របៀបជ្រើសរើសសាលាមត្តេយ្យ ឬសាលាមើលថែក្មេងៗសម្រាប់កូនៗលោកអ្នក
- ការអប់រំ
- ខែធ្នូ 23, 2019
១.តើសាលាមត្តេយ្យគឺជាអ្វី?
សាលាមត្តេយ្យ គឺជាកន្លែងមួយសម្រាប់ទទួលមើលថែ បង្ហាត់បង្រៀនក្មេងៗ ដែលមានអាយុមិនទាន់គ្រប់អនុញ្ញាតឱ្យរៀននៅសាលាបឋមសិក្សាបាន។ បច្ចុប្បន្ន អាណាព្យាបាលដែលរវល់នឹងការងារច្រើន ឬមួយចង់ឱ្យកូនៗទទួលបានការអប់រំបណ្ដើរៗ មុននឹងពួកគេចូលថ្នាក់បឋមសិក្សា ភាគច្រើនគឺតែងយកកូនទៅដាក់នៅសាលាឯកជន។ សាលាមត្តេយ្យកូនក្មេងឯកជនជាទូទៅ ទទួលឱ្យចុះឈ្មោះចូលរៀនសម្រាប់កុមារដែលមានអាយុចាប់ពី២ឆ្នាំឡើង ប៉ុន្ដែនេះក៏អាស្រ័យលើលក្ខខណ្ឌនៃសាលានីមួយៗផងដែរ។
២.តើសាលាមត្តេយ្យមានសារៈសំខាន់ដែរឬទេ?
ការសិក្សាមួយបានបង្ហាញថា កុមារដែលឆាប់ចូលរៀន នឹងធ្វើឱ្យសមត្ថភាពនៃការគិត ការពិចារណាបានប្រសើរជាងក្មេងដែលចូលរៀនយឺតយ៉ាវ ព្រមទាំងកាត់បន្ថយនៅក្នុងការរៀនត្រួតថ្នាក់ ជាដើម។ មិនតែប៉ុណ្ណោះ មានការសិក្សាខ្លះទៀតរកឃើញថា សិស្សដែលបានចូលថ្នាក់មត្តេយ្យទាំងវ័យក្មេង នៅពេលអនាគត ឱកាសធ្លាក់ខ្លួនប្រឡូកក្នុងសង្គមក្មេងទំនើងមានភាគរយតិចតួចបំផុត ព្រោះពួកគេទទួលបានការអប់រំ និងសិក្សានូវជំនាញដែលពាក់ព័ន្ធនឹងសីលធម៌ និងឥរិយាបថនៅក្នុងការរស់នៅជាដើម។៣.វិធីជ្រើសរើសសាលាមត្តេយ្យសម្រាប់កូនៗលោកអ្នក
ឪពុកម្តាយគួរតែជ្រើសរើសសាលាមត្តេយ្យ សម្រាប់កូនជាទីស្រលាញ់របស់លោកអ្នក ដោយផ្អែកលើគុណភាពគ្រូ កម្មវិធីសិក្សា វិធីសាស្រ្ដអប់រំ គោលការណ៍របស់គ្រឹះស្ថានសិក្សា និងស្ថានភាពទូទៅក្នុងសាលាទាំងមូល។
មុននឹងលោកអ្នកជ្រើសរើសសាលាណាមួយ គួរបានជួបពិភាក្សាសួរព័ត៌មានឱ្យបានច្បាស់អំពីសាលា និងពិនិត្យសង្កេតមើលបរិស្ថាននៃបរិវេណសាលា និងអ្វីៗផ្សេងៗទៀតរបស់សាលា។ លោកអ្នកត្រូវប្រាកដថា អ្វីដែលសាលាបានផ្សព្វផ្សាយ និងអ្វីដែលលោកអ្នកឃើញផ្ទាល់ភ្នែក គឺមានភាពដូចគ្នា។
ម្យ៉ាងទៀត លោកអ្នកក៏គួរតែដើរមើលឱ្យបានយ៉ាងតិចក៏៤ទៅ៥សាលាដែរ ដើម្បីយកមកប្រៀបធៀបមើលថា តើសាលាណាមួយត្រូវនឹងអ្វីដែលលោកអ្នកចង់បាន និងមានគុណភាពល្អដែលអាចជួយបណ្តុះបណ្តាលឱ្យកូនៗលោកអ្នកទទួលបានការអប់រំល្អ។ ប្រាកដណាស់ ពេលខ្លះលោកអ្នកក៏ត្រូវផ្ទៀងផ្ទាត់ជាមួយនឹងផ្នែកហិរញ្ញវត្ថុផ្ទាល់ខ្លួនផងដែរ។ការសិក្សារកឃើញថា គ្រូដែលមានកម្រិតអប់រំខ្ពស់ នឹងអាចផ្ដល់ការមើលថែទាំដែលមានគុណភាពល្អ។ លោកអ្នកគួរស្វែងរកសាលាមានគ្រូ មានសញ្ញាបត្រគរុសល្យជំនាញខាងការអភិវឌ្ឍកុមាររយៈពេល៤ឆ្នាំ ឬផ្នែកណាមួយដែលទាក់ទងនឹងការអភិវឌ្ឍកុមារ។ គ្រូបង្រៀនត្រូវមានភាពវិជ្ជមាន និងយកចិត្តទុកដាក់លើក្មេងៗ ដោយរក្សាស្នាមញញឹមជានិច្ចជាមួយក្មេង ដឹកដៃពួកគេ ព្យាយាមឆ្លើយសំនួរដែលពួកគេឆ្ងល់ និងមិនបញ្ចេញអាកប្បកិរិយាស្អប់ ធុញ ឬស្រែកដាក់ក្មេងៗជាដើម។
ចំពោះអាហារូបត្ថម្ភក៍វិញ ក្នុងនាមជាអាណាព្យាបាលក៏ត្រូវពិនិត្យមើលផងដែរ ចំពោះចំណីអាហារដែលសាលានឹងផ្ដល់ឱ្យកូនរបស់លោកអ្នកញ៉ាំ ព្រោះសុខភាពក្មេងម្នាក់ៗអាចនឹងខុសគ្នា។ ពេលខ្លះ សុខភាពពួកគេអាចនឹងប្រតិកម្ម (អាឡាក់ស៊ី)ជាមួយអាហារប្រភេទខ្លះក៏ថាបាន។ ចុចតំណភ្ជាប់នេះ អាហារប្រតិកម្មប៉ះពាល់សុខភាពទារក ស្វែងយល់ពីប្រភេទអាហារដែលអាចមានប្រតិកម្មជាមួយនឹងទារក!
ក្រៅពីនេះ លោកអ្នកក៏ត្រូវពិនិត្យមើលចំពោះកម្មវិធីបង្រៀន សមត្ថភាពជំនាញរបស់គ្រូ សោភាព ទីធ្លាសាលា និងឧបករណ៍សម្រាប់ក្មេងលេងនានា ថាតើវាអាចនឹងធ្វើឱ្យកូនលោកអ្នករីកចម្រើន ផ្នែកខួរក្បាលដែរឬទេ? ឧទាហរណ៍ដូចជា ឧបករណ៍ក្មេងលេងដែលអាចផ្ដល់ចំណេះដឹងផ្នែកវិទ្យាសាស្រ្ដ ដល់ពួកគេជាដើម៕
រក្សាសិទ្ធិដោយ៖ www.konkmeng.com