ហេតុអ្វីក្មេងស្រីចាំបាច់ត្រូវដឹងពីបញ្ហាសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ?
- ការអប់រំ
- ខែធ្នូ 7, 2019
ធម្មជាតិខ្មាសអៀនច្រើនរបស់ស្ត្រី ឬក្មេងស្រីខ្មែរ និងផ្នត់គំនិតដែលដាំជ្រៅទៅក្នុងប្រពៃណី ទំនៀមទម្លាប់ បើទោះមកដល់សម័យទំនើបនេះក្តី ការលើកយកមកនិយាយជាសាធារណៈអំពីបញ្ហាសុខភាពផ្លូវភេទ ឬសុខភាពបន្តពូជ មានស្ត្រី ឬអាណាព្យាបាល ពិសេសចាស់ទុំមួយចំនួនធំ នៅតែមានគំនិតថា ការអប់រំរឿងផ្លូវភេទ គឺជារឿងមិនល្អ មិនសមរម្យ ដោយពួកគាត់អាចយល់ច្រឡំថា ជាការបង្រៀនក្មេងៗឱ្យចេះរួមភេទ ឬធ្វើការដកស្រង់បទពិសោធពីបញ្ហាផ្លូវភេទជាដើម។
តែបើតាមពិតទៅ បើយោងទៅតាមអ្នកជំនាញផ្នែកវេជ្ជសាស្ត្រ លោកស្រីវេជ្ជបណ្ឌិត ឡេង មោនីភាព ប្រធាននាយកដ្ឋានស្រ្តី និងសុខភាព នៃក្រសួងកិច្ចការនារី លើកឡើងថា វាមិនមែនជារឿងអ្វីអាក្រក់នោះទេ តែវាជាចំណេះដឹងមួយដែលក្មេងស្រីត្រូវតែបានដឹង និងស្វែងយល់ឱ្យបានច្បាស់។លោកស្រីវេជ្ជបណ្ឌិត បានលើកឡើងបន្ថែមនៅក្នុងន័យថា យូរ ឬឆាប់ ក្មេងស្រីនឹងក្លាយទៅជាភរិយា ក្លាយទៅជាម្តាយរបស់គេ។ លោកស្រីបន្តថា បើតាមរបាយការណ៍នៃការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា ឆ្នាំ២០១៤(Cambodia Demographic and Health Survey) បានរកឃើញថា ១២% នៃក្មេងស្រីវ័យក្មេង មានអាយុចាប់ពី ១៥ ដល់ ១៩ឆ្នាំ មានបទពិសោធន៍ក្នុងការមានផ្ទៃពោះ និងមានកូន។
ខាងក្រោមខាងនេះ គឺជាអំណះអំណាង និងហេតុផលមួយចំនួន ដែលថាក្មេងស្រីគួរតែយល់ និងដឹងឱ្យបានច្បាស់ អំពីបញ្ហាសុខភាពផ្លូវភេទ និងសុខភាពបន្តពូជ៖
•ចំណេះដឹងដែលទាក់ទងនឹងការលូតលាស់ ការបម្រែបម្រួលផ្នែករាងកាយ ផ្នែកអារម្មណ៍ រួមទាំងផ្លូវភេទ មានសារៈសំខាន់។
•ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ចូលសារអប់រំលើប្រធានបទខាងលើ ទៅក្នុងកម្មវិធីសិក្សាតាំងពីថ្នាក់ទី៦។
•ក្រសួង មន្ទីរ ស្ថាប័ន សង្គមស៊ីវិល និងអង្គការជាតិ អន្តរជាតិនានាជាច្រើនទៀត កំពុងតែអនុវត្តកម្មវិធីអប់រំលើប្រធានបទខាងលើដល់ក្មេងស្រីផងដែរ។លោកស្រីវេជ្ជបណ្ឌិត ឡេង មោនីភាព បានចង្អុលបង្ហាញថា តាមរយៈប្រធានបទនេះ នឹងធ្វើឱ្យក្មេងស្រី បានយល់ដឹងកាន់តែច្បាស់អំពី៖
១.យល់ដឹងច្បាស់ និងត្រៀមខ្លួនជាស្រេច ពីការលូតលាស់ និងការបម្រែបម្រួលផ្នែករាងកាយ អារម្មណ៍ ពីវ័យជំទង់ ទៅជាមនុស្សពេញវ័យ និងលែងមានការបារម្ភ ការភ័យខ្លាច ជាពិសេសពេលមានរដូវ។
