គន្លឹះសំខាន់ទាំង៦ ដើម្បីជួយអភិវឌ្ឍជំនាញការអានដល់កូនតូចៗ
- ការអប់រំ
- ខែវិច្ឆិកា 16, 2019
ការសិក្សាជាច្រើនបានបញ្ជាក់ថា កូនៗរបស់លោកអ្នក អាចទទួលបានចំណេះជាច្រើនពីការអានដោយបញ្ចេញសម្លេងលឺៗរបស់អ្នកជាឪពុកម្តាយ តាំងពីពួកគេកើតមកម៉្លេះ។ ប៉ុន្តែ វា មានភាពខុសគ្នារវាងទទួលបានចំណេះពីការអានរបស់លោកអ្នក និងការដែលមានសមត្ថភាពអាចអានបានដោយខ្លួនឯង។
ជាទូទៅ សមត្ថភាពក្នុងការអាន នឹងចាប់ផ្តើមនៅចន្លោះអាយុ ៤ ឬ ៥ ឆ្នាំ គឺជាពេលវេលាដែលលោកអ្នកអាចចាប់ផ្តើមលើកទឹកចិត្តឱ្យកូនតូចៗ រៀនមូលដ្ឋានគ្រឹះនៃការអាន។ តាមរយៈ ជំហានមួយចំនួនខាងក្រោម លោកអ្នកអាចជួយឱ្យកូនចាប់អារម្មណ៍លើសៀវភៅ និងពាក្យបាន។ ប្រការនេះ នឹងជួយបន្តិចម្តងៗដល់ពួកគេក្នុងការអាន។
១.ភាពងាយស្រួលក្នុងការស្វែងរក៖ ក្មេងៗស្វែងយល់តាមរយៈការលេង។ ដូច្នេះ លោកអ្នក ត្រូវដាក់សៀវភៅនៅកន្លែងណាមួយ ដែលពួកគេងាយមើលឃើញ និងងាយស្រួលយកមកលេង គួស កាន់ ខាំ។២.ការផ្សារភ្ជាប់ទំនាក់ទំនង៖ ប្រសិនបើលោកអ្នកចង់បង្រៀនពាក្យថា ឆ្កែ អ្នកត្រូវនិយាយពីឆ្កែដែលកូនលោកអ្នកស្គាល់។ អ្នកអាចនិយាយថា ឆ្កែនោះតូច ឬធំ ហើយទុកឱ្យកូនរបស់លោកអ្នកប្រៀបធៀបជាមួយសត្វឆ្កែដែលគាត់ធ្លាប់ស្គាល់។ ការធ្វើបែបនេះ នឹងជួយឱ្យគាត់ផ្សារភ្ជាប់ពាក្យថ្មី ជាមួយនឹងចំណេះដឹងរបស់គាត់ដែលមានស្រាប់។
៣.ការរឹតចំណងមិត្តភាព៖ ការអាន គឺជាពេលវេលាដ៏ល្អបំផុតសម្រាប់រឹតចំណងមិត្តភាព និង បង្កើនទំនាក់ទំនងកាន់តែសិ្នទ្ធស្នាលសម្រាប់ឪពុកម្តាយ និងកូនៗ។ លោកអ្នកអាចចាប់កាន់សៀវភៅដោយធ្វើការចង្អុល ព្រមគ្នាដោយការបញ្ចេញសម្លេងផងដែរ។ នៅពេលដែលកូនលោកអ្នក អង្គុយជាមួយអ្នក ការយកសៀវភៅមកអានជាមួយពួកគេ នឹងក្លាយទៅជាសកម្មភាពសប្បាយរីករាយមួយ។
៤.ការជ្រើសរើសត្រឹមត្រូវ៖ ក្មេងតូចៗចូលចិត្តមើលសៀវភៅដែលមានពណ៌ស្អាតៗ។លោកអ្នកត្រូវជ្រើសរើសសៀវភៅដែលមានរូបភាព និងពណ៌ខុសៗគ្នាឱ្យបានច្រើនប្រភេទ ដូចជាសៀវភៅរូបសត្វស្រុក សត្វព្រៃ បក្សី យានយន្ត ឬសៀវភៅបង្ហាញពីសកម្មភាពក្មេងៗ ដែលអ្នកងាយស្រួលយកផ្សារភ្ជាប់ចំណេះដឹងរបស់ពូកគេនៅពេលក្រោយ។ ៥.ពាក្យចុងជួន និងការច្រៀង៖ ក្មេងតូចមិនទាន់ចេះអានទេ ប៉ុន្តែពួកគេអាចចងចាំបានល្អ ដោយលោកអ្នកជាឪពុកម្តាយ ទម្លាប់អានពាក្យចុងជួនខ្លីៗ ឬចម្រៀងកូនក្មេងជាដើម។ ព្រោះការអានពាក្យចុងជួន ដោយចេះលើកដាក់សម្លេងទៅតាមសាច់រឿង ធ្វើឱ្យការអានសៀវភៅកាន់តែសប្បាយរីករាយ និងជក់ចិត្ត។ កូនៗរបស់លោកអ្នក ប្រហែលជាទះដៃ ស្រែក ឬសើច ហើយលោកអ្នកត្រូវចូលរួមជាមួយពួកគេ និងធ្វើឱ្យពេលវេលាអានសៀវភៅពោរពេញដោយសកម្មភាពរស់រវើក។
៦.ការប្រើកាតមានអក្សរ៖ ការប្រើកាតមានអក្សរ ឬពណ៌ផ្សេងៗគ្នាមកបង្រៀនកូន អាចជួយឱ្យពួកគេចំណាំអក្សរជាមួយនឹងពណ៌បានដោយងាយ។ បន្ទាប់មក មួយរយៈក្រោយ លោកអ្នកអាចចាប់ផ្តើមប្រើកាតមានរូបភាពសត្វ និងបង្រៀនពួកគេឱ្យស្គាល់សត្វទាំងនោះ។
សមត្ថភាពក្នុងការអាន មានលក្ខណៈខុសៗគ្នា ពីក្មេងម្នាក់ទៅក្មេងម្នាក់ទៀត។ ដូច្នេះហើយ ក្នុងនាមជាឪពុកម្តាយ លោកអ្នកត្រូវណែនាំកូនតាមសម្រួល។ ការប្រើឥរិយាបថវិជ្ជមាន និងការចេះអត់ធ្មត់ នៅក្នុងការបង្ហាត់បង្រៀនកូនៗ នឹងជួយឱ្យពួកគេក្លាយជាអ្នកអានម្នាក់ពូកកែអាន ឆាប់យល់ និងក្លាយទៅជាក្មេងដែលចូលចិត្តការអាន៕
រក្សាសិទ្ធិដោយ៖ www.konkmeng.com