ទម្លាប់ទាំង៦នេះរបស់ឪពុកម្តាយ ធ្វើឱ្យក្មេងៗកើតចិត្តច្រណែននឹងគ្នា
- ការអប់រំ
- ខែវិច្ឆិកា 23, 2019
ការច្រណែន គឺជាអារម្មណ៍ម្យ៉ាងដែលតែងកើតមាននៅក្នុងជីវិតរបស់ក្មេងៗ។ អារម្មណ៍បែបនេះ អាចកើតមានដោយសារតែបងប្អូនបង្កើត មិត្តភក្តិ ឬមិត្តរួមថ្នាក់។ ថ្ងៃនេះ konkmeng (កូនក្មេង) សូមលើកយកនូវចំណុចដែលអាចចាត់ទុកថា ជាកំហុសមួយចំនួនរបស់ឪពុកម្តាយ ដែលធ្វើឱ្យកូនៗកើតចិត្តច្រណែននឹងគ្នា៖
១.ទម្រើសកូនជ្រុល៖ ប្រសិនបើលោកអ្នកទម្រើសកូនខ្លាំងពេក ដោយឱ្យកូនធ្វើអ្វីតាមតែចិត្តរបស់គេ នោះពេលដែលគ្រួសារអ្នកមានសមាជិកថ្មី ឬកូនរបស់អ្នកជួបប្រទះនឹងមិត្តភក្តិ ដែលមានអំណាចជាងរូបគេ ពេលនោះកូនរបស់អ្នកនឹងមានអារម្មណ៍អសុវត្ថិភាព។ អារម្មណ៍បែបនេះ អាចធ្វើឱ្យកូនរបស់លោកអ្នកបាក់ទឹកចិត្ត ពេលដែលគេមិនទទួលបានអ្វីមួយតាមបំណងប្រាថ្នា និងមានអារម្មណ៍ថា ខ្លួនឯងអន់ជាងអ្នកដទៃ ដែលនាំឱ្យកើតចិត្តច្រណែន។
២.ការពារកូនជ្រុល៖ ការពារកូនជ្រុលពេក ហើយទៅថ្ងៃក្រោយក៏ឈប់ការពារ នោះនឹងធ្វើឱ្យកូនបាត់បង់ភាពក្លាហាន អៀនច្រើន ហើយធ្វើឱ្យពួកគេមានអារម្មណ៍ច្រណែននឹងអ្នកដទៃ ពេលដែលកូនលោកអ្នកជួបក្មេងដទៃដែលមានទំនុកចិត្តពីឪពុកម្តាយជាង។
៣.ការចិញ្ចឹមបែបច្បាប់តឹងរឹង៖ ការគ្រប់គ្រងលើកូនខ្លាំងពេក ក៏ជាកំហុសដ៏ធំមួយរបស់ឪពុកម្តាយដែរ ព្រោះអាចធ្វើឱ្យកូនមានអារម្មណ៍ច្រណែនបាន។ ការបង្កើតវិន័យដោយគ្មានការពន្យល់ពីមូលហេតុឱ្យបានច្បាស់លាស់ នឹងជះឥទ្ធិពលអាក្រក់ដល់ក្មេង។ ពេលកូនធំឡើង ពួកគេនឹងខ្វះភាពជឿជាក់លើខ្លួនឯង និងមានអារម្មណ៍ថា ខ្លួនមិនសូវមានតម្លៃ។
៤.ប្រៀបធៀបជាមួយអ្នកដទៃ៖ ការប្រៀបធៀបកូនរបស់ខ្លួនជាមួយនឹងក្មេងដទៃ គឺជាកំហុសដ៏ធំមួយ ហើយក៏ជាកត្តាចម្បងមួយ ដែលធ្វើឱ្យក្មេងកើតអារម្មណ៍ច្រណែន ឈ្នានីស និងខ្វះទំនុកចិត្តលើខ្លួនឯង។
៥.បង្កើតការប្រកួតប្រជែកមិនសមរម្យ៖ ការឱ្យកូនធ្វើសកម្មភាពដូចនឹងអ្នកដទៃ រួចប្រៀបធៀបលទ្ធផលរបស់ពួកគេជាមួយអ្នកដទៃ អាចបង្កើតនូវការប្រកួតប្រជែងមួយដែលមិនសមរម្យ នឹងនាំឱ្យក្មេងកើតចិត្តច្រណែន។
៦.លំដាប់កូន៖ ពេលខ្លះឪពុកម្តាយយកចិត្តទុកដាក់លើកូនម្នាក់ៗ អាស្រ័យលើលំដាប់កំណើត។ ឧទារណ៍ដូចជា កូនបងអាចច្រណែននឹងប្អូនដែលទើបនឹងកើត ព្រោះកូនបង ឃើញថា ឪពុកម្តាយយកចិត្តទុកដាក់លើកូនពៅច្រើនជាង។ កំណើតនៃកូនពៅ អាចធ្វើឱ្យកូនបងៗ មានចិត្តច្រណែននឹងបងប្អូនគ្នាឯងក៏មាន៕
រក្សាសិទ្ធិដោយ៖ www.konkmeng.com