការណ៍នេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នា រវាងអង្គការអន្តរជាតិដែលធ្វើការងារផ្ដោតលើកុមារចំនួន៦អង្គការ ដែលហៅថា សម្ព័ន្ធអង្គការ Joining Forces។របាយការណ៍នោះ ក៏បានបង្ហាញអំពីទំនាក់ទំនដ៏រឹងមាំ រវាងការវិនិយោគទៅលើសិទ្ធិកុមារ និងការអភិវឌ្ឍនៃកម្លាំងពលកម្មជំនាញ ដែលមានសុខភាពល្អ ធន់មាំ កំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ។ លោក Daniel Selvanayagam ជានាយកប្រចាំប្រទេសនៃអង្គការទស្សន:ពិភពលោក និងជាប្រធាននៃសម្ព័ន្ធអង្គការ Joining Forces បានមានប្រសាសន៍ថា៖ «កុមារថ្ងៃនេះ គឺជាពលរដ្ឋ និងជាអ្នកបំពេញការងារនាពេលអនាគត ហើយពួកគាត់ គឺជាអ្នកកសាងអនាគតដ៏ត្រចះត្រចង់សម្រាប់កម្ពុជា ដូចដែលយើងប្រាថ្នាចង់បាន»។
លោកបានបន្ថែមទៀតថា៖ «ប៉ុន្តែកុមារចាំបាច់ត្រូវតែទទួលសិទ្ធិពេញលេញក្នុងការទទួលបានអាហារូបត្ថម្ភល្អ ការអប់រំប្រកបដោយគុណភាព អនាម័យ និងការចូលរួមដើម្បីឱ្យពួកគាត់អាចឈានទៅដល់សក្តានុពលពេញលេញក្នុងជីវិត និងរួមចំណែកក្នុងការអភិវឌ្ឍប្រទេស។ កុមារជាច្រើន នៅតែពុំទាន់ទទួលបានសិទិ្ធដ៏សំខាន់បំផុតរបស់ពួកគាត់ ហើយវាកំពុងបង្កឱ្យមានផលប៉ះពាល់ទៅដល់ការអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាធនធានមនុស្សនៅក្នុងប្រទេស»។
របាយការណ៍ដដែលនេះ ក៏បានបង្ហាញទៀតដែរថា ដើម្បីសម្រេចបានវត្ថុបំណងក្នុងការធ្វើឱ្យកម្ពុជាក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ ឱ្យបានត្រឹមឆ្នាំ២០៣០ ហើយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០នោះ កម្ពុជាត្រូវតែរក្សា និងពង្រឹងកំណើនសេដ្ឋកិច្ចក្នុងកម្រិតខ្ពស់ ឱ្យបានច្រើនទសវត្សទៅមុខទៀត។ដើម្បីសម្រេចបាននៅគោលដៅខាងលើ សមាជិកនៃសម្ព័ន្ធអង្គការ Joining Forces ជឿជាក់យ៉ាងពេញទំហឹងចំពោះការវិនិយោគលើកុមារ និងឆ្លើយតបទៅនឹងឧបសគ្គចម្បង២ ដែលគំរាមកំហែងទៅដល់វឌ្ឍនភាពនៃសិទ្ធិកុមារដូចជា៖
•ឧបសគ្គទីមួយ គឺទាក់ទងទៅនឹងការចែករំលែកមិនស្មើភាព នូវអត្ថប្រយោជន៍ ដែលបានមកពីវឌ្ឍនភាព ដែលសម្រេចបានក្នុងរយៈកាល៣០ឆ្នាំកន្លងទៅ។ ខណ:ពេលដែលកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំង ក្រុមកុមារកម្ពុជាមួយភាគធំមិនបានទទួលផល នៃភាពរីកចម្រើននេះទេ ដោយសារតែបញ្ហាកើតឡើងជាបន្តបន្ទាប់ទាក់ទងនឹងការបាត់ឱកាស ការរើសអើង ឧបសគ្គភូមិសាស្ត្រ ឬបញ្ហាប្រាក់ចំណូល។
