៧វិធី បង្កើតទម្លាប់ឱ្យកូនៗរៀនគេងម្នាក់ឯង ដោយមិនមានការភ័យខ្លាច
- ការអប់រំ
- ខែវិច្ឆិកា 20, 2019
ឪពុកម្តាយស្ទើរគ្រប់ៗរូប តែងតែផ្តល់នូវការស្រលាញ់ ថ្នាក់ថ្នម មើលថែកូនៗ ទាំងប្រុសស្រីរបស់ខ្លួនដោយក្តីស្រលាញ់ចំពោះកូន គឺកើតឡើងតាំងពីពេលដឹងថា ខ្លួន ឬភរិយារបស់ខ្លួនមានផ្ទៃពោះ។ បន្តបន្ទាប់រហូតដល់ប្រសូត្រចាកផ្ទៃ ទំហំនៃក្តីស្រលាញ់ក៏កាន់តែមានធំឡើងៗ ហើយកាតព្វកិច្ចដ៏សំខាន់របស់ឪពុកម្តាយ គឺចិញ្ចឹម និងការអប់រំ ដោយធ្វើយ៉ាងណាចង់ឱ្យកូនៗលូតលាស់ល្អ ធំឡើងមានសមត្ថភាព មានម្ចាស់ការ មានទំនួលខុសត្រូវនៅក្នុងការរស់នៅ។
បើទោះមានក្តីស្រឡាញ់ធំធេងយ៉ាងណាចំពោះពួកគេក្តី ក៏ក្នុងនាមជាឪពុកម្តាយ ឬអាណាព្យាបាល មិនគួរទម្រើស បណ្តោយតាមចិត្តចំណង់របស់ពួកគេខ្លាំងពេកនោះទេ គួរមានកាលៈទេសៈ បង្រៀន និងទម្លាប់ឱ្យកូនៗលោកអ្នក មានម្ចាស់ការលើអ្វីមួយដោយខ្លួនឯង សូម្បីតែការគេងរបស់ពួកគេជាដើម។ ខាងក្រោមនេះ ជាវិធីសាស្ត្រ៧យ៉ាង បង្កើតទម្លាប់ឱ្យពួកគេគេងម្នាក់ឯង ដោយមិនភ័យខ្លាច៖
១.វត្ថុ ឬឧបករណ៍ណាដែលរំខានស្មារតីក្មេងៗ ត្រូវទុកដាក់ឱ្យឆ្ងាយ៖
ឪពុកម្តាយ ឬជាអណាព្យាបាលរបស់ក្មេងៗ គួរតែយកចេញនូវសម្ភារៈអេឡិចត្រូនិចផ្សេងៗ ដូចជា ទូរទស្សន៍ កុំព្យូទ័រ ទូរស័ព្ទដៃ និងឧបករណ៍ផ្សេងៗទៀត ចេញពីបន្ទប់គេងរបស់កូនៗ។ អ្នកប្រឹក្សាយោបល់ផ្នែកអាណាព្យាបាល លោក Judith Owens បានលើកឡើងថា ពន្លឺចេញពីកញ្ចក់ ទូរទស្សន៍ វីដេអូហ្គេម និងគ្រឿងអេឡិចត្រូនិចផ្សេងទៀត អាចធ្វើឱ្យក្មេងៗពិបាកក្នុងការគេង ហើយការប្រើប្រាស់ពន្លឺស្រទន់ ឬស្រអាប់ៗជំនួសវិញ ដូចជាអំពូលចង្កៀងរាត្រី ក៏អាចជួយបានដែរ ប្រសិនបើកូនៗរបស់លោកអ្នកត្រូវការ។២.បង្កើតទម្លាប់មុនចូលគេង៖
មុជទឹកក្ដៅឧណ្ហៗ ស្លៀកសំលៀកបំពាក់គេងយប់ ដុសស្អាតធ្មេញ និងអានសៀវភៅរឿងនិទាន គឺជាការបណ្តុះទម្លាប់ដ៏ល្អដល់ពួកគេ មុនពេលចូលគេង។ យោងទៅតាម លោក Judith Owens បានឱ្យដឹងថា ការបង្កើតទម្លាប់ល្អៗបែបនេះជួយបំប៉នស្មារតីក្មេងៗ និងកាត់បន្ថយភាពភ័យខ្លាចនាពេលយប់ ហើយការធ្វើបែបនេះជារឿយៗឱក្លាយទៅជាទម្លាប់ អាចជួយកាត់បន្ថយស្រ្តេសរបស់ក្មេងៗផងដែរ។
៣.កាត់បន្ថយវត្តមានរបស់លោកអ្នក៖
