៩វិធីក្នុងការលើកទឹកចិត្តកូនៗ ដើម្បីឱ្យពួកគេក្លាយជាសិស្សពូកែ ក្លាយជាមនុស្សល្អ
- ការអប់រំ
- ខែធ្នូ 25, 2019
ជាទូទៅឪពុកម្តាយ និងអាណាព្យាបាល តែងប្រាថ្នាចង់ឱ្យកូនៗរបស់ខ្លួនក្លាយជាសិស្សពូកែ និងជាមនុស្សល្អ។ ពួកគាត់បានប្រើវិធីច្រើនយ៉ាង ដើម្បីជួយឱ្យកូនៗបានឈានទៅដល់ចំណុចដែលខ្លួនចង់បាន ដោយមានទាំងការពន្យល់បង្ហាញដោយផ្ទាល់ និងមានឪពុកម្តាយមួយចំនួនទៀត រហូតដល់ប្រើប្រាស់ឱសថជំនួញបំប៉នខួរក្បាលជាដើម។
ថ្ងៃនេះ គេហទំព័រ កូនក្មេង www.konkmeng.com សូមលើកបង្ហាញនូវវិធីសាស្ត្រចំនួន៩យ៉ាង ក្នុងការលើកទឹកចិត្តកូនៗ ដើម្បីឱ្យពួកគេក្លាយជាសិស្សពូកែ៖
១.ឱ្យពួកគេមានម្ចាស់ការដោយខ្លួនឯងគួរបណ្តោយកូនខ្លះ ឱ្យរៀនចេះម្ចាស់ការដោយខ្លួនឯងនៅលើបញ្ហាមួយចំនួន ព្រោះឈានដល់វ័យចូលរៀន ពួកគេចាប់ផ្តើមស្វែងយល់ពីសង្គម និងពីអ្វីដែលពួកគេមិនធ្លាប់បានដឹង បានឮ។ បង្រៀនពួកគេរៀនស្វែងយល់ពីអ្វីល្អ និងអ្វីមិនល្អជាបណ្តើរៗ ហើយលោកអ្នកជាឪពុកម្តាយ គួរចាំផ្តល់ដំបូន្មាន និងពន្យល់បង្ហាញលើចំណុចខ្វះខាតរបស់ពួកគេ។ ចំណុចនេះ មិនមែនមានន័យថា អង្គុយចាំតែចាប់ចំណុចមិនល្អមួយចំនួនដែលកូនៗបានធ្វើនោះទេ។ ការធ្វើបែបនេះ នឹងនាំឱ្យកូនៗមានអារម្មណ៍ថា ហាក់រងនូវសម្ពាធ។
២.បង្កើតឱ្យមានទម្លាប់
ឪពុកម្តាយ គួរបង្កើតឱ្យមានទម្លាប់ក្នុងការរៀនសូត្ររបស់កូនៗ ដោយរៀបចំកាលវិភាគ និងកំណត់ម៉ោងសម្រាប់ពួកគាត់សិក្សា ពេលវេលាលេង ជាដើម ដើម្បីឱ្យកូនៗលោកអ្នកមានទម្លាប់ល្អតាំងពីតូចៗ ហើយក៏ជាចំណែកធ្វើឱ្យពួកគេឆ្លាសវៃនៅក្នុងការសិក្សាផងដែរ។
៣.បណ្តុះស្មារតីឱ្យពួកគេមានជំនាញខាងចាត់ចែង និងរៀបចំវាគឺជារឿងសំខាន់សម្រាប់ឪពុកម្តាយគ្រប់រូប ក្នុងការបណ្តុះទម្លាប់កូនៗ ឱ្យចេះរៀបចំចាត់ចែងតាំងពីនៅតូចៗ។ លោកអ្នកគួរបង្ហាត់បង្រៀនពួកគេ ឱ្យចេះរៀបចំទុកដាក់ឧបករណ៍ សម្ភារៈសិក្សា ឬចេះរៀបចំកន្លែងគេងផ្ទាល់ខ្លួនឱ្យមានសណ្តាប់ធ្នាប់ ជាដើម។
៤.ផ្តោតលើការប្រព្រឹត្តជាងលទ្ធផល
មិនគួរផ្តោតតែទៅលើលទ្ធផលតែមួយមុខនោះទេ ឪពុកម្តាយគួរលើកទឹកចិត្តកូនៗ រៀនអនុវត្តឱ្យបានច្រើន បើទោះថាលទ្ធផលចេញមកបានល្អ ឬមិនល្អក្តី។ ម្យ៉ាងទៀត បើទោះថាកូនៗបានប្រព្រឹត្តល្អ តែលទ្ធផលមិនប្រាកដថាបានល្អទាំងអស់នោះទេ។ ចំណុចសំខាន់ គួរផ្តោតចំពោះអ្វីដែលពួកគេបានធ្វើត្រឹមត្រូវ និងអាចទទួលយកបាន។
៥.មិនត្រូវស្តីបន្ទោសកូនៗមនុស្សពេញវ័យក៏នៅតែមានកំហុស ចុះទម្រាំក្មេងៗជៀសមិនផុតពីការបង្កើតឱ្យមានកំហុសនោះឡើយ។ ឪពុកម្តាយមិនត្រូវស្តីបន្ទោស ពេលកូនៗធ្វើអ្វីមួយខុសឆ្គង តែគួរនិយាយលើកទឹកចិត្ត និងពន្យល់ណែនាំកូនៗថា រឿងនោះកូនមិនគួរធ្វើ ឬកូនគួរធ្វើបែបនេះវិញអាចត្រូវជាង ឬល្អជាង ជាដើម។ អ្នកជំនាញបានបកស្រាយថា កាលណាគេបង្កើតកំហុសកាន់តែច្រើន គេនឹងសិក្សាស្វែងយល់បានកាន់តែច្រើនពីកំហុសទាំងអស់នោះ។
៦.ឪពុកម្តាយជាអ្នកយល់ចិត្តកូនជាងគេ
ឪពុកម្តាយ ឬអាណាព្យាបាល គឺជាមនុស្សដែលនៅជិត និងមានពេលវេលាច្រើននៅក្បែរកូនៗជាងគេ។ ដូច្នេះ នៅក្នុងការរស់នៅប្រចាំថ្ងៃ លោកអ្នកគួរតែយល់ចិត្ត និងយល់ពីតម្រូវការរបស់កូនៗឱ្យបានច្រើន ដូចជាដឹងថា ពួកគេចូលចិត្តអ្វី មិនចូលចិត្តអ្វី ឬចង់បានអ្វីជាដើម។ ម្យ៉ាងទៀត ក្នុងនាមជាឪពុកម្តាយ និងជាអាណាព្យាបាល ត្រូវបើកចិត្តស្តាប់នូវអ្វីដែលពួកគេនិយាយ ហើយលើកទឹកចិត្តដល់ពួកគេក្នុងហេតុផលដ៏សមរម្យ និងត្រឹមត្រូវ។
៧.ចាប់អារម្មណ៍ចំពោះទង្វើប្រចាំថ្ងៃរបស់កូនៗ
ក្មេងមានការលូតលាស់(អភិវឌ្ឍ)ជាប្រចាំ ទាំងរាងកាយ ផ្លូវចិត្ត និងគំនិតបញ្ញា។ ឪពុកម