វិធីសាស្ត្រ៤យ៉ាង ដើម្បីគ្រប់គ្រងកំហឹងកូនរបស់លោកអ្នក
- ការអប់រំ
- ខែធ្នូ 2, 2019
នៅក្នុងអំឡុងពេលនៃការចម្រើនវ័យ ជាពិសេសគឺចន្លោះអាយុ១០ទៅ១៨ឆ្នាំ ក្មេងៗច្រើនតែមានចិត្តឆេវឆៅ ដែលខ្មែរយើងច្រើននិយាយថា «នៅក្មេងឈាមរាវ»។ ក្នុងស្ថានភាពបែបនេះ បើសិនមិនទទួលបានការអប់រំល្អពីអាណាព្យាបាល ឬឪពុកម្តាយទេ ក្មេងៗទាំងនោះអាចប្រឈមមុននឹងអនាគតដ៏ខ្មៅងងឹត។ តើអាណាព្យាបាល ឬឪពុកម្ដាយទាំងឡាយ គួរតែធ្វើដូចម្ដេចដើម្បីគ្រប់គ្រង អប់រំកូនរបស់ខ្លួននៅពេលពួកគាត់កើតមានកំហឹង?
១.បង្ហាត់កូនរបស់លោកអ្នកអំពីផ្លូវអារម្មណ៍ (Teach your child about feelings)
ជាធម្មតាទេក្មេងៗ ចូលចិត្តវាយនេះវាយនោះ ឬបោកប្រាស់របស់របរផ្សេងៗ នៅពេលពួកគេមានកំហឹងម្តងៗ។ ដូច្នេះ ដើម្បីគ្រប់គ្រង និងដោះស្រាយចំពោះឥរិយាបថរបស់ពួកគេ លោកអ្នកដែលជាអាណាព្យាបាល គួរចាប់ផ្តើមបង្រៀនឱ្យកូនៗ ចេះនិយាយបង្ហាញពីអារម្មណ៍ដែលនាំឱ្យពួកគេខឹង ឬមិនសប្បាយចិត្ត ជាដើម។ចំណែកលោកអ្នកក៏គួរតែមានពាក្យសម្តីសួរនាំទៅពួកគេវិញដែរ ដូចជាសួរថា «កូនមើលទៅហាក់បីដូចជាមិនសប្បាយចិត្ត? ឬលោកអ្នកអាចប្រើប្រាស់ពាក្យសម្តីផ្សេងដូចជា ប៉ាម៉ាក មើលទៅកូនដូចជា ក្រៀមក្រំ, មុខស្រពោន, អន់ចិត្ត, មិនស្រួលខ្លួន...។ តើកូនមានរឿងអ្វីអាចប្រាប់ម៉ាក ឬប៉ា បានទេ? ប៉ាម៉ាក ប្រាកដជាអាចជួយដោះស្រាយកូនបាន។ នៅពេលដែលលោកអ្នកឧស្សាហ៍ប្រើពាក្យទាំងអស់នេះពួកគាត់នឹងចាប់ផ្ដើមនិយាយពាក្យទាំងនោះបន្ដិចម្ដងៗ គ្រប់ពេលដែលពួកគេមានបញ្ហា ឬមានកំហឹង។ កាលដែលអាចនិយាយអារម្មណ៍របស់ខ្លួនចេញមកក្រៅ ប្រាប់អ្នកដទៃបាន គឺជាវិធីមួយអាចបន្ធូរអារម្មណ៍តានតឹងក្នុងចិត្ត និងអាចបំបាត់ការខឹងក្រេវក្រោធបាន។
២.ផ្តល់ការលួងលោម និងការស្រឡាញ់ (Give comfort and Affection)
ត្រូវធ្វើឱ្យកូនលោកអ្នកមានអារម្មណ៍ថា អ្នកយកចិត្តទុកដាក់អំពីស្ថានភាព និងអារម្មណ៍របស់ពួកគាត់។ ចំពោះក្មេងដែលទើបចេះដើរតេះតះ អាចនឹងស្ងប់អារម្មណ៍ នៅពេលមានវត្តមានរបស់លោកអ្នកមើលថែគាត់។ ម្យ៉ាងវិញទៀត ការឱបថើប គឺជាវិធីសាស្រ្ដមួយដែលធ្វើឱ្យកូនរបស់លោកអ្នកមានភាពកក់ក្ដៅ និងធូរស្បើយអារម្មណ៍។
សម្រាប់ក្មេងវ័យខ្ទង់១០ឆ្នាំជាងវិញ លោកអ្នកគួរទៅបន្ទប់និយាយណែនាំគាត់ដោយចិត្តត្រជាក់ ពាក្យសម្ដីលួងលោម ពន្យល់ឱ្យពួកគាត់យល់ពីអ្វីខុស អ្វីត្រូវ អ្វីគួរធ្វើ និងអ្វីមិនគួរធ្វើ ជាដើម។ ការជជែកគ្នាពីដើមហេតុនៃបញ្ហា អាចជួយកូនៗរបស់លោកអ្នក រំសាយកំហឹង និងបន្ធូរអារម្មណ៍បានមួយចំណែក។ ៣.ធ្វើជាគំរូល្អសម្រាប់កូនៗ (Set a good example)
ទង្វើ និងឥរិយាបថរបស់ឪពុកម្តាយ ងាយនឹងឱ្យក្មេងៗធ្វើត្រាប់តាមយើងដែលជាមនុស្សពេញវ័យ។ ដូច្នេះ ពេលដែលលោកអ្នកខឹងអ្វីមួយ លោកអ្នកគួរកុំប្រើអាកប្បកិរិយាមិនល្អឱ្យកូនឃើញ ព្រោះពួកគាត់អាចនឹងយកគំរូតាម។
៤.សរសើរអាកប្បកិរិយាល្អរបស់កូន (Praise good Behavior)
លោកអ្នកត្រូវសរសើរកូនៗ នៅពេលដែលពួកគាត់អាចគ្រប់គ្រងកំហឹងរបស់ខ្លួនបានល្អ មិនបោកប្រាស់ឥវ៉ា់ន់ ឬមិនប្រើអាកប្បកិរិយាអវិជ្ជមានណាមួយ។ ការធ្វើបែបនេះ នឹងធ្វើឱ្យក្មេងៗកាន់តែមានចិត្តក្នុងការធ្វើទង្វើល្អនេះ កាន់តែប្រសើរឡើងជាលំដាប់។
ក្រៅពីនេះ ក្នុងនាមជាអាណាព្យាបាល លោកអ្នកគួរតែព្យាយាមបង្កើតកម្មវិធីសប្បាយៗដល់កូន ដូចជា អានសៀវភៅឱ្យកូនស្ដាប់មុនចូលគេង ទិញរបស់ក្មេងលេងឱ្យគាត់ គូររូប ផាត់ពណ៌ នាំគាត់ទៅដើរលេងនៅសួនច្បារសាធារណៈជាដើម។ ម្យ៉ាងទៀត ត្រូវជៀសវាងកុំឱ្យកូនមើលវីដេអូ ឬភាពយន្ដណាដែលពោរពេញទៅដោយហិង្សា ព្រោះវាអាចដក់ជាប់ក្នុងអារម្មណ៍របស់ពួកគាត់ ធ្វើឱ្យពួកគាត់ងាយនឹងត្រាប់តាម៕
រក្សាសិទ្ធិដោយ៖ www.konkmeng.com