៧របៀបនៃការបង្កើតទម្លាប់ ក្នុងការធ្វើកិច្ចការសាលាដ៏ល្អសម្រាប់កូនៗ
- ការអប់រំ
- ខែវិច្ឆិកា 14, 2019
ការធ្វើកិច្ចការសាលា មិនមែនត្រឹមតែជាការរៀនពីមុខវិជ្ជាដែលគ្រូដាក់ឱ្យប៉ុណ្ណោះនោះទេ តែក៏ជាឱកាសមួយដែលបង្រៀនឱ្យក្មេងៗ រៀនចេះអំពីអ្វីទៅជាទំនួលខុសត្រូវផងដែរ។ ការធ្វើកិច្ចការសាលាអាចជារឿងពិបាកសម្រាប់ក្មេងៗ តែប្រសិនបើមានការជួយពីលោកប៉ា និងអ្នកម៉ាក់ វាអាចប្រែក្លាយជាបទពិសោធន៍រៀនសូត្រដ៏វិជ្ជមានសម្រាប់ក្មេងៗផងដែរ។
ថ្ងៃនេះ konkmeng សូមនាំយក ៧ ចំណុច ដែលជាបៀបនៃការបង្កើតទម្លាប់ធ្វើកិច្ចការសាលាដ៏ល្អ ដែលឪពុកម្ដាយ និងកូនៗគួរអនុវត្ត៖
១.បង្កើតទីកន្លែងធ្វើកិច្ចការសាលាដ៏សាកសមមួយ
ទីតាំងសម្រាប់ធ្វើកិច្ចការសាលាដ៏សមរម្យមួយ គួរតែជាទីតាំងមួយដែលមានសណ្ដាប់ធ្នាប់ ស្ងៀមស្ងាត់ មិនមានការរំខានអារម្មណ៍ និងស្មារតី ពីមជ្ឈដ្ឋានផ្សេងៗ មានពីទូរទស្សន៍ សម្លេងក្មេងលេងប្រលែងគ្នា ឬមនុស្សនិយាយទូរស័ព្ទជាដើម។
២.កំណត់ពេលវេលាធ្វើកិច្ចការសាលាដ៏ទៀងទាត់មួយ
ក្មេងខ្លះអាចនឹងធ្វើកិច្ចការសាលាបានយ៉ាងល្អ បន្ទាប់ពីចេញពីសាលារៀនភ្លាមៗនៅពេលថ្ងៃ ឯក្មេងខ្លះទៀត អាចនឹងធ្វើកិច្ចការសាលាបានល្អនៅពេលល្ងាច បន្ទាប់ពីចំណាយពេលលេងអស់មួយស្របក់ធំ ចំណែកឯក្មេងខ្លះទៀត អាចនឹងពិបាកសម្របតាម លុះត្រាតែដាក់កំហិតពួកគេដូចជា «ហាមមិនឱ្យលេងហ្គេមពេលមិនទាន់ធ្វើកិច្ចការសាលារួច» ជាដើម។
៣.អនុញ្ញាត្តឱ្យកូនៗលោកអ្នកមានសិទ្ធិកំណត់ច្បាប់ទម្លាប់
លោកប៉ា និងអ្នកម៉ាក់ គួរតែប្រាកដចិត្តថា កូនៗយល់ស្របជាមួយនឹងពេលវេលា និងទីកន្លែងដែលពួកគេចំណាយពេលរៀន ដើម្បីចៀសវាងពួកគេង៉ក់ងនៅពេលបន្ទាប់។៤.ព្យាយាមសង្កេតមើលទម្លាប់ធ្វើកិច្ចការសាលារបស់ពួកគេ
លោកប៉ា និងអ្នកម៉ាក់ គួរតែសង្កេតឱ្យបានដិតដល់ ដូចជា តើក្មេងៗមានបញ្ហាធ្វើលំហាត់ត្រង់ចំណុចមួយណាឬទេ? តើមានការរំខានដោយប្រការណាមួយចំពោះពួកគេ ដូចជា ទូរស័ព្ទ ទូរទស្សន៍ ឬក៏ការជជែកគ្នាអ្វីដែរឬទេ? ប្រសិនបើមាន លោកអ្នកគួរតែគិតរកច្បាប់ទម្លាប់ថ្មី ឬក៏ពិភាក្សាបញ្ហានេះជាមួយគ្រូបង្រៀនរបស់កូនៗ។
៥.ចៀសវាងធ្វើកិច្ចការសាលាឱ្យពួកគេ
ជារឿងមួយដ៏ល្អ ដែលលោកប៉ា និងអ្នកម៉ាក់ ជួយកូនៗឱ្យផ្ចង់ស្មារតីធ្វើកិច្ចការសាលា និងតម្រង់ទិសឱ្យពួកគេ ប៉ុន្តែក្នុងនាមជាអណាព្យាបាល គួរតែឱ្យក្មេងៗធ្វើកិច្ចការដោយខ្លួនឯង។ ទុកពេលឱ្យពួករៀនធ្វើដោយខ្លួនឯង ពួកគេអាចធ្វើខុស ធ្វើមិនបានល្អ តែនោះគឺជាលទ្ធផលដែលពួកគេធ្វើដោយខ្លួនឯង ជាឪពុកម្តាយ ចាំជួយកែសម្រួល ឬបង្ហាញផ្លូវដល់ពួកគេជាក្រោយ។
៦.ផ្ដល់ការវាយតម្លៃបែបវិជ្ជមាន
ឧស្សាហ៍សង្កេតមើលការធ្វើកិច្ចការសាលារបស់ក្មេងៗជាប្រចាំ និងសរសើរពួកគេនៅពេលដែលពួកគេបំពេញកិច្ចការបានល្អ។ ប្រសិនបើកូនៗធ្វើខុស លោកប៉ាអ្នកម៉ាក់មិនគួររិះគន់ពួកគេនោះទេ ប៉ុន្តែលោកប៉ាអ្នកម៉ាក់ គួរតែបង្ហាត់បង្រៀនពួកគេបន្ថែម និងជួយសម្រួលនូវចំណុចដែលពួកគេពិបាកយល់ ពិបាកធ្វើ។
៧.រក្សាទំនាក់ទំនងជាមួយគ្រូបង្រៀនរបស់កូនៗ
ប្រសិនបើកូនៗរបស់លោកអ្នកមានបញ្ហា ឬមិនមានបញ្ហាធ្វើកិច្ចការសាលាយ៉ាងណានោះ លោកប៉ា និងអ្នកម៉ាក់ គួរតែជម្រាបលោកគ្រូ ឬអ្នកគ្រូឱ្យបានដឹងជាមុន ដូច្នេះទើបលោកគ្រូ និងអ្នកគ្រូអាចដាក់កម្រិតលំហាត់ឱ្យសាកសមនឹងពួកគេ ឬអាចវាស់ស្ទង់កម្រិតនៃការយល់របស់ពួកគេបាន៕
រក្សាសិទ្ធិដោយ៖ www.konkmeng.com