វិធីសាស្រ្ត៨យ៉ាង លុបបំបាត់អាកប្បកិរិយាច្រណែន និងបង្កើតទម្លាប់ល្អសម្រាប់កូនៗលោកអ្នក
- ការអប់រំ
- ខែវិច្ឆិកា 9, 2019
ចំពោះកុមារ លោកអ្នកអាច សង្កេតឃើញសញ្ញានៃការច្រណែន តាមរយៈអាកប្បកិរិយារបស់ពួកគេ ដូចជាវាយក្មេងដទៃ ដណ្តើមរបស់លេង ឬមិនឱ្យក្មេងដទៃលេងរបស់ខ្លួនជាដើម។ ការច្រណែនកើតមានជាទូទៅចំពោះក្មេងគ្រប់រូប ប៉ុន្តែប្រសិនបើអ្នកបណ្តោយតាមដំណើរ វា នឹងធ្វើឱ្យនផលប៉ះពាល់ខ្លាំងដល់ជីវិតកូនអ្នកនៅពេលពួកគេធំឡើង។
មុនពេលរកដំណោះស្រាយលើបញ្ហានេះ លោកអ្នកត្រូវប្រាកដថា រូបអ្នកផ្ទាល់មិនមានចិត្តច្រណែនជាមួយនឹងបងប្អូន មិត្តភក្តិ ឬអ្នកជិតខាងនោះទេ។ ប្រសិនបើលោកអ្នក មិនអាចលុបបំបាត់ ការច្រណែនរវាងខ្លួនឯងចំពោះអ្នកដទៃ នោះអ្នកនឹងមិនអាចដោះស្រាយបញ្ហា ច្រណែន ដែលកើតមានចំពោះកូនអ្នកបានដោយប្រសិទ្ធភាពនោះទេ។ ខាងក្រោមនេះ ជាវិធីសាស្រ្តមួយចំនួនសម្រាប់ដោះស្រាយបញ្ហាការច្រណែនចំពោះកូនក្មេង៖ ១.ធ្វើឱ្យការច្រណែនក្លាយទៅជាមហិច្ឆិតាបែបវិជ្ជមាន៖ ការផ្តល់ឱ្យកូនអ្នកនូវថាមពលវិជ្ជមាន គឺជាវិធីសាស្រ្ត ដ៏ល្អបំផុតមួយ ក្នុងការជួយកាត់បន្ថយអារម្មណ៍អវិជ្ជមាន និងខំប្រឹងអភិវឌ្ឍឆ្ពោះទៅរកគោលដៅវិជ្ជមាន។ ឧទាហរណ៍ថា កូនរបស់លោកអ្នកមិនសប្បាយចិត្ត ព្រោះមិត្តភក្តិទទួលបានពិន្ទុល្អ។ ក្នុងនាមលោកអ្នកជាអាណាព្យាបាល ត្រូវលើទឹកចិត្តកូន ឱ្យពួកគេខំរៀនបន្ថែម ដើម្បីទទួលបានលទ្ធផលល្អ។ នៅពេលដែលកូនលោកអ្នក មានទម្លាប់រៀន ពួកគេនឹងលែងប្រៀបធៀបខ្លួនឯងជាមួយក្មេងដទៃហើយ ព្រោះពួកគេ នឹងងាកទៅផ្តោតលើគោលដៅត្រឹមត្រូវវិញ។
២.ស្តាប់ពីបញ្ហារបស់កូន៖ អាកប្បកិរិយាច្រណែនគ្នា ចាក់ឫសយ៉ាងជ្រៅក្នុងចិត្ត។ នៅពីក្រោយអាកប្បកិរិយា បែបនេះ សុទ្ធតែមានមូលហេតុ ឬបញ្ហាជាក់លាក់ណាមួយមិនខាន។ ដូច្នេះហើយ លោកអ្នកត្រូវជជែកជាមួយកូន ស្វែងយល់ និងស្តាប់ពីហេតុផល ដែលធ្វើឱ្យកូនលោកអ្នក កើតមានចិត្តច្រណែននរណាម្នាក់បែបហ្នឹង។
៣.អានរឿង៖ ការអានរឿងដែលមានបង្កប់នូវសារអប់រំឱ្យកូនស្តាប់ ក៏ជាវិធីសាស្រ្តដ៏ល្អមួយដែរ។ ទោះអ្នកមិន បានលើកយកចំណុចអប់រំចំៗមកណែនាំកូន តែកូនរបស់លោកអ្នក នឹងយល់ពីគំនិតអប់រំក្នុងសាច់រឿងតាម ដំណាក់កាលនៃការអភិវឌ្ឍរបស់គេ។ លោកអ្នកត្រូវបង្កើតទម្លាប់អានសៀវភៅមុនពេលចូលគេង និងទិញសៀវភៅអប់រំឱ្យបានច្រើន ព្រមទាំងជជែកជាមួយកូនពីផលវិជ្ជមាននៃការជួយអ្នកដទៃ មើលថែ និងការធ្វើអំពើល្អជាដើម។ ការធ្វើបែបនេះ ជួយឱ្យកូនអ្នកយល់ពីអ្វីដែលជាអំពើខុសឆ្គង។
