ក្នុងរយៈពេល១១ខែ ឆ្នាំ២០១៩ មានកុមារជាង១លាននាក់ ទទួលការពិនិត្យ និងព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផា
- សង្គម
- ខែវិច្ឆិកា 27, 2019
រាជធានីភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់មូលនិធិគន្ធបុប្ផាកម្ពុជា បានឱ្យដឹងថា នៅក្នុងរយៈពេល១១ខែ ឆ្នាំ២០១៩នេះ មន្ទីរពេទ្យគន្ធបុប្ផា ទាំងទីតាំងនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប បានទទួលពិនិត្យ និងព្យាបាលជំងឺដល់កុមារកម្ពុជា សរុបប្រមាណជាង១លាននាក់។
ប្រភពពីទំព័រហ្វេសបុកផេកឈ្មោះ Dr.Beat.Richner និងមូលនិធិគន្ធបុប្ផាកម្ពុជា បានបង្ហាញឱ្យដឹងថា នៅក្នុងរយៈពេល១១ខែ ក្នុងឆ្នាំ២០១៩នេះ មានកុមារចំនួន៩០៤,៣៦៦ករណី ត្រូវបានពិនិត្យ និងព្យាបាល នៅក្នុងផ្នែកពិគ្រោះខាងក្រៅ, កុមារចំនួន១៩១,២៤៩នាក់ ត្រូវបានដាក់ឱ្យសម្រាកនៅក្នុងមន្ទីរពេទ្យ។
នៅក្នុងចំនួនខាងលើនោះ មានកុមារ៣៣,៩៤៤នាក់ មានជំងឺគ្រុនឈាមធ្ងន់ធ្ងរ, កុមារ២៤,៦១៧នាក់ ត្រូវបានវះកាត់ទូទៅ និងកុមារចំនួន៨៩១នាក់ ត្រូវបានវះកាត់បេះដូង និងភ្ជិតប្រហោងបេះដូង តាមសរសៃឈាម (ទាំងនៅមន្ទីរពេទ្យគន្ធបុប្ផាសៀមរាប និងរាជធានីភ្នំពេញ)។ម្យ៉ាងទៀត នៅក្នុងរយៈពេលដូចគ្នានេះដែរ ក៏មានស្ត្រីមានផ្ទៃពោះចំនួន ១៤៨ ២៤៨ ករណី បានមកពិនិត្យតាមដានផ្ទៃពោះ និងព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅនៃមន្ទីរសម្ភព ព្រមទាំងបានសម្រាលកូនបានចំនួន ២៣ ៣៥០នាក់ ផងដែរ។
នៅក្នុងនោះផងដែរ មូលនិធិគន្ធបុប្ផាកម្ពុជា ក៏បានប្រកាសឱ្យដឹងដែរថា ត្រឹមតែរយៈពេល១១ ខែ ក្នុងឆ្នាំ២០១៩នេះ មូលនិធិគន្ធបុប្ផាកម្ពុជា បានប្រគល់ថវិកាដែលបានមកពីការបរិច្ចាគរបស់សប្បុរជនានា មានចំនួន១០,៨៩២,៤០៤ ដុល្លារអាមេរិក ជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីចូលរួមធានាឱ្យបាននូវនិរន្តរភាព នៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំង។
មូលនិធិគន្ធបុប្ផាកម្ពុជា ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តដ៏សប្បុរសរបស់ ទ្រង់ សម្ដេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងប្រជាជនទាំងអស់ ដែលបានចូលរួមជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីបន្តរក្សា និងផ្តល់ភាពញញឹមរបស់កុមារកម្ពុជា ដែលជាអនាគតរបស់កម្ពុជា៕សប្បុរសជន អាចចូលរួមចំណែកនូវការបរិច្ចាគ ចូលជាសមាជិករបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដោយឥតបង់ថ្លៃសេវាតាមរយៈ៖
* ធនាគារកាណាឌីយ៉ា
* ធនាគារអេស៊ីលីដា
* ធនាគារ ABA
* ធនាគារឯកទេស និងភ្នាក់ងារវេប្រាក់ Wing
* ភ្នាក់ងារវេប្រាក់ TrueMoney
* ភ្នាក់ងារវេប្រាក់ DaraPay ឬទំនាក់ទំនងមកលេខាធិកាដ្ឋានដែលមានទីតាំងក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ទូរស័ព្ទលេខ 061 701 111 / 096 701 1111 និងគេហទំព័រ www.ckf.org.kh