អ្នកពូកែហាមកូន មិនឱ្យលេងនេះ មិនឱ្យលេងនោះ នឹងដឹងពីផលពិបាកចំពោះកូន ពេលបានស្ដាប់អ្នកជំនាញចិត្តសាស្ត្រ
- ការអប់រំ
- ខែធ្នូ 18, 2019
ជាទូទៅ ឪពុកម្តាយ និងអាណាព្យាបាល តែងតែចង់ឱ្យកូនតូចៗរបស់ខ្លួនធំឡើងក្លាយជាមនុស្សល្អ ក្លាយជាមនុស្សអស្ចារ្យ។ តែនៅពេលឃើញសកម្មភាព ឬឥរិយាបទរបស់ពួកគេធ្វើខុសពីការណែនាំរបស់ខ្លួន តែងតែគិតថា កូនមិនស្តាប់បង្គាប់ ថាជាកូនមិនល្អជាដើម។ ផ្អែកតាមការសិក្សាស្រាវជ្រាវបង្ហាញថា នៅពេលកុមារមានអាយុ២ឆ្នាំ ពួកគេចាប់ផ្តើមអាចយល់ដឹងពីអ្វីដែលត្រូវ និងអ្វីដែលខុស បើទោះមិនមានការពន្យល់ដោយពាក្យសម្តីរបស់ពួកគេក៏ដោយ។
តាមអ្នកជំនាញផ្នែកចិត្តសាស្ត្រមកពីសហរដ្ឋអាមេរិក លោកបណ្ឌិត ទាវ សមរាសី បានលើកឡើងថា «ចង់ក្លាយជាឪពុកម្តាយល្អ ត្រូវក្លាយជាអ្នកចិត្តសាស្ត្រជាមុន»។ លោកបានពន្យល់នៅត្រង់ចំណុចនេះថា ការដែលកូនៗមិនធ្វើតាមការណែនាំរបស់ឪពុកម្តាយ ឬអាណាព្យាបាល មិនមែនមកពីកូននោះទេ គឺភាគច្រើនមកពីឪពុកម្តាយខ្លួនឯង ដែលមិនយល់ពីសភាពលក្ខណៈរបស់កូន។ការស្រាវជ្រាវមួយទៀតបញ្ជាក់ថា នៅក្នុងរយៈពេល៥ឆ្នាំដំបូង គឺជាពេលវេលាមួយ ដែលក្មេងកំពុងមានការរីកចម្រើនផ្នែករាងកាយ គំនិតស្មារតី ហើយទទួលយកសកម្មភាពផ្សេងៗរបស់មនុស្សនៅជុំវិញខ្លួន និងជាពេលវេលាដែលពួកគេអាចបង្ហាញពីចំណង់ចំណូលចិត្ត បង្ហាញពីទំនុកចិត្តរបស់ពួកគេតាមរយៈសកម្មភាពផ្សេងៗ ដែលសកម្មភាពខ្លះអាចធ្វើឱ្យឪពុកម្តាយខ្លះយល់ថាមិនល្អក៏មាន។
លោកបណ្ឌិត ទាវ សមរាសី បានឱ្យដឹងទៀតថា ត្រូវស្វែងយល់ឱ្យបានច្រើនពីកូន ទើបដឹងថា កូនយើង ពួកគេអស្ចារ្យប៉ុណ្ណា និងមានជំនាញទៅលើផ្នែកអ្វី។ ការណ៍ដែលមិនទទួលយកភាពប្លែក ដែលបង្ហាញតាមរយៈការវិវឌ្ឍនៃអត្តចរិក បុគ្គលិកលក្ខណៈរបស់ពួកគេដែលខុសពីយើង មានន័យថា គឺជាការទប់ស្កាត់នូវការលូតលាស់ផ្នែកគំនិតបញ្ញារបស់កូន។ម្យ៉ាងទៀត ការហាមឃាត់កូនមិនឱ្យធ្វើអ្វីមួយដែលពួកគេចង់ធ្វើ នឹងធ្វើឱ្យក្មេងបាត់ភាពក្លាហាន បាត់បង់ទំនុកចិត្ត។ ទោះយ៉ាងណា ឪពុកម្តាយក៏មិនគួរបណ្តោយឱ្យពួកគេធ្វើអ្វីតាមចិត្ត គួរមានដែនកំណត់នៅក្នុងការជំរុញ និងលើកទឹកចិត្តដល់ពួកគេនៅក្នុងការធ្វើអ្វីមួយដែលមិននាំឱ្យមានគ្រោះថ្នាក់។
នៅចុងក្រោយ លោកបណ្ឌិត ទាវ សមរាសី បានចែករំលែកនូវបទពិសោធខ្លះៗជុំវិញការចិញ្ចឹម អប់រំកូន ក្នុងន័យយ៉ាងនេះថា បើពិតជាស្រលាញ់កូនខ្លាំង ចង់ឱ្យកូនល្អ ឆ្លាតពូកែ មុនសម្រេចថាត្រូវមានកូន គប្បីមានផែនការត្រឹមត្រូវជាមុន និងគិតនៅក្នុងវិធីដើម្បីអាចចិញ្ចឹម និងអប់រំកូនៗ ឱ្យក្លាយជាមនុស្សអស្ចារ្យម្នាក់ទៅថ្ងៃខាងមុខ៕
រក្សាសិទ្ធិដោយ៖ www.konkmeng.com