ជាឪពុកម្តាយ ឬអាណាព្យាបាល គួររៀនដើរចេញពីបន្ទប់គេងរបស់កូនៗ មុនពេលដែលពួកគេគេងលក់ ដូច្នេះ ពួកគេនឹងរៀនគេងលក់ដោយខ្លួនឯង ដោយមិនចាំបាច់មានឪពុកម្តាយនៅជាមួយ។ នៅត្រង់ចំណុចនេះ លោក Judith Owens ក៏បានលើកឡើងថា ប្រសិនបើលោកអ្នកនៅក្នុងបន្ទប់ជាមួយកូនៗ គប្បីកុំគេងនៅលើគ្រែរបស់ពួកគេ ឬនិយាយឆ្លើយឆ្លងជាមួយពួកគេ គឺលោកអ្នកគួរតែព្យាយាមរក្សា ចម្ងាយពីពួកគេម្ដងបន្តិចៗ ដើម្បីឱ្យពួកគេកាត់បន្ថយការពឹងផ្អែកលើលោកអ្នក។
៤.បណ្ដុះអារម្មណ៍មានសុវត្ថិភាពឱ្យកូនៗ៖
នៅពេលដែលក្មេងៗគេងម្នាក់ឯង ពួកគេអាចនឹងស្រមៃថា មានអ្វីមួយនៅខាងក្រោមគ្រែរបស់ពួកគេ ដែលជាហេតុនាំឱ្យភ័យខ្លាច នៅពេលដែលគ្មានឪពុកម្តាយនៅជាមួយ។ ដោះស្រាយចំពោះចំណុចនេះ លោកអ្នក គួរតែកាត់បន្ថយភាពភ័យខ្លាចរបស់ពួកគេ ក្រៅពីភួយតណ្តប់ លោកអ្នកគួរទិញតុក្កតាធំៗទុកឱ្យកូនៗឱប ឬក៏ទិញកូនត្រីមាសដាក់ក្នុងបន្ទប់របស់ពួកគេ។៥.ពន្យាពេលជួបពួកគេមុនចូលគេង៖
ឪពុកម្តាយភាគច្រើនចូលចិត្តដាក់កូនៗឱ្យគេង ហើយប្រាប់ថា នឹងមកមើលពួកគេម្ដងទៀតមុនចូលគេង ។ ក្នុងនាមជាឪពុកម្តាយក្មេងៗ គួរតែរក្សាសន្យាជាមួយនឹងពួកគេ ប៉ុន្តែព្យាយាមពន្យាពេលឱ្យបានយូរបន្តិច ដើម្បីមកមើលពួកគេ។ លោក Judith Owens លើកឡើងថា ប្រសិនបើ លោកអ្នកត្រឡប់មកមើលពួកគេវិញ លឿនជាង៥នាទី ប្រាកដណាស់កូនៗរបស់លោកអ្នក អ្នកនឹងមមិនទាន់គេងលក់នៅឡើយ។ ម្យ៉ាងវិញទៀត ប្រសិនបើយូរត្រឡប់មកមើលពួកគេម្តងទៀត ក្មេងៗអាចនឹងមានការភ័យខ្លាច ហើយខឹងលោកអ្នក ដែលអាចធ្វើឱ្យបះពាល់ដល់អារម្មណ៍ និងផ្លូវចិត្តរបស់ពួកគេ។
៦.គួរតឹងតែងបន្តិចជាមួយកូនៗ៖
ប្រសិនបើ កូនៗលួចចូលមកគេងជាមួយនៅពេលយប់ គួរនាំពួកគេទៅបន្ទប់គេងរបស់ពួកគេវិញ ដោយមិននិយាយច្រើន។ ពេលខ្លះ ឪពុកម្ដាយគួរតែតឹងតែងដាក់ពួកគេបន្តិច ប្រសិនបើមិនធ្វើបែបនេះ ពួកគេនឹងរឹងរូស ឬង៉ិកង៉ក់ពុំខាន។
៧.ផ្ដល់រង្វាន់លើកទឹកចិត្តដល់ពួកគេ៖
ឪពុកម្តាយគួរតែលើកទឹកចិត្តពួកគេ ដោយការផ្ដល់រង្វាន់ផ្សេងៗ ដូចជាទិញសម្លៀកបំពាក់ នាំដើរផ្សារ ញ៉ាំអាហារដែលកូនចូលចិត្ត ឬទិញអាហារបំប៉នសុខភាពរបស់ពួកគេ និងព្យាយាមមិនអើពើ នឹងទម្លាប់មិនល្អមួយចំនួនរបស់ពួកគេ ដូចជា ការយំង៉ិកង៉ក់ជាដើម៕
រក្សាសិទ្ធិដោយ៖ www.konkmeng.com