ហេតុអ្វីទារកចេះតែយំមិនឈប់មែនទេ? តោះសាកល្បងវិធីទាំង៥យ៉ាងនេះ
- ចិត្តសាស្ត្រ
- ខែធ្នូ 24, 2019
ហេតុអ្វីកូនតូចរបស់លោកអ្នកចេះតែយំមិនឈប់? ការយំរបស់ក្មេងតូច ឬការយំរបស់ទារក គេអាចកត់សម្គាល់ដឹងថា អាចមកពីទារកឃ្លាន ទារកងងុយគេង សត្វល្អិតតិចឬខាំ ឈឺពោះ ឬហើមពោះ ឬក៏បណ្តាលមកពីកន្ទបដែលគេស្លៀកត្រូវសើម និងអាចមានកត្តាជាច្រើនទៀត។
ដូច្នេះ លោកអ្នកជាឪពុកម្តាយ គួរធ្វើបែបណាដើម្បីដោះស្រាយលួងទារកឱ្យបាត់យំ? គេហទំព័រ កូនក្មេង www.konkmeng.com សូមណែនាំវិធីងាយៗ៥យ៉ាងដូចខាងក្រោម៖ ១.របស់របរលេងសម្រាប់ទារក
ឪពុកម្តាយមួយចំនួន តែងតែទិញគ្រឿងប្រដាប់ប្រដាទុកឱ្យកូនៗលេង បើទោះដឹងថា ទារកនៅតូចមិនអាចលេងរបស់ទាំងនោះបានក៏ដោយ។ ប៉ុន្តែបើទោះយ៉ាងនេះក្តី មានឧបករណ៍លេងមួយចំនួន ដែលអាចបញ្ចេញសម្លេងសូរស័ព្ទផ្សេងៗ អាចត្រូវបានយកមកប្រើ មកបញ្ចើចទារកនៅពេលពួកគេយំម្តងៗ ធ្វើឱ្យទារកឈប់យំ ហើយបង្ហាញអារម្មណ៍ និងកាយវិការសប្បាយជាមួយនឹងប្រដាប់លេងទាំងនោះ។
២.បើកសំឡេងតន្ត្រី
តន្ត្រីជាចំណីអារម្មណ៍ម្យ៉ាង ដែលមនុស្សភាគច្រើនតែងស្តាប់វា នៅពេលពួកគេលំបាកចិត្ត ឬរីករាយក្នុងចិត្ត ជាដើម។ និយាយចំពោះទារកវិញ តន្ត្រីក៏អាចជាវិធីម្យ៉ាង ដើម្បីលួងលោមពួកគេឱ្យឈប់យំបាន។
៣.បិទភ្លើង ឬបន្ថយពន្លឺភ្លើង
នៅពេលភ្លើងមានពន្លឺខ្លាំងពេក ធ្វើឱ្យចាំងដល់ភ្នែកទារក អាចធ្វើឱ្យទារកយំបានក៏មាន។ លោកអ្នក គួរតែបិទ ឬបន្ថយពន្លឺភ្លើង ឬក៏ប្រើអំពូលភ្លើងដែលបញ្ចេញពន្លឺក្នុងសភាពស្រទន់ មិនជះពន្លឺខ្លាំង។៤.បង្កើតឱ្យមានសំឡេងនៅជុំវិញទារក
ប្រសិនបើនៅក្នុងផ្ទះ ឬក្នុងបន្ទប់គេងរបស់ទារកមានសភាពស្ងាត់ពេក អាចធ្វើឱ្យទារកមានអារម្មណ៍ឯកា ហើយធ្វើឱ្យទារកយំតែម្តង។ ក្នុងករណីទារកមិនទាន់គេងលក់ ខណៈលោកអ្នកកំពុងរវល់ ហើយទុកទារកចោល លោកអ្នកគួរបង្កើតឱ្យមានជាសម្លេងផ្សេងៗ មិនថា សម្លេងតន្ត្រី សម្លេងដែលបញ្ចេញពីឧបករណ៍ក្មេងលេង ឬក៏សម្លេងរបស់លោកអ្នកផ្ទាល់ ដើម្បីកុំឱ្យទារកមានអារម្មណ៍ថា ឯកា។
៥.ផ្លាស់ប្តូរទីកន្លែង ឬអ្នកបីមើលថែ
ស្ត្រេស ឬភាពតប់ប្រមល់ មិនមែនកើតចំពោះមនុស្សពេញវ័យ មនុស្សចាស់ ឬមនុស្សដែលស្មុគស្មាញនឹងការងារ បញ្ហាផ្សេងៗនោះទេ សភាពបែបនេះ ក៏អាចកើតមានចំពោះក្មេង និងទារកផងដែរ។ ទារក ប្រាកដជាកើតមានអារម្មណ៍ស្ត្រេស មិនសប្បាយចិត្ត នៅពេលពួកគេនៅតែក្នុងបរិស្ថានដដែលៗ ឬនៅលើដៃរបស់បីមើលថែដដែលៗ។ លោកអ្នក គួរបីពួកគេដើរលម្ហែរនៅជុំវិញផ្ទះ នៅទីកន្លែងផ្សេងៗ ដូចជា សួនច្បារ ឬក៏ប្តូរដៃអ្នកបីមើលថែ ជាដើម។
ប្រែសម្រួលដោយ៖ កែម ផា
រក្សាសិទ្ធិដោយ៖ www.konkmeng.com