វ័យទើបតែ១៦ឆ្នាំ កុមារ បាហ្ស៊ី ក្លាយជាមនុស្សដ៏អស្ចារ្យម្នាក់ ល្បីល្បាញក្នុងពិភពបច្ចេកវិទ្យា
- ការអប់រំ
- ខែធ្នូ 3, 2019
ប្រទេសជាច្រើននៅលើពិភពលោក កំពុងផ្តោតការយកចិត្តទុកដាក់ ជំរុញ និងបណ្តុះបណ្តាលធនធានមនុស្សនៅក្នុងវិស័យបច្ចេកវិទ្យា ដោយធ្វើយ៉ាងណាសំដៅទាញយកសក្កានុពលពីវវិស័យមួយនេះ ដើម្បីចូលរួមអភិវឌ្ឍសង្គម និងសម្រួលដល់ការរស់នៅរបស់មនុស្សឱ្យកាន់តែប្រសើរ និងកាន់តែងាយស្រួល។
នៅក្នុងចំណោមប្រទេសដែលរីកចម្រើនខ្លាំងនៅក្នុងវិស័យបច្ចេកវិទ្យា ឬវិទ្យាសាស្ត្រកុំព្យូទ័រ ឥណ្ឌា ក៏ជាប្រទេសមួយផងដែរ ដែលមានការរីកចម្រើនខ្លាំង នៅក្នុងវិស័យដ៏ពេញនិយមមួយនេះ។ អ្នកជំនាញខាងអាយធី (Information Technology) ជនជាតិឥណ្ឌាមិនតិចនាក់នោះទេ ដែលកំពុងធ្វើការនៅតាមស្ថាប័នលំដាប់ពិភពលោកល្បីៗដូចជា Naza, Google ឬIBM ជាដើម។នៅក្នុងចំណោមអ្នកបច្ចេកវិទ្យាល្បីៗរបស់ប្រទេសឥណ្ឌា មានកុមារមួយរូបឈ្មោះ តានមាយ បាហ្ស៊ី (Tanmy Bakshi) ទើបមានអាយុ១៦ប៉ុណ្ណោះ បច្ចុប្បន្នរៀននៅថ្នាក់ទី១០ និងមានជំនាញផ្នែកអភិវឌ្ឍកម្មវិធីផ្សេងៗនៃបច្ចេកវិទ្យា (Software Developer) នៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយរបស់សហរដ្ឋអាមេរិ IBM។ បាហ្ស៊ី មានឪពុកជាអ្នកជំនាញកម្មវិធីកុំព្យូទ័រ (Computer Programmer) ព្រមទាំងជាសាស្ត្រាចារ្យគណិតវិទ្យា និងជាអ្នកវិទ្យាសាស្ត្រ ធ្វើការក្រៅម៉ោងនៅចុងសប្តាហ៍។
មុននឹងឈានមកដល់ចំណុចនេះ កុមារ បាហ្ស៊ី ទទួលបានការបង្ហាត់បង្រៀនពីឪពុកនូវភាសាមូលដ្ឋានគ្រឹះកុំព្យូទ័រមួយចំនួនដូចជា FoxPro និង Batch ជាដើម។ កាលចាប់ផ្តើមស្គាល់កុំព្យូទ័រដំបូង បាហ្ស៊ី យល់ថា វាដូចជារបស់ក្មេងលេង និងដូចជាហ្គេមមួយប្រភេទចឹង។ ជាបន្តបន្ទាប់ បាហ្ស៊ី បានចាប់ផ្តើមរៀនភាសា Visual Basic និង Objective-C។ជាមួយនឹងភាពឆ្លាតវៃរបស់ បាហ្ស៊ី បានធ្វើឱ្យកុមារជនជាតិឥណ្ដារូបនេះបានក្លាយជាអ្នកជំនាញផ្នែកអភិវឌ្ឍកម្មវិធីកុំព្យូទ័រ នៅក្នុងក្រុមហ៊ុនផលិតកុំព្យូទ័រដ៏ល្បី IBM Watson។ នៅអាយុ៩ឆ្នាំ បាហ្ស៊ី បានចាប់ផ្តើមអភិវឌ្ឍកម្មវិធី IOS (IOS App) មួយ ដោយដាក់ឈ្មោះថា T Tables។
ក្រៅពីភាពអស្ចារ្យទាំងនេះ បាហ្ស៊ី ក៏ជាអ្នកនិពន្ធសៀវភៅ និងជាគ្រូបង្រៀនតាម YouTube លើមុខវិជ្ជាផ្សេងៗដូចជា កម្មវិធីកុំព្យូទ័រ វិទ្យាសាស្ត្រ គណិតវិទ្យា និងអំពីបច្ចេកវិទ្យាក្រុមហ៊ុន IBM ជាដើម។ ឆាណែល យូធូប (Channel YouTube) របស់គាត់ឈ្មោះ Tanmay Teaches ហើយរហូតដល់ពេលបច្ចុប្បន្នមានអ្នកចុចគាំទ្រ (Subscribers) ដល់ទៅជាង៣២ម៉ឺននាក់ និងមានវីដេអូតែប្រមាណជិត២០០វីដេអូប៉ុណ្ណោះ។ សម្រាប់ទៅអនាគត កុមារ បាហ្ស៊ី បានកំណត់ផែនការរបស់ខ្លួនចំនួន៣ចំណុចសំខាន់ៗ រួមមាន៖
ទី១.បន្ដអភិវឌ្ឍន៍បច្ចេកវិទ្យា ហើយវាក៏ជាហេតុផលមួយដែលជំរុញឲ្យរូបគេបង្កើតមាតិកាជាច្រើន ដើម្បីលើកទឹកចិត្ត និងជំរុញអ្នកដែលមានភាពច្នៃប្រឌិត បានសិក្សាចំណេះដឹងថ្មីៗពីឆាណែល យូធូប (YouTube Channel) ពីសៀវភៅ និងការបង្ហោះលើបណ្ដាញសង្គមផ្សេងៗរបស់រូបគេផងដែរ។ទី២.ចង់បង្កើនចំនួនអ្នកជំនាញអភិវឌ្ឍកម្មវិធីកុំព្យូទ័រ (Developer) ដើម្បីធ្វើការជាមួយបច្ចេកវិទ្យាការសិក្សាជាមួយម៉ាស៊ីន ដើម្បីបង្កើតជាសហគមន៍ចែករំលែកចំណេះដឹងសាធារណៈមួយ។
ទី៣.ប្រើប្រាស់បច្ចេកវិទ្យា ដើម្បីទៅជួយផ្នែកការថែទាំសុខភាព ដែលវាអាចជួយមនុស្សបានច្រើនលាននាក់។ ចំណែកឯការរកស៊ីបើកអាជីវកម្មផ្ទាល់ខ្លួន បាហ្ស៊ី មិនទាន់សម្រេចចិត្តនៅឡើយទេ គឺត្រូវការគិតពេលវេលា និងការគិតគូរបន្ថែមទៀត៕
រក្សាសិទ្ធិដោយ៖ www.konkmeng.com