កត្តាចម្បង៦យ៉ាងនេះ ដែលឪពុកម្ដាយផ្ទាល់ធ្វើឲ្យក្មេងកើតចិត្តច្រណែនគ្នា
- ចិត្តសាស្ត្រ
- ខែកក្កដា 4, 2019
ការច្រណែនគឺជាអារម្មណ៍ម្យ៉ាងដែលតែងកើតមាននៅក្នុងជីវិតរបស់ក្មេងៗ។ អារម្មណ៍បែបនេះ អាចកើតមានដោយសារតែ បងប្អូនបង្កើត មិត្តភក្តិ ឬមិន្តរួមថ្នាក់។ ខាងក្រោមនេះគឺជាកំហុសមួយចំនួនរបស់ឪពុកម្តាយដែលធ្វើឲ្យកូនៗកើតចិត្តច្រណែនគ្នា៖
ទម្រើសកូនជ្រុល៖ ប្រសិនបើអ្នកទម្រើសកូនខ្លាំងពេក ដោយឲ្យកូនធ្វើអ្វីតាមតែចិត្តរបស់គេ នោះពេលដែល គ្រួសារអ្នកមានសមាជិកថ្មី រឺកូនរបស់អ្នកជួបប្រទះនឹងមិត្តភក្តិដែលមានអំណាចជាង កូនរបស់អ្នកនឹង មានអារម្មណ៍អសុវត្ថិភាព។ អារម្មណ៍នេះ អាចធ្វើឲ្យកូនអ្នកបាក់ទឹកចិត្ត ពេលដែលគេ មិនទទួលបាន អ្វីមួយតាមបំណងប្រាថ្នា និងមានអារម្មណ៍ថាខ្លួនឯងអន់ជាងអ្នកដទៃ ដែលនាំឲ្យកើតចិត្តច្រណែន។
ការពារកូនជ្រុល៖ ការពារកូនជ្រុលពេក ហើយថ្ងៃក្រោយក៏ឈប់ការពារ នោះនឹងធ្វើឲ្យកូនបាត់បង់ ភាពក្លាហាន អៀនច្រើន ហើយធ្វើឲ្យគេមានអារម្មណ៍ច្រណែននឹងអ្នកដទៃ ពេលដែលកូនអ្នកជួបក្មេង ដែលមានទំនុកចិត្តជាង។
ការចិញ្ចឹមបែបច្បាប់តឹងរឹង៖ ការគ្រប់គ្រងលើកូនខ្លាំងពេក ក៏ជាកំហុសដ៏ធំមួយរបស់ឪពុកម្តាយដែរ ព្រោះវាអាចធ្វើឲ្យកូនមានអារម្មណ៍ច្រណែនបាន។ ការបង្កើតវិន័យដោយគ្មានការពន្យល់ពីមូលហេតុឲ្យ បានច្បាស់លាស់ នឹងជះឥទ្ធិពលអាក្រក់ដល់ក្មេង។ ពេលកូនធំឡើង ពួកគេនឹងខ្វះភាពជឿជាក់លើខ្លួនឯង និងមានអារម្មណ៍ថាខ្លួនមិនសូវមានតម្លៃ។
ប្រៀបធៀបជាមួយអ្នកដទៃ៖ ការប្រៀបធៀបកូនរបស់ខ្លួនជាមួយនឹងក្មេងដទៃ គឺជាកំហុសដ៏ធំមួយ ហើយក៍ជាកត្តាចម្បងមួយដែលធ្វើឲ្យក្មេងកើតអារម្មណ៍ច្រណែន ឈ្នានីស និងខ្វះទំនុកចិត្តលើខ្លួនឯង។
បង្កើតការប្រកួតប្រជែកមិនសមរម្យ៖ ការឲ្យកូនធ្វើសកម្មភាពដូចនឹងអ្នកដទៃ រួចប្រៀបធៀបលទ្ធផលរបស់ពួកគេ ជាមួយអ្នកដទៃ អាចបង្កើតនូវការប្រកួតប្រជែងមួយដែលមិនសមរម្យ នឹងនាំឲ្យក្មេងកើតចិត្តច្រណែន។
លំដាប់កូន៖ ពេលខ្លះឪពុកម្តាយយកចិត្តទុកដាក់លើកូនម្នាក់អាស្រ័យលើលំដាប់កំណើត។ ឧទារណ៍ដូចជា កូនបងអាចច្រណែននឹងប្អូនដែលទើបនឹងកើត ព្រោះកូនបង ឃើញថាឪពុកម្តាយយកចិត្តទុកដាក់លើ កូនពៅច្រើនជាង។ កំណើតនៃកូនពៅ អាចធ្វើឲ្យកូនបងៗ មានចិត្តច្រណែននឹងបងប្អូន៕
រក្សាសិទ្ធិដោយ៖ www.konkmeng.com