តើគួរធ្វើដូចម្តេច ដើម្បីក្លាយជាឪពុកម្តាយល្អ?
- ការអប់រំ
- ខែវិច្ឆិកា 8, 2019
វាមិនដែលយឺតពេលទេ ក្នុងការផ្លាស់ប្តូររបៀបចិញ្ចឹមបីបាច់ ថែរក្សាកូន។ ខាងក្រោមនេះ ជាគន្លឹះមួយចំនួនដើម្បីក្លាយទៅជាឪពុកម្តាយល្អ៖
១.រួមចំណែកក្នុងការមើលថែ៖
អ្នកមិនត្រឹមតែជាអាណាព្យាបាលរបស់កូនៗទេ ប៉ុន្តែក៏ជាមនុស្សម្នាក់ ដែលបង្រៀនមេរៀនសំខាន់ៗ អំពីជីវិតដល់ពួកគេផងដែរ។ ក្នុងនាមជាឪពុកម្តាយ មិនត្រឹមតែមានកាតព្វកិច្ចផ្តល់នូវភាពកក់ក្តៅដល់កូនៗនោះទេ ប៉ុន្តែក៏ត្រូវចូលរួមដោះស្រាយរឿង ដែលទាក់ទងនឹងអារម្មណ៍របស់ពួកគេថែមទៀតផង។ អ្នកត្រូវផ្តោតលើទំនាក់ទំនងល្អ និងសេចក្តីស្រឡាញ់ ដើម្បីឱ្យកូនទទួលបានការចិញ្ចឹមបីបាច់ដ៏ល្អ។
២.បញ្ឈប់ការស្រែក ឬវាយកូន៖
ក្មេងមួយចំនួន គឺរឹងរូស រពិស មិនសូវស្តាប់បង្គាប់។ ឥរិយាបថបែបនេះ អាចធ្វើឱ្យឪពុកម្តាយមួយ ចំនួនបាត់បង់ភាពអត់ធ្មត់ និងសម្តែងចេញនូវឥរិយាបថមិនគប្បី ដូចជា ស្រែក ឬវាយកូន ជាដើម។ សកម្មភាពបែបនេះ អាចធ្វើឱ្យកូនយំ និងមិនសប្បាយចិត្ត។ ឪពុកម្តាយមួយចំនួន មិនអាចទ្រំាំបានរហូតដល់ពេលខ្លះ វាយកូននៅមុខអ្នកដទៃក៏មាន។ ទង្វើបែបនេះ ធ្វើឱ្យអ្នកក្លាយទៅជាឪពុកម្តាយមិនល្អ។ អ្នក អាចមានអារម្មណ៍ខុសឆ្គងនៅពេលក្រោយ តែអ្នកបានធ្វើឱ្យមានការប៉ះទង្គិចផ្លូវចិត្តសម្រាប់កូនរួចទៅហើយ។
អ្នកត្រូវរៀនគ្រប់គ្រងចរិករឹងរូសរបស់កូន ឱ្យមានលក្ខណៈសមហេតុសមផល។ ឧទាហរណ៍៖ ប្រសិនបើកូនលោកអ្នក ធ្វើឱ្យខូចវត្ថុអ្វីមួយ អ្នកអាចយកប្រដាប់លេងដែលកូនអ្នកចូលចិត្តទៅទុក ហើយប្រាប់កូនថា ពួកគេត្រូវសុំទោស និងសន្យាថា មិនធ្វើឱ្យខូចម្តងទៀតនោះទេ តែបើកូនអ្នកធ្វើកំហុសដដែលម្តងទៀត អ្នកត្រូវតែពន្យល់កូនអ្នក ពីហេតុផលដែលពួកគេបានធ្វើខុស។
៣.ផ្តល់ហេតុផលអំពីការណែនាំរបស់អ្នក៖
