វិធីសាស្ត្រជ្រើសរើសឧបករណ៍ ឬសម្ភារៈសម្រាប់ក្មេងលេង ជួយបង្កើនការយល់ដឹង និងភាពឆ្លាតវៃសម្រាប់កូនៗ
- ការអប់រំ
- ខែធ្នូ 12, 2019
ជាធម្មជាតិ កុមារ និងក្មេងតូចៗភាគច្រើន តែងចូលចិត្តឧបករណ៍សម្រាប់ក្មេងលេង ព្រោះថា ឧបករណ៍ក្មេងលេង មិនត្រឹមតែផ្ដល់ការកម្សាន្តសប្បាយដល់កុមារទេ ក៏ចូលរួមចំណែកជួយឱ្យកុមារមានភាពវៃឆ្លាតផងដែរ។ នៅពេលដែលកូនៗរបស់លោកអ្នកសប្បាយជាមួយនឹងឧបករណ៍ក្មេងលេង នឹងផ្ដល់នូវបទពិសោធន៍ដ៏ល្អសម្រាប់ពួកគេ ព្រោះកូនតូចរបស់លោកអ្នកនឹងរៀនពីរបស់ទាំងអស់នោះដោយឯកឯង។
តើអ្វីដែលជាបញ្ហានោះ គឺឪពុកម្ដាយមួយចំនួនមិនសូវដឹងថា គួរជ្រើសយកឧបករណ៍ ឬសម្ភារៈសម្រាប់លេងបែបណា ដើម្បីឱ្យសមស្របនឹងក្មេងៗនោះទេ។ ជាការពិត ពេលខ្លះលោកអ្នកប្រហែលចេះតែទិញដើម្បីលួងពួកគាត់មួយពេលៗតែប៉ុណ្ណោះ។ ថ្ងៃនេះគេហទំព័រ កូនកេ្មង (www.konkmeng.com)សូមបង្ហាញតិចនិចមួយចំនួន ក្នុងការជ្រើសយកឧបករណ៍ក្មេងលេងសម្រាប់កូនតូចៗ៖១.ជ្រើសឧបករណ៍លេងណាដែលស្របទៅតាមវ័យរបស់កូនៗលោកអ្នក
ក្នុងការទិញឧបករណ៍សម្រាប់ក្មេងលេងឱ្យកូនៗ លោកអ្នកត្រូវពិនិត្យមើលថា តើប្រភេទនៃរបស់ទាំងនោះ សមនឹងវ័យរបស់កូនលោកអ្នកដែរឬទេ? ព្រោះឧបករណ៍ក្មេងលេងខ្លះ មានលក្ខណៈស្មុគស្មាញពេក ធ្វើឱ្យក្មេងពិបាកលេង ពិបាកយល់ ហើយអាចនឹងមានគ្រោះថ្នាក់ដល់ពួកគេក៏ថាបាន។ រីឯខ្លះទៀត ពេលខ្លះអាចនឹងស្រួលពេកចំពោះក្មេងៗ ដែលមានវ័យរៀងទ្រើសបន្ដិច ដែលធ្វើឱ្យពួកគេឆាប់ធុញទៅវិញ។
២.ជ្រើសឧបករណ៍លេងណា ដែលមានភាពស្រដៀងទៅនឹងភេទ និងបុគ្គលិកលក្ខណៈរបស់កូនៗ
លោកអ្នកត្រូវសង្កេតមើលថា តើកូនៗលោកអ្នកចូលចិត្តអ្វី ចាប់អារម្មណ៍លើអ្វី ឬចរិតរបស់គាត់បែបណាជាដើម ដើម្បីដឹងថាពួកគាត់អាចនឹងចូលចិត្តឧបករណ៍ក្មេងលេងប្រភេទណា។
៣.ជ្រើសឧបករណ៍លេងណា ដែលនាំឱ្យកូនៗលោកអ្នកប្រើការស្រមើស្រមៃ
លោកអ្នកត្រូវជៀសវាងជ្រើសឧបករណ៍លេងណា ដែលលេងបានតែ១ ឬ២របៀប។ ផ្ទុយទៅវិញ ត្រូវជ្រើសយកសម្ភារៈអ្វីដែលលេងមិនសូវធុញ និងអាចធ្វើឱ្យកូនៗលោកអ្នក ប្រើអារម្មណ៍ ស្មារតីស្រមើស្រមៃលើវត្ថុទាំងនោះបានច្រើនបែប។ ជាឧទាហរណ៍ដូចជា តុក្កតាជារូបសត្វខ្លា ដែលមានដៃជើងអាចបត់បែនបាន គឺមានភាពប្រសើរជាងតុក្កតាខ្លាដែលប្រើថ្មពិល ហើយបន្លឺសម្លេងស្រែកធម្មតា។ ការលេងរបស់ដែលមិនមានម៉ាស៊ីនបន្លឺ ឬកាយវិការស្វ័យប្រវត្តិ អាចធ្វើឱ្យកុមារមានគំនិតច្នៃប្រឌិតជាងរបស់ដែលផ្ដល់កាយវិការស្រាប់ៗឱ្យក្មេងឃើញ។៤.