២.ការប្រែប្រួលផ្នែករាងកាយៈ ជាទូទៅចាប់ពីអាយុ១០ ដល់១៤ឆ្នាំ ក្មេងស្រីចាប់ផ្តើមកត់សម្គាល់ថា រាងកាយរបស់ពួកគេមានការប្រែប្រួល ដូចជា ដើមទ្រូងចាប់ផ្តើមលូតលាស់ សុដន់ចាប់ផ្តើមរីកធំ ត្រគាករាងមូលក្លុំ ផ្ទៃមុខចេញមុន មានការលូតកំពស់ ក្លៀក និងសរីរាង្គ ភេទ ចាប់ផ្តើមមានដុះរោម។
៣.ការប្រែប្រួលអារម្មណ៍ ដូចជា ម្តងសប្បាយ ម្តងមិនសប្បាយចិត្ត ម្តងខឹង និងជួនកាលមានភាពច្របូកច្របល់ក្នុងចិត្ត។
៤.ការប្រែប្រួលទាំងនេះហើយដែលហៅថា ភាពពេញវ័យ ឬភាពគ្រប់ការ និងជាពេលមួយដែលរាងកាយរបស់ក្មេងស្រីចាប់ផ្តើមផលិតមេជីវិតញី និងចាប់ផ្តើមមានរដូវ។
៥.មើលឃើញផ្លូវភេទក្នុងផ្លូវវិជ្ជមាន មានន័យថា ចាត់ទុកថារឿងផ្លូវភេទជារឿងធម្មតា ដែលក្នុងមួយជីវិតរបស់មនុស្សម្នាក់ៗ ត្រូវការទំនាក់ទំនងមានដៃគូស្នេហា ចំណង់ផ្លូវភេទ ត្រូវការរួមភេទ ត្រូវការបន្តពូជ ដើម្បីបន្តវង្សត្រកូលបង្កើតជាកូន ជាចៅ។ ៦.នៅពេលដែលក្មេងស្រី វិវត្តខ្លួនក្លាយជាមនុស្សពេញវ័យ ក្មេងស្រីចាប់ផ្តើមមានចំណង់ចំណូលចិត្ត សេចក្តីស្រលាញ់ ឬការចូលចិត្តនូវវត្ថុជាទីស្រលាញ់ ចាប់ផ្តើមរៀបចំខ្លួនឱ្យស្អាត និងចំណង់ផ្លូវភេទផងដែរ។
៧.នេះមានន័យថា យើងបានត្រៀមខ្លួនធ្វើការពិចារណា និងឆ្លើយតបនឹងអារម្មណ៍ផ្លូវភេទបានត្រឹមត្រូវ ចេះថែរក្សាការពារខ្លួន និងមានសមត្ថភាពនិយាយថា ទេ ប្រសិនបើអ្នកមិនចង់។
៨.មនុស្សគ្រប់រូប ត្រូវការសុខុមាលភាពផ្លូវភេទ ក្នុងនាមជាយុវវ័យដែលជាទំពាំងស្នងឫស្សី ត្រូវចេះគ្រប់គ្រងអារម្មណ៍ផ្លូវភេទរបស់ខ្លួន ជំនួសដោយការលេងកីឡា អានសៀវភៅ ដំណើរកម្សាន្តនានា។
៩.ទោះបីសិទ្ធិផ្លូវភេទ ចំណង់ផ្លូវភេទ មិនត្រូវគេហាមឃាត់ដល់បុគ្គលម្នាក់ៗក៏ដោយ តែបុគ្គលគ្រប់រូប ជាពិសេស យុវវ័យត្រូវស្វែងយល់ឲ្យបានច្បាស់ពីការរួមភេទ ប្រកបដោយសុវត្ថិភាព មានន័យថា រួមភេទមួយដែលបានផ្តល់នូវសុខភាពល្អ ហើយការពារខ្លួនអ្នក និងដៃគូរបស់អ្នកជៀសផុតពីការចម្លងរោគ កាមរោគ អេដស៍ និងការមានកូនដែលមិនចង់បាន។
ការអប់រំក្មេងស្រីឱ្យយល់ដឹងពីការបម្រែបម្រួល ផ្នែករាងកាយ ផ្នែកអារម្មណ៍ ផ្នែកផ្លូវភេទ ជារឿងសំខាន់ និងចាំបាច់ជាទីបំផុត ដើម្បីចូលរួមក្នុងការអភិវឌ្ឍន៍សង្គម និងប្រទេសជាតិ៕
រក្សាសិទ្ធិដោយ៖ www.konkmeng.com