កូនក្មេងម្នាក់ នឹងមិនយល់ពីគោលបំណងដែលនៅពីក្រោយ ការណែនាំ ដូចជា “ការចូលគេងឱ្យបានទៀងពេលនៅពេលយប់” នោះទេ។ ក្នុងនាមជាឪពុកម្តាយ ត្រូវមានតួនាទីក្នុងការពន្យល់ពីហេតុផលទាំងនេះ តាមរបៀបដែលក្មេងអាចយល់បាន។ អ្នកមិនត្រូវនិយាយពាក្យដូចជា “ ម៉ាក់ប្រាប់ឱ្យទៅគេង កូនត្រូវទៅគេង” “ កុំសួរហេតុផល ទៅគេងភ្លាម!” ការមិនប្រើហេតុផល អាចធ្វើឱ្យក្មេងយល់ខុស ហើយកូនៗរបស់អ្នក នឹងបញ្ចេញអាកប្បកិរិយាប្រឆាំងនឹងរឿងដែលពួកគេមិនយល់។
៤.បង្កើតវិន័យ បន្ទាប់ពីការពិភាក្សាគ្នា៖
ប្រសិនបើលោកអ្នក បង្កើតវិន័យថ្មី នោះលោកអ្នកត្រូវនិយាយជាមួយកូនជាមុនសិន មុនពេលអនុវត្ត វិន័យទាំងនោះ។ ការធ្វើបែបនេះ កូនរបស់លោកអ្នក អាចក្លាយទៅជាផ្នែកមួយនៃវិន័យ និងដឹងច្បាស់នូវរឿងដែលអ្នកមិនចង់ឱ្យពួកគេធ្វើ។ ការពិភាក្សាជាមួយកូន ធ្វើឱ្យពួកគេមានអារម្មណ៍ថា ពួកគេជាសមាជិកសំខាន់នៅក្នុងគ្រួសារ។ កូនរបស់លោកអ្នកនឹងមានការទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួន ហើយអាចនឹងស្ទាក់ស្ទើរ ក្នុងការធ្វើរឿង ដែលខុស។
៥.ផ្តល់ជម្រើសដល់កូន៖
អ្នកត្រូវសួរយោបល់កូនសិន មុនពេលសម្រេចចិត្តធ្វើរឿងអ្វីមួយសម្រាប់កូន។ សម្រាប់មនុស្សវ័យជំទង់អាចមានអារម្មណ៍ស្រងូតស្រងាត់ នៅពេលគ្មាននរណាម្នាក់សួរពីចំណង់ចំណូលចិត្តរបស់ពួកគេ មុនពេលធ្វើការសម្រេចចិត្តសម្រាប់ពួកគេ។ ៦.ស្តាប់នៅពេលកូននិយាយរឿងអ្វីមួយ៖
ការធ្វើជាអាណាព្យបាលល្អ គឺត្រូវស្តាប់ នៅពេលកូនមានរឿងចង់ចែករំលែកជាមួយអ្នក។ ការស្តាប់ពីសកម្មភាពប្រចាំថ្ងៃ ក៏ដូចជាភាពជោគ ជ័យរបស់ពួកគេ គឺមានសារៈសំខាន់ខ្លាំងសម្រាប់កូនៗ។ អ្នកត្រូវស្តាប់កូនរបស់លោកអ្នកគ្រប់ពេល ដែលពួកគេចង់ចែករំលែក។
៧.ធ្វើជាគំរូល្អ៖
ក្នុងនាមជាឪពុកម្តាយ ត្រូវធ្វើជាគំរូល្អ ដោយអនុវត្តគ្រប់កិច្ចការដែលអ្នកសុំឱ្យកូនធ្វើ ព្រោះក្មេងៗ នឹងរៀនទំលាប់ល្អៗពីឪពុកម្តាយ។ អ្នកត្រូវចងចាំ ការចិញ្ចឹមបីបាច់កូនឲ្យបានល្អ ឬមិនល្អ គឺអាស្រ័យលើអ្នក។ វា គឺជាទំនួសខុសត្រូវរបស់អ្នក ក្នុងនាមជាឪពុកម្តាយ៕
រក្សាសិទ្ធិដោយ៖ www.konkmeng.com