គន្លឹះទាំង៥ ជួយឱ្យកូនរបស់លោកអ្នក ឆាប់ចូលគេង និងគេងលក់ស្រួល
- ការអប់រំ
- ខែវិច្ឆិកា 4, 2019
១.ធ្វើឱ្យការគេងក្លាយជាទម្លាប់៖ អ្នកត្រូវកំណត់ម៉ោងគេង និងត្រូវគោរពតាមការកំណត់ឱ្យបានខ្ជាប់ខ្ជួន រហូតដល់កូនរបស់អ្នកអាចចូលគេងដោយខ្លួនឯងបាន។ ក្នុងន័យនេះ អ្នកត្រូវធ្វើតាមកាលវិភាគដែលបានកំណត់ជារៀងរាល់ថ្ងៃ ដូចជា ដំបូងត្រូវងូតទឹក ឬច្រៀងចម្រៀងឱ្យពួកគស្តាប់ ផ្លាស់ខោអាវគេងយប់របស់ពួកគេ អានរឿងនិទានឱ្យពួកគេស្តាប់ បិទភ្លើង គេងនៅជិតកូន បន្ទាប់មកបិទភ្នែក។ សកម្មភាពទាំងនេះ នឹងធ្វើឱ្យកូនតូចរបស់អ្នកយល់និងដឹងថា សកម្មភាពបន្ទាប់ គឺចូលគេង។
២.ការញ៉ាំអាហារ៖ ដើម្បីទប់ស្កាត់កុំឱ្យកូនរបស់អ្នកមានអារម្មណ៍ថា ឃ្លាន អ្នកត្រូវប្រាកដថា យ៉ាងហោចណាស់ កូនរបស់អ្នកទទួលបានអាហារ៣ពេលរួចរាល់។ មុនពេលចូលគេង អាចឱ្យគេញ៉ាំអាហារសម្រន់បន្តិចបន្តួច ដូចជា ផ្លែឈើ រឺទឹកដោះគោមួយកែវ ជាដើម។ ពេលញ៉ាំអាហារពេលល្ងាច អាហារសម្រន់ ត្រូវមានគំលាតម៉ោងគ្នា រវាងការគេង និងមិនត្រូវឱ្យកូនគេងភ្លាមៗ បន្ទាប់ពីញ៉ាំអាហារនោះទេ។៣.ការស្លៀកពាក់សមរម្យនៅពេលយប់៖ អ្នកគួរទិញសម្លៀកបំពាក់សាច់ទន់ៗ រលុងៗត្រជាក់សម្រាប់ពួកគេស្លៀកនៅពេលយប់ ឬអាចជ្រើសរើសសម្លៀកបំពាក់ទៅតាមរដូវកាល ដូចជាសាច់ក្រាស់សម្រាប់រដូវរងារ និងសាច់ស្តើងសម្រាប់រដូវក្តៅ ជាដើម។ ឈុតគេងយប់ គួរតែជាប្រភេទអាវដៃវែង ខោជើងវែង ព្រោះនៅពេលយប់ ក្មេងតូចអាចធាក់ភួយចេញ ហើយគេក៏ប្រហែលជាមិនចេះទាញភួយមកដណ្តប់វិញទេនោះទេ។
៤.បរិស្ថាននៅកន្លែងគេង៖ បរិស្ថាននៅក្នុងបន្ទប់គេង គួរតែរៀបចំឱ្យមានភាពងាយស្រួលសម្រាប់កូនក្មេង។ វា មិនគួរងងឹតពេកទេ ហើយក៏មិនភ្លឺខ្លាំងដែរ គួរមានពន្លឺតិចៗ និងមានខ្យល់ចេញចូលគ្រប់គ្រាន់។ អ្នកត្រូវ មើលថា កង្ហាមិនបើកខ្លាំងពេក ឬម៉ាស៊ីនត្រជាក់ត្រូវមានសីតុណ្ហភាពតាមកម្រិតស្តង់ដា។
៥.ទុកឱ្យកូនយំ៖ កូនក្មេងប្រហែលមិនចេះចូលគេដោយខ្លួនឯងនោះទេ ប៉ុន្តែកុំបារម្ភអី ព្រោះអ្នកអាចបង្រៀនពួកគេបាន។ ក្នុងស្ថានភាពបែបនេះ កុំប្រញាប់ទៅរកកូនពេលគេចាប់ផ្តើមយំ។ អ្នកត្រូវពន្យាពេលទៅមើលគេរៀងរាល់៥នាទីម្តង និងមើលប្រសិនបើពួកគេអាចគេបានដោយខ្លួនឯង។ អ្នកអាចប្រើវិធីសាស្រ្តនេះ ដើម្បីបង្រៀនឱ្យកូនរបស់អ្នកចេះគេងលក់ដោយខ្លួនឯង៕រក្សាសិទ្ធិដោយ៖ www.konkmeng.com