•ឧបសគ្គទីពីរ គឺការសម្របខ្លួនទៅតាមបញ្ហាប្រឈមថ្មី និងកំពុងលេចឡើងនៅក្នុងប្រទេសកម្ពុជា។
លោក យី គីមថាន នាយកស្តីទីប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា (Plan International) បានមានប្រសាសន៍ថា៖ «ចំណាកស្រុក បម្រែបម្រួលអាកាសធាតុ ទេសចរណ៍ និងបច្ចេកវិទ្យា កំពុងផ្លាស់ប្តូរបរិបទយ៉ាងលឿនសម្រាប់កុមារនៅក្នុងព្រះរាជាណាក្រកម្ពុជា»។ លោកបន្ថែមថា៖ «បើទោះបីជាកត្តាមួយចំនួន ក្នុងចំណោមកត្តាទាំងអស់នេះ ពិតជាផ្ដល់ឱកាសសម្រាប់ប្រទេសកម្ពុជាក្ដី ប៉ុន្តែកត្តាទាំងនេះ ក៏រួមចំណែកបង្កើនភាពងាយរងគ្រោះ និងការកេងប្រវ័ញ្ចមកលើកុមារផងដែរ ហើយទាមទារឱ្យមានចំណាត់វិធានការសកម្មភាព និងការវិយោគមួយចំនួន ដើម្បីធានារបាននូវការការពារសិទ្ធិកុមារ»។
ចំណែកកញ្ញា មរកត កុមារី អាយុ១៦ឆ្នាំ សមាជិកបណ្តាញកុមារអ្នកតស៊ូមតិ និងជាអ្នកសម្របសម្រួលក្នុងកិច្ចពិភាក្សារបស់កុមារ នៅក្នុងឱកាសនៃពីធីសម្ភោធរបាយការណ៍នេះក៏បានលើកឡើងថា៖ «កុមារ គឺជាធនធានដ៏សំខាន់មួយ ដែលប្រទេសយើងមិនអាចខ្វះបាន។ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខ្ញុំឃើញថា កុមារគាត់ទទួលបានការយកចិត្តទុកដាក់ពីមនុស្សចាស់ កុមារទទួលបានការអប់រំយ៉ាងល្អ និងមានសុខភាពល្អ។ ឱកាសនៃការចូលរួមរបស់កុមារ ក៏កំពុងមានភាពប្រសើរឡើងដែរ។កញ្ញាបានលើកជាឧទាហរណ៍ថា ខ្ញុំ និងសមាជិកបណ្តាញរបស់ខ្ញុំបានចូលរួម និងបញ្ចេញមតិរបស់ពួកយើងនៅក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិ និងថ្នាក់តំបន់ផងដែរ។ ទោះយ៉ាងណាក្តី ខ្ញុំសូមឲ្យរដ្ឋាភិបាល និងសង្គមស៊ីវិល បន្តធ្វើការរួមគ្នា និងផ្តល់ឱកាសកាន់តែច្រើនទៀតដល់កុមារ។ ដូចយើងដឹងស្រាប់ហើយថា កុមារ គឺជាទំពាំងស្នងឫស្សី ដូច្នេះប្រសិនបើកុមារយល់កាន់តែច្បាស់អំពីសង្គម នៅពេលពួកគាត់ធំ និងចាប់ផ្តើមធ្វើការងារ ពួកគាត់ដឹងថា គួរកែប្រែសង្គមគាត់យ៉ាងណា ដើម្បីដើរឱ្យបានជឿនលឿន និងទាន់សម័យ»។
របាយការណ៍នេះបង្ហាញពីផ្នែកអាទិភាពចំនួន៦ សម្រាប់ការវិនិយោគទៅលើសិទ្ធិកុមារ ដែលអាចជំនះលើឧបសគ្គធំៗទាំងពីរខាងលើ ពោលគឺវិសមភាព និងបរិបទប្រែប្រួលលឿនដោយត្រូវបានកំណត់ថាជា “កត្តាកែប្រែអាទិភាព” ទាំងនេះតំណាងឱ្យការផ្លាស់ប្ដូរ នូវរបៀបរបបក្នុងការអនុវត្តនាពេលបច្ចុប្បន្ន ដែលនឹងត្រូវការ ការដឹកនាំ ធនធាន និងការតាំងចិត្ត ដើម្បីសម្រេចឱ្យបាន។ ចំណុចអាទិភាពទាំង៦នោះរួមមាន៖
