ឪពុកម្តាយដែលមានកូនជោគជ័យ តែងតែធ្វើនូវរឿងរ៉ាវទាំង៥យ៉ាងនេះ
- ការអប់រំ
- ខែវិច្ឆិកា 15, 2019
ភាពជោគជ័យរបស់កូនៗមួយចំណែក កើតឡើងពីការរួមផ្សំនៃសកម្មភាពរបស់ឪពុកម្តាយ និងមជ្ឈដ្ឋាននៅជុំវិញ។ ព្រោះឪពុកម្តាយ មានតួនាទីចិញ្ចឹមពួកគេ មិនត្រឹមតែផ្គត់ផ្គង់ចំណីអហារ ការស្លៀកពាក់ ចាយវាយប៉ុណ្ណោះទេ តែតួនាទីដ៏សំខាន់មួយទៀតមិនអាចខ្វះបាន គឺការអប់រំ ណែនាំប្រៀនប្រដៅ បង្ហាញផ្លូវ ដែលអាចជួយឱ្យពួកគេ ឆ្ពោះទៅកាន់ក្តីស្រមៃនាអនាគត។
១.លើកទឹកចិត្ត និងធ្វើជាគំរូល្អ៖ ចាប់តាំងពីឆ្នាំ១៩៣៨ អ្នកជំនាញបានសិក្សាលើក្រុមបុរស ៤០០នាក់ ក្រោមគម្រោងមួយឈ្មោះ Grant Study ដោយតាមដានលើបែបបទនៃការរស់នៅ ការចិញ្ចឹមកូន និងការជ្រើសរើសគូរស្រករ និងផលប៉ះពាល់ដែលអាចកើតមាន។ លទ្ធផលនៃការសិក្សានេះ បានបង្ហាញថា កូនសោឆ្ពោះទៅរកសុភមង្គល និងសុខភាពល្អ មិនអាស្រ័យលើមាសប្រាក់នោះទេ តែអ្វីដែលសំខាន់នោះ គឺរក្សាទំនាក់ទំនងល្អនៅក្នុងគ្រួសារ។ ដូច្នេះហើយ បើអ្នកអាចរក្សាទំនាក់ទំនងល្អជាមួយមិត្តភក្តិ និងសមាជិកគ្រួសារ ក៏ដូចជាលើកទឹកចិត្តឱ្យយកូនៗរបស់អ្នក រក្សាទំនាក់ទំនងល្អបាន ពួកគេនឹងទទួលបានអត្ថប្រយោជន៍ច្រើនក្នុងជីវិត។
២.សរសើរឱ្យបានញឹកញាប់ តែតាមវិធីមួយដ៏ត្រឹមត្រូវ៖ ការជឿជាក់ និងការមានអំនួតលើខ្លួនឯង មានលក្ខណៈខុសគ្នា ដូច្នេះហើយ វាសំខាន់ណាស់ ក្នុងការលើកសរសើរឱ្យត្រូវកាលៈទេសៈ។ តាមការស្រាវជ្រាវរបស់សកលវិទ្យាល័យ Stanford University បានលើកឡើងថា ការសរសើរកូនៗរបស់លោកអ្នកលើការខិតខំប្រឹងប្រែង ជាជាងការសរសើរផ្តោតលើសមត្ថភាព ជួយឱ្យពួកគេមានការអភិវឌ្ឍវិជ្ជមានលើផ្នែកគំនិតស្មារតីពេញមួយជីវិត។
៣.បង្រៀនកូនៗឱ្យចេះជួយកិច្ចការផ្ទះ៖ ឪពុកម្តាយភាគច្រើនជួយកូនៗរបស់ពួកគេធ្វើកិច្ចការសាលា និងមិនឱ្យកូនៗធ្វើកិច្ចការផ្ទះនោះទេ ដើម្បីឱ្យពួកគេមានពេលវេលាច្រើនផ្តោតលើការសិក្សា។ ផ្ទុយទៅវិញ នេះគឺជាវិធីខុសឆ្គងមួយ។ តាមរយៈការសិក្សារបស់សកលវិទ្យាល័យ Harward បានឱ្យដឹងថា ការបង្រៀនកូនៗពីជំនាញជីវិតពិតប្រចាំថ្ងៃ ដូចជាការចំអិនអាហារ និងការរៀបចំផែនការរៀនដោយខ្លួនឯង ធ្វើឱ្យពួកគេមានភាពម្ចាស់ការ និងទំនួសខុសត្រូវលើខ្លួនឯង។
៤.ឪពុកម្តាយកំណត់គោលដៅខ្ពស់ និងរំលឹកកូនៗជាញឹកញាប់ពីគោលដៅក្នុងជីវិត៖ វាជាការភ្ញាក់ផ្អើរមួយសម្រាប់ឪពុកម្តាយ ដែលមិនជឿលើការដាក់សំពាធលើកូនៗរបស់ពួកគេ។ ការស្រាវជ្រាវមួយនៅសកលវិទ្យាល័យ Sussex បានបង្ហាញថា ឪពុកម្តាយដែលកំណត់ស្តង់ដាខ្ពស់សម្រាប់កូនស្រីរបស់ពួកគេ និងតែងដាស់តឿនក្រើននរំលឹកកូនៗជារឿយៗ អាចជួយឱ្យកូនៗរបស់ពួកគេជោគជ័យក្នុងជីវិតរស់នៅ។ ពួកគេអាចជួយឱ្យកូនស្រីរបស់ពួកគេជៀសផុតពីការមានផ្ទៃពោះមុនពេលរៀបការ ការបោះបង់ចោលការសិក្សា ឬការងារដែលមានប្រាក់ខែទាប។
៥.ជួយកូនៗជ្រើសរើសគូរស្រករដ៏ត្រឹមត្រូវ៖ យោងតាមការស្រាវជ្រាវរបស់សកលវិទ្យាល័យ Washington ការជ្រើសរើសមនុស្សត្រឹមត្រូវក្នុងជីវិតអាពាហ៍ពិពាហ៍ ជួយឱ្យមនុស្សភាគច្រើនជោគជ័យក្នុងជីវិតស្ទើរគ្រប់ចំណុច ដូចជាធ្វើបានល្អនៅកន្លែងធ្វើការ ទទួលបានការឡើងតំណែង និងមានស្ថានភាពហិរញ្ញវត្ថុល្អជាង បើប្រៀបធៀបជាមួយនឹងអ្នកដែលមានជីវិតអាពាហ៍ពិពាហ៍មិនល្អ។ ដូច្នេះ ការរៀបការជាមួយនឹងមនុស្សដែលឪពុកម្តាយជ្រើសរើសឱ្យ ក៏ដូចជាការជ្រើសរើសគូស្រករដោយខ្លួនឯង តែមានការយល់ស្របពីឪពុកម្តាយ ជាទូទៅមានលក្ខណៈប្រសើរ និងជោគជ័យក្នុងជីវិត៕
រក្សាសិទ្ធិដោយ៖ www.konkmeng.com