វិធីសាស្ត្រ៣យ៉ាង បណ្តុះទម្លាប់ការអានសៀវភៅសម្រាប់កូនៗលោកអ្នក
- ការអប់រំ
- ខែធ្នូ 17, 2019
«ផ្តើមក្តីស្រមៃ ដៃកាន់សៀវភៅ» គឺជាពាក្យស្លោកដ៏មានអត្ថន័យទូលំទូលាយ នៅក្នុងកម្មវិធីពិព័ណសៀវភៅថ្នាក់ជាតិ លើកទី៨ ឆ្នាំ២០១៩ ដែលទើបបញ្ចប់ទៅថ្មីៗ។ ការអាន គឺជាចំណែកមួយយ៉ាងសំខាន់ក្នុងការអភិវឌ្ឍខ្លួន ដើម្បីអាចក្លាយជាមនុស្សម្នាក់ដែលជោគជ័យនៅក្នុងជីវិត។
មនុស្សដែលមានទម្លាប់ក្នុងការអានសៀវភៅភាគច្រើន គឺខួរក្បាលរបស់ពួកគេមានភាពវៃឆ្លាត គិតអ្វីៗបានរហ័សលឿនជាងអ្នកដែលពុំសូវ ឬមិនដែលអានសៀវភៅ។ ខាងក្រោមនេះជារបៀប ឬជាវិធីសាស្រ្តមួយចំនួនក្នុងការជួយឱ្យកូនៗលោកអ្នក ចូលចិត្តការអាន និងក្លាយជាអ្នកអានដ៏ពូកែ៖
១.បណ្ដុះគំនិតស្រលាញ់សៀវភៅ៖ ជាដំបូងយើងគួរតែបណ្តុះទម្លាប់ក្នុងការស្រលាញ់សៀវភៅដល់ពួកគាត់ ដោយត្រូវជ្រើសរើសសៀវភៅសម្រាប់ក្មេងៗ ដូចជាសៀវភៅរូបភាព សៀវភៅរឿងនិទានជាដើម ដែលអាចឱ្យពួកគាត់មើលហើយ អានហើយ សប្បាយចិត្ត ចង់មើលចង់អានម្តងហើយម្តងទៀត។ ២.បណ្ដុះទម្លាប់ការអាន៖ តើយើងគួរបណ្ដុះទម្លាប់នៅក្នុងការអានសៀវភៅសម្រាប់កូនៗ តាមរបៀបណា? ពិតមែនហើយ កុំថាឡើយក្មេងៗ សូម្បីមនុស្សមានអាយុច្រើនមួយចំនួនធំ ក៏មិនចូលចិត្តនៅក្នុងការអានសៀវភៅដែរ ចុះទម្រាំក្មេងតូចៗ? ឪពុកម្តាយ ឬអាណាព្យាបាលគួរផ្តើមពីចំណុចលើកទឹកចិត្ត និងជំរុញឱ្យកូនៗស្រលាញ់សៀវភៅជាមុនសិន។ ចំណុចមួយទៀត ពេលទំនេរ ឬក្រោយអាហារពេលល្ងាចមុនចូលគេង លោកអ្នកគួរចំណាយពេលពី២០នាទី ឬកន្លះម៉ោង ជាទៀងទាត់ រៀងរាល់ថ្ងៃ ដើម្បីអានសៀវភៅឱ្យកូនស្តាប់។
៣.ពន្យល់កូនឱ្យយល់ពីអត្ថប្រយោជន៍របស់សៀវភៅ៖ តម្លៃរបស់សៀវភៅមិនស្ថិតនៅលើ មានតម្លៃថោក ឬតម្លៃថ្លៃនោះទេ តាមពិតទៅគុណតម្លៃរបស់សៀវភៅ គឺអាស្រ័យលើខ្លឹមសារនៅខាងក្នុងនៃអត្ថបទនីមួយៗប៉ុណ្ណោះ។ នៅត្រង់ចំណុចនេះ អាណាព្យាបាលគួរពន្យល់កូនៗរបស់លោកអ្នកអំពីគុណប្រយោជន៍របស់សៀវភៅ ប្រភេទសៀវភៅដែលគួរជ្រើសរើសសម្រាប់អាន។សរុបមកវិញ ដូចពាក្យដែលបុគ្គលជោគជ័យជាច្រើនតែងបានលើកឡើងថា រាងកាយមនុស្សយើងគ្រប់គ្នា គឺត្រូវការចំណីអាហារផ្សេងៗដើម្បីទ្រទ្រង់ការរស់រានមានជីវិត ចំណែកខួរក្បាល ក៏ត្រូវការចំណីអាហារផងដែរ គឺការអាន និងការសិក្សារៀនសូត្រ។
ដូច្នេះ ឪពុកម្តាយ ឬអាណាព្យាបាល ដែលប្រាថ្នាឱ្យកូនៗទទួលបានជោគជ័យនៅក្នុងជីវិតទៅថ្ងៃអនាគត គួរបណ្តុះទម្លាប់ឱ្យពួកគាត់ស្រលាញ់សៀវភៅ ចូលចិត្តអានសៀវភៅ។ សៀវភៅ គឺជាទីប្រឹក្សាជីវិតដ៏មានតម្លៃបំផុត៕
រក្សាសិទ្ធិដោយ៖ www.konkmeng.com
រូបភាពពីហ្វេសបុក Cambodia Book Fair