១.កែលម្អលទ្ធភាពទទួលបានសេវាអប់រំកុមារតូច ដែលមានគុណភាព ថ្វីដ្បិតតែសេវាអប់រំកុមារតូចដែលមានគុណភាព មានការទទួលស្គាល់ថា ជាមូលដ្ឋានគ្រឹះសំខាន់សម្រាប់ការសិក្សាទៅថ្ងៃអនាគត និងការអភិវឌ្ឍធនធានមនុស្សក្ដី កុមារជាច្រើននៅតែបន្តមិនមានលទ្ធភាពទទួលបានសេវាអប់រំបែបនេះ ជាពិសេសនៅតាមទីជនបទដាច់ស្រយ៉ាល។
២.ប្រយុទ្ធប្រឆាំងនឹងកង្វះលទ្ធភាព ទទួលបានការអប់រំប្រកបដោយគុណភាព ប្រទេសកម្ពុជាសម្រេចបាននូវវឌ្ឍនភាពនៃការអប់រំមូលដ្ឋាន ក្នុងកម្រិតសឹងមិនគួរឱ្យជឿ ប៉ុន្តែវឌ្ឍនភាពឱ្យខ្លាំងជាងនេះបន្ថែមទៀត រងការគំរាមកំហែងដោយសារឧបសគ្គជាបន្តបន្ទាប់ ដែលរាំងខ្ទប់ដល់លទ្ធភាពទទួលបានសេវាអប់រំ ដែលមានគុណភាព និងលទ្ធផលសិក្សារៀនសូត្រដែលមានគុណភាពទាប។
៣.ដោះស្រាយបញ្ហាកិច្ចការពារកុមារ ដែលមានអត្រាខ្ពស់ កុមារប្រឈមនឹងបញ្ហាការពារកុមារជាច្រើន រួមមាន ការបែកចេញពីក្រុមគ្រួសារ ការទុកចោលមិនអើពើ និងការកេងប្រវ័ញ្ច និងអំពើហិង្សាដែលកើតមានក្នុងមជ្ឈដ្ឋានផ្សេងៗ រួមមាននៅផ្ទះ សាលារៀន និងមណ្ឌលថែទាំជាដើម។៤.កាត់បន្ថយឱ្យបានច្រើនបំផុត នូវអត្រាកុមារខ្វះអាហារូបត្ថម្ភ ចំនួនកុមារដែលខ្វះអាហារូបត្ថម្ភនៅក្នុងប្រទេសកម្ពុជា មានការកាត់បន្ថយក្នុងរយៈកាលប៉ុន្មានឆ្នាំមកនេះ។ ទោះបីជាយ៉ាងនេះក្តី អត្រាវឌ្ឍនភាពនៅតែមានភាពយឺតយ៉ាវមិនអាចទទួលយកបាន ហើយបន្តគំរាមកំហែងដល់ការអភិវឌ្ឍធនធានមនុស្សថែមទៀតផង។
៥.កែលម្អលទ្ធភាព ទទួលបានសេវាទឹកផឹកមូលដ្ឋាន និងអនាម័យ ប្រជាជនកម្ពុជាប្រមាណ៩,៤លាននាក់ មិនមានលទ្ធភាពទទួលបានអនាម័យល្អប្រសើរឡើយ ដែលជាអត្រាមួយខ្ពស់បំផុតក្នុងតំបន់អាស៊ី។
៦.បង្កើនការចូលរួមប្រកបដោយអត្ថន័យរបស់កុមារ ក្នុងដំណើរការនៃការសម្រចចិត្ត ការចូលរួមមានកម្រិតរបស់កុមារ និងយុវជននៅក្នុងការរៀបចំគោលនយោបាយ និងការសម្រេចចិត្តផ្សេងៗ ដែលប៉ះពាល់មកលើជីវិតរបស់ពួកគេ បានរារាំងពួកគេមិនឱ្យដើរតួនាទីក្នុងនាមជាពលរដ្ឋ ដែលអាចជួយគាំទ្រដល់ការអភិវឌ្ឍរបស់កម្ពុជានាពេលអនាគត៕
ចុចទីនេះ ដើម្បីអានព័ត៌មានផ្សេងៗពាក់ព័ន្ធអង្គការទាំង៦
ប្រភព៖ សម្ព័ន្ធអង្គការ Joining Forces