៤.ការពន្យល់ដោយប្រើឧទាហរណ៍៖ វិធីសាស្ត្រមួយទៀត សម្រាប់បង្រៀនកូនពីសារៈសំខាន់នៃការមាន អារម្មណ៍វិជ្ជមានចំពោះអ្នកដទៃ គឺការធ្វើជាគំរូដោយផ្ទាល់។ លោកអ្នកត្រូវចេះសរសើរអំពីភាពកំប្លុកកំប្លែង អាកប្បកិរិយាល្អ ឬចំណុចល្អៗរបស់អ្នកដទៃនៅចំពោះមុខកូន។៥.បង្រៀនកូនពីសារៈសំខាន់នៃការចែករំលែក៖ ក្មេងៗតែងមានអារម្មណ៍ខឹង ប្រឆាំងនឹងក្មេងដទៃដោយ គ្មានមូលហេតុ។ បើនេះជារឿង ដែលកើតមានចំពោះកូនរបស់លោកអ្នក ក្នុងនាមជាអាណាព្យាបាល ត្រូវបង្រៀន កូនតូច អំពីសារៈសំខាន់នៃការចេះចែករំលែក និងការមើលថែគ្នាទៅវិញទៅមក។ ការណ៍នេះ នឹងជួយឱ្យពួកគេ លុបបំបាត់អារម្មណ៍ច្រណែន ហើយមិនយូរមិនឆាប់ កូនរបស់លោកអ្នក នឹងចូលចិត្តលេងជាមួយក្មេងដទៃ ដែលគេធ្លាប់ ច្រណែនពីមុនមក។
៦.មានស្រឡាញ់ចំពោះកូន៖ ការចិញ្ចឹមបីបាច់ ថែទាំប្រកបដោយក្តីស្រឡាញ់ និងយកចិត្តទុកដាក់ អាច ជួយដោះស្រាយគ្រប់បញ្ហា និងអាចដោះស្រាយបញ្ហាបានលឿនជាងធម្មតា។
៧.បញ្ឈប់ការប្រៀបធៀប៖ មិនត្រូវប្រៀបធៀបកូនម្នាក់ ជាមួយកូនម្នាក់ទៀត ឬក្មេងដទៃនោះទេ ព្រោះវាធ្វើឱ្យកូនៗ មានអារម្មណ៍ថា បាត់បង់តម្លៃ ព្រោះទង្វើបែបនេះ នឹងអាចបន្សល់ទុកជារូបភាពបែបអវិជ្ជមានមួយយូរអង្វែង។ ការប្រៀបធៀបគ្រប់រូបភាព នឹងធ្វើឱ្យក្មេងកើតចិត្តច្រណែន និងមិនសប្បាយចិត្ត។
៨.បណ្តុះ និងពង្រឹងអាកប្បកិរិយាសហការគ្នា៖ ការសហការណ៍គ្នា គឺជាវិធីសាស្រ្តសាមញ្ញបំផុតមួយ ជួយកម្ចាត់ ការច្រណែនចេញពីកូនក្មេង។ ត្រង់ចំណុចនេះ លោកអ្នកត្រូវបង្កើត និងផ្តល់ពេលវេលាឱ្យពួកគេធ្វើការជាមួយគ្នា ចែករំលែកជួយគ្នាទៅវិញទៅមក និងសហការគ្នាធ្វើកិច្ចការអ្វីមួយ។ ជាបន្តបន្ទាប់ ពួកគេនឹងបន្តអនុវត្តអាកប្បកិរិយាបែបនេះ នៅពេលដែលពួកគេដឹងថា លោកអ្នកចង់ឱ្យពួកគេធ្វើវា។ ការចូលរួមយ៉ាងសកម្មពីឪពុកម្តាយ នឹងជះឥទ្ធិពលវិជ្ជមានដល់កូនៗ ហើយក៏ជួយឱ្យពួកគេមានជំនឿចិត្តលើខ្លួនឯង និងមិនមានអារម្មណ៍ច្រណែនអ្នកដទៃទៀតនោះឡើយ៕
រក្សាសិទ្ធិដោយ៖ www.konkmeng.com