អ្នកជំនាញ៖ មានក្មេងចំនួន៨០ម៉ឺននាក់បានស្លាប់ជារៀងរាល់ឆ្នាំ ដោយសារកង្វះខាតទឹកដោះម្ដាយ
- សង្គម
- ខែវិច្ឆិកា 23, 2019
ក្រុមអ្នកស្រាវជ្រាវមកពីអង្គការសុខភាពពិភពលោក(WHO) និងអង្គការយូនីសែហ្វ(Unicef) បានធ្វើការប៉ាន់ស្មានថា មានកុមារចំនួន៨០ម៉ឺននាក់នៅទូទាំងពិភពលោកស្លាប់ជាងរៀងរាល់ឆ្នាំ ដោយសារកង្វះការចិញ្ចឹមបីបាច់ដោយទឹកដោះម្ដាយ។ ទោះយ៉ាងណា កត្តានេះអាចនឹងបង្ការបាន បើសិនជាមនុស្សទូទាំងពិភពលោក ងាកមកជ្រើសរើសវិធីចិញ្ចឹមទារកដោយទឹកដោះម្ដាយវិញ។ នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មានផ្នែកវេជ្ជសាស្ត្រ The Lancet។
អ្នកជំនាញព្រមានថា ប្រទេសអង់គ្លេស គឺជាប្រទេសដែលមានអត្រាបំបៅកូនដោយទឹកដោះម្ដាយ ក្នុងរយៈពេលវែងខ្លីបំផុតនៅលើពិភពលោក ហើយកត្តានេះអាចមានគ្រោះថ្នាក់ដល់ជីវិតរបស់ទារក។ មានចំនួនតែ០.៥%នៃចំនួនក្មេងទូទាំងប្រទេសអង់គ្លេស ដែលទទួលបានការចិញ្ចឹមដោយទឹកដោះម្ដាយរយៈពេល១ឆ្នាំពេញ។ បើធៀបទៅនឹងប្រទេសផ្សេងៗវិញ ឃើញថា ហាក់បីដូចជាខុសគ្នាឆ្ងាយណាស់ ដោយប្រទេសឥណ្ឌាមានចំនួនដល់ទៅ៩២% ញូហ្សេឡែនមានចំនួន៤៤% និងអាមេរិកមានចំនួន២៧%។
សាស្រ្ដាចារ្យ រ៉ាស់សែល វីនណ័រ (Russell Viner) ដែលមកពីមហាវិទ្យាល័យ ឱសថសាស្ត្រ និងសុខភាពកុមារ (Royal College of Paediatrics and Child Health) បានថ្លែងប្រាប់សារព័ត៌មានអង់គ្លេស The Daily Mail ថា៖ «អត្ថប្រយោជន៍នៃការចិញ្ចឹមកូនដោយទឹកដោះម្ដាយ ត្រូវបានផ្សព្វផ្សាយឱ្យយល់ដឹងជាសាធារណៈ ប៉ុន្ដែការខិតខំប្រឹងប្រែងផ្សព្វផ្សាយមួយនេះ មានប្រសិទ្ធភាពក្នុងរយៈពេលខ្លីខ្លាំងណាស់។ ចំណែកឯលទ្ធផលវិញ គឺកំពុងតែឆក់យកជីវិតកុមារហើយ»។វេជ្ជបណ្ឌិត ម៉ាទីន វ៉ដផ្លាត (Martin Ward-Platt) អ្នកឯកទេសផ្នែកពិគ្រោះយោបល់ឱសថព្យាបាលកុមារ នៃមន្ទីរពេទ្យភូមិន្ទវីកតូរីញ៉ូខេស្តល (Newcastle’s Royal Victoria Infirmary) បាននិយាយថា«មានការផ្លាស់ប្ដូរវប្បធម៌ខ្លាំង បន្ទាប់ពីសង្រ្គាមលោកលើកទី២ត្រូវបានបញ្ចប់។ បច្ចេកវិទ្យា និងវិទ្យាសាស្ត្រ បានធ្វើឱ្យមានការផ្លាស់ប្ដូរទម្រង់បែបបទនៃការចិញ្ចឹមទារក»។
ការចិញ្ចឹមទារកដោយទឹកដោះម្ដាយត្រូវបានបង្ហាញថា អាចកាត់បន្ថយភាពធាត់លើសទម្ងន់របស់ក្មេង អត្រានៃជំងឺទឹកនោមផ្អែម និងការឆ្លងរោគនានា។ វាមិនត្រឹមតែអាចកាត់បន្ថយហានិភ័យ នៃការស្លាប់ដោយមិនដឹងមូលហេតុរបស់ទារក(sudden infant death)នោះទេ ថែមទាំងអាចបង្កើនភាពវ័យឆ្លាតដល់ពួកគាត់ទៀតផង។
ចំណែកឯអត្ថប្រយោជន៍ចំពោះស្រ្ដីដែលបំបៅកូនដោយទឹកដោះខ្លួនផ្ទាល់វិញ គឺមានហានិភ័យទាបបំផុត ចំពោះការកើតជំងឺមហារីកសុដន់។ អ្នកស្រាវជ្រាវប៉ាន់ស្មានថា ជីវិតស្រ្ដីចំនួន២ម៉ឺននាក់នៅទូទាំងពិភពលោក គួរតែអាចស្រោចស្រង់បាន បើពួកគាត់បំបៅកូនដោយទឹកដោះរបស់ខ្លួន៕
រក្សាសិទ្ធិដោយ៖ www.konkmeng.com