តើគួរដោះស្រាយបែបណា បើកូនលោកអ្នករពឹសម្លឹងៗ? សាកល្បងវិធីសាស្ត្រទាំងនេះ!
- ការអប់រំ
- ខែធ្នូ 16, 2019
ក្មេងមួយចំនួនរពឹសណាស់ ចាប់សឹងមិនចង់ឈ្នះ។ អាណាព្យាបាលមួយចំនួនពិបាកនឹងគ្រប់គ្រងពួកគាត់ណាស់ ហើយជួនកាលក៏មានអារម្មណ៍ធុញទ្រាន់ផងដែរ។ ដើម្បីកាត់បន្ថយបន្ទុកនេះ គេហទំព័រ កូនក្មេង Konkmeng សូមចែករំលែកលោកឪពុកអ្នកម្ដាយទាំងឡាយនូវវិធីសាស្ត្រមួយចំនួនក្នុងការមើលថែកូនៗដែលរពឹស៖
១.ត្រូវមានដែនកំណត់មួយសម្រាប់ពួកគាត់ (Fix limit)
ឪពុកម្ដាយមិនគួរតម្រូវចិត្ត ឬធ្វើអ្វីៗគ្រប់រឿង តាមតែការចង់បានរបស់កូនៗទាំងអស់នោះទេ។ លោកអ្នកគួរមានដែនកំណត់មួយច្បាស់លាស់នៅក្នុងការមើលថែពួកគាត់។ លោកអ្នកត្រូវប្រើវិធីម៉ឺងម៉ាត់ តែក៏មិនត្រូវកាច និងស្រែកខ្លាំងដាក់កូនៗដែរ។ ឧទាហរណ៍ បើសិនពួកគាត់ទារចង់បានអ្វីមួយដោយប្រើអាកប្បកិរិយាមួរម៉ៅ ក្ដៅក្រហាយ ធ្វើជាយំ នោះលោកអ្នកគួរប្រាប់ថា៖ «បើធ្វើអាកប្បកិរិយាដូច្នេះ ម៉ាក់អត់ទិញឲ្យទេ»។ មួយវិញទៀត ការយករបស់ដែលពួកគេចង់បានមកធ្វើជាការដោះដូរ រវាងការណែនាំពួកគេអំពីអាកប្បកិរិយាល្អ គឺជាវិធីសាស្ដ្រមួយដ៏មានប្រសិទ្ធភាព។ ធ្វើដូច្នេះ ក្មេងៗនឹងយល់ពីលទ្ធផលនៃការប្រព្រឹត្តមិនល្អ និងព្យាយាមកែដើម្បីបានរង្វាន់។២.មិនត្រូវបង្ហាញទម្លាប់មិនល្អនៅចំពោះមុខកូន (Be consistent)
ជាធម្មតាមនុស្សយើងតែងមានអារម្មណ៍ប្រែប្រួលជាប្រចាំ ថ្ងៃខ្លះមានអារម្មណ៍ល្អ មិនស្មុគស្មាញនឹងការងារច្រើនជាដើម អាចនឹងហាមមិនឱ្យកូនៗមើលទូរទស្សន៍ច្រើនជាដើម។ ប៉ុន្ដែ ប្រហែលជាថ្ងៃស្អែក លោកអ្នកមានអារម្មណ៍ស្មុគស្មាញ រវល់ច្រើន អាចនឹងមានអាកប្បកិរិយាកោងកាចដាក់កូន។ នៅក្នុងសភាពនៃអារម្មណ៍បែបនេះ លោកអ្នកអាចនឹងបណ្តោយឱ្យកូនៗមើលទូរទស្សន៍តាមអំពើចិត្តក៏ថាបាន។
មែនទែនទៅ នៅក្នុងគ្រួសារមួយ ឪពុកម្ដាយគឺជាគំរូ បើសិនជាលោកអ្នកបង្ហាញទម្លាប់អាកប្បកិរិយាមិនល្អដាក់កូនបែបហ្នឹង វាជាគំរូអាក្រក់មួយសម្រាប់កូនៗ ហើយពួកគេនឹងចម្លងយកភាពកោងកាច មួរម៉ៅធ្វើដាក់លោកអ្នកវិញម្ដងបន្ដិចៗជាមិនខាន។ ដូច្នេះ ក្នុងនាមជាឪពុកម្តាយ ឬអាណាព្យាបាល មិនត្រូវផ្លាស់ប្ដូរចរិត ឬទម្លាប់របស់មិនល្អរបស់ខ្លននៅចំពោះមុខក្មេងៗឡើយ។៣.កំណត់ពេលវេលាមើលទូរទស្សន៍ ឬកុំព្យូទ័រ (Limit TV and computer time)
ក្មេងៗភាគច្រើនចូលចិត្តមើលតុក្កតា ឬលេងវីដេអូហ្គេម។ បើសិនលោកអ្នកអនុញ្ញាតឱ្យពួកគេមើល នោះ ពួកគេនឹងមើលជក់អារម្មណ៍ជាទីបំផុត បើទោះបីមើលអស់រយៈពេល១ម៉ោង ឬ២ម៉ោងក៏ដោយ។ ការបណ្តោយឱ្យក្មេងមើល ឬប្រើឧបករណ៍អេឡិចត្រូនិចច្រើនពេក នឹងធ្វើឱ្យការលូតលាស់របស់ក្មេងមិនបានពេញលេញល្អនោះទេ។
ការមើលតុក្កតា ឬវីដេអូហ្គេមច្រើនពេក គឺអាចប៉ះពាល់ដល់ស្មារតីក្មេង ធ្វើឲឱ្យក្មេងសប្បាយហួសកម្រិត។ នៅពេលនោះហើយ ដែលក្មេងៗនឹងយកចំហាយដែលសេះសល់ពីការសប្បាយរបស់ពួកគេ មកមួរម៉ៅដាក់យើងជាមិនខាន។ ដូច្នេះ លោកអ្នកមិនត្រូវអនុញ្ញាតឱ្យក្មេងមើលពពួកអេក្រង់អេឡិចត្រូនិចច្រើនពេកទេ។
ចុចដំណភ្ជាប់នេះដើម្បីអានអំពីចំនួនម៉ោងពេលនៃការមើលអេក្រង់ទូរស័ព្ទឬទូរទស្សន៍ដែលបែងចែកទៅតាមវ័យរបស់ក្មេង៤.ធ្វើជាគំរូដ៏ល្អសម្រាប់កូនអ្នក (Model good behavior)
កុមារត្រូវការមើលឃើញនូវទិដ្ឋភាពល្អៗចេញពីឪពុកម្ដាយ និងសង្គមជុំវិញខ្លួន។ មិនខ្វល់ថាកូនលោកអ្នកមានអាយុប៉ុន្មានទេ តែពួកគេនឹងកត់សម្គាល់ពីរបៀបនៃការឆ្លើយតប និងអាកប្បកិរិយារបស់សង្គមជុំវិញខ្លួនក្នុងគ្រប់ទម្រង់ទាំងអស់។ ដូច្នេះ ក្នុងនាមលោកអ្នកជាអាណាព្យាបាល គួរធ្វើជាគំរូល្អឱ្យកូនៗមើលឃើញ។ ឧទាហរណ៍ លោកអ្នកចង់ឱ្យកូនចេះគួរសមជាមួយអ្នកដទៃ ដូច្នេះលោកអ្នកអាចបង្ហាត់ឱ្យពួកគាត់និយាយពាក្យ «អរគុណ» ឬ«អត់ទោស» គ្រប់ស្ថានភាពដែលពួកគាត់គួរតែនិយាយ។
ជារួមមក គន្លឹះសំខាន់ក្នុងការដោះស្រាយជាមួយក្មេងរពឹស គឺស្ថិតលើភាពជាគំរូនៃអាកប្បកិរិយាល្អរបស់ឪពុកម្ដាយ អាណាព្យាបាល ការអប់រំទាំងនៅសាលា និងក្នុងផ្ទះ និងការយល់ដឹងអំពីការលូតលាស់របស់កុមារផងដែរ៕
រក្សាសិទ្ធិដោយ៖ www.konkmeng.com