ជ្រើសឧបករណ៍លេងណាដែលកូនៗលោកអ្នកអាចធ្វើអ្វីមួយទៅលើវាបាន
លោកអ្នកអាចជ្រើសរើសអ្វីដែលកូនលោកអ្នកលេងជាមួយបាន អាចកាច់ចុះកាច់ឡើង ឬផ្គុំចុះឡើងបាន។ ឧទាហរណ៍ដូចជា តុក្កតាធំៗ ឧបករណ៍សង់ផ្ទះ ឬរបស់ផ្សេងៗដែលអាចរៀបបានជាដើម។ ឧបករណ៍ក្មេងលេងប្រភេទនេះអាចធ្វើឱ្យកូនលោកអ្នកបង្ហាញពីភាពឆ្លាតវៃ និងជួយអភិវឌ្ឍការគិតរបស់ពួកគេផងដែរ។
៥.ផ្ដល់ឧបករណ៍ក្មេងលេងឱ្យច្រើនប្រភេទខុសៗគ្នា តាមតែអាចធ្វើទៅបាន
អត្ថប្រយោជន៍នៃឧបករណ៍សម្រាប់ក្មេងលេង ដែលមានប្រភេទខុសៗគ្នា អាចជួយឱ្យក្មេង ឬកុមារ៖
+របស់ក្មេងលេងដូចជា ឡាន ប្រដាប់សង់ផ្ទះ រូបសត្វ តុក្កតារូបមនុស្ស ឬរូបភាព ឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃនានា។ វត្ថុទាំងអស់នេះ សុទ្ធតែអាចជួយឱ្យកូនៗលោកអ្នកបញ្ចេញគំនិតផ្ទាល់ខ្លួន ដើម្បីលេង ដោះស្រាយ និងផ្សារភ្ជាប់ជាមួយធម្មជាតិដែលនៅជុំវិញពួកគេ។
+របស់ក្មេងលេងដូចជា ឡានដឹកដី គ្រឿងចក្រ ផ្គុំរូបភាព (Puzzle) សុទ្ធតែអាចធ្វើឱ្យកូនៗលោកអ្នកអភិវឌ្ឍផ្នែកការគ្រប់គ្រងសាច់ដុំ និងអន្ដរកម្មរវាងដៃ និងភ្នែក ព្រមទាំងសតិបញ្ញាផងដែរ។ +របស់ក្មេងលេងដូចជា ក្រដាសសៀវភៅ កូល័រ ការផាត់ពណ៌ ជាដើម គឺធ្វើឱ្យកូនៗលោកអ្នករីកចម្រើនផ្នែកអក្សរសាស្ត្រ និងការដោះស្រាយបញ្ហាជាដើម។
+របស់ក្មេងលេងដូចជា បាល់ ការជិះកូនកង់ កូនឡាន កៅស៊ូសម្រាប់ហក់លោត អាចធ្វើឱ្យកូនៗលោកអ្នករឹងមាំផ្នែកសុខភាពរាងកាយ។
ជារួមមក ឧបករណ៍សម្រាប់ក្មេងលេង គឺអាចធ្វើឱ្យកុមារធ្វើតេស្ដទៅលើការគិតចំពោះពិភពធម្មជាតិ និងអភិវឌ្ឍផ្នែកការគិត បង្កើតភាពច្នៃប្រឌិតថ្មីៗ។ បើទោះយល់ថាសម្ភារៈ ឬឧបករណ៍សម្រាប់ក្មេងលេងទាំងអស់មានប្រយោជន៍ក៏ពិតមែនយ៉ាងណាក្តី ឪពុកម្តាយ និងអាណាព្យាបាល ក៏ត្រូវប្រាកដក្នុងចិត្តដែរថា ឧបករណ៍ក្មេងលេងទាំងនោះ គឺមិននាំមកនូវគ្រោះថ្នាក់ដល់ពួកគាត់៕
រក្សាសិទ្ធិដោយ៖ www.konkmeng.com