រឿង៤យ៉ាងដែលក្មេងៗគួរចេះ មុនពួកគេចាប់ផ្ដើមចូលរៀនលើកដំបូង
- ការអប់រំ
- ខែធ្នូ 23, 2019
នៅក្នុងការចាប់ផ្ដើមថ្នាក់មត្តេយ្យជាលើកដំបូង កុមារដែលមានចំណេះដឹងគ្រឹះល្អ គឺអាចបន្សាំខ្លួនបានយ៉ាងឆាប់រហ័សជាមួយនឹងមជ្ឈដ្ឋាននៅក្នុងសាលារៀន។ ប្រាកដណាស់ ពួកគេមិនមែនត្រូវចេះរាល់អ្វីៗទាំងអស់នោះទេ ប៉ុន្ដែបើកូនៗលោកអ្នកចេះនូវចំណុចទាំង១០ខាងក្រោមនេះ អាចជួយដល់ពួកគេបានយល់ដឹងពីបញ្ហាផ្សេងៗបានមួយចំនួនធំ។
១.បង្ហាញពីអារម្មណ៍ (verbalize wants and needs)ក្មេងដែលធ្វើការស្វាគមន៍អ្នកដទៃដោយប្រើពាក្យ «សួស្ដី» ក្មេងដែលធ្វើការស្នើសុំគ្រូបង្រៀន អំពីអ្វីដែលខ្លួនត្រូវការ ក្មេងដែលចេះនិយាយការពារខ្លួនឯង គឺសុទ្ធតែអាចមានសកម្មភាពល្អ ទំនាក់ទំនងល្អ ទាំងនៅក្នុងសង្គមក្មេងៗដូចគ្នា ក្នុងចំណោមមនុស្សទូទៅ ពិសេសចំពោះគ្រូបង្រៀនរបស់ពួកគេ។ លោកអ្នកគួរតែបង្ហាត់ពួកគេឱ្យចេះនិយាយពាក្យស្វាគមន៍មួយម៉ាត់ពីរ ដើម្បីបង្កើតនូវភាពស្រស់ស្រាយ និងលក្ខណៈពិសេសរបស់ពួកគេចំពោះគ្រូ និងមិត្តភក្ដិក្មេងៗដូចគ្នា។
២.បង្ហាត់ឱ្យពួកគាត់ឃ្លាតពីឪពុកម្ដាយ (Separate from their parents) ភាពភ័យខ្លាច និងកង្វល់របស់ក្មេងនៅពេលពួកគេឃ្លាតពីឪពុកម្ដាយ គឺជារឿងធម្មតាសម្រាប់ក្មេងៗស្ទើរគ្រប់រូបទៅហើយ។ លោកអ្នកគួរនិយាយបែបវិជ្ជមានដាក់កូនៗលោកអ្នក ដូចជាប្រាប់ពួកគាត់ថា «នៅសាលាសប្បាយណាស់»។ លោកអ្នកត្រូវបញ្ចេញអាកប្បកិរិយាឱ្យកូនលោកអ្នកឃើញថា អ្នកសប្បាយចិត្តខ្លាំង ចំពោះការចូលរៀនរបស់ពួកគេ។ ក្រៅពីនេះ លោកអ្នកអាចសួរនាំកូនអំពីការសិក្សានៅសាលា ដូចជា «សប្បាយអត់?» ឬឈ្មោះក្មេងៗដែលរៀនជាមួយគ្នា ឬក៏ឈ្មោះគ្រូជាដើម ដើម្បីឱ្យពួកគេកាន់តែមានភាពជិតស្និទ្ធជាមួយគ្រូបង្រៀន ឬកូនសិស្សនៅក្នុងសាលា ដោយមិនមានភាពភ័យខ្លាចខ្លាំង។
៣.បង្ហាត់កូនៗលោកអ្នកឱ្យចេះអាន និងសរសេរលេខ ឬអក្សរមួយចំនួន (Identify some letters and letters sounds) លោកអ្នកគួរបង្ហាត់កូនៗលោកអ្នករាប់លេខមួយដល់ដប់ ឱ្យរត់មាត់រៀងរាល់ថ្ងៃ។ ម្យ៉ាងទៀត ត្រូវទាញប៊ិច ខ្មៅដៃ និងក្រដាស ហើយធ្វើជាសរសេរអក្សរមួយពីរ ឬគូររូបភាព ឬសរសេរលេខឱ្យពួកគាត់មើល ហើយសួរពួកគាត់ថាជាអ្វី? ពួកគេអាចនឹងចេះនិយាយតិចៗ យូរៗទៅពួកគាត់នឹងចាប់ផ្ដើមស្គាល់រូបភាព លេខ និងអក្សរទាំងនោះ។ ក្រោយមកទៀត អ្នកអាចចាប់ផ្ដើមកាន់ដៃពួកគាត់សរសេរ បន្ទាប់មកឱ្យពួកគាត់សរសេរខ្លួនឯង។ បើទោះបីពួកគាត់សរសេរមិនចេញក៏ដោយ តែវាក៏ជាការអភិវឌ្ឍខួរក្បាលរបស់ពួកគាត់ដែរ។ លោកអ្នកត្រូវលើកទឹកចិត្តពួកគេដោយឱប ថើប និងទះដៃឱ្យពួកគេផងដែរ នៅពេលដែលពួកគេឆ្លើយត្រូវ ឬធ្វើបានល្អ។
៤.បង្រៀនពួកគាត់អំពីអនាម័យក្នុងបន្ទប់ទឹក (Be independent in the bathroom) លោកអ្នកត្រូវបង្រៀនពួកគាត់ពេលនៅផ្ទះឱ្យហើយ អំពីការលាងដៃនឹងសាប៊ូ អនាម័យប្រដាប់ភេទ ឬសរីរាង្គបន្ទោរបង់ បន្ទាប់ពីបន្ទោរបង់រួច និងមិនឱ្យជូតដៃនឹងសម្លៀកបំពាក់ជាដើម។ បង្រៀនពួកគាត់ឱ្យចេះប្រាប់ ពេលណាដែលខ្លួនចង់បន្ទោរបង់ មិនត្រូវទ្រាំនោះទេ។ លោកអ្នកអាចបង្រៀនកូនៗ ដោយឧស្សាហ៍សួរពួកគេថា មានអារម្មណ៍ចង់បន្ទោរបង់ឬអត់ ជាដើម។
ក្រៅពីចំណុចខាងលើ ក្នុងនាមជាអាណាព្យាបាលគួរតតែបង្ហាត់ក្មេងៗឱ្យចេះធ្វើអ្វីដោយខ្លួនឯងតាមតែអាចធ្វើបាន ជាជាងធ្វើឱ្យពួកគេស្រាប់ៗ។ ការដែលពួកគេអាចធ្វើអ្វីដោយខ្លួនឯងបាន គឺអាចធ្វើឱ្យពួកគេមានទំនុកចិត្តក្នុងខ្លួន និងឆាប់ស្វែងយល់នូវរបៀបរបបរស់នៅក្នុងសង្គម និងធម្មជាតិ។ ម្យ៉ាងទៀត រាងកាយពួកគេក៏ឆាប់រឹងមាំផងដែរ៕
រក្សាសិទ្ធិដោយ៖ www.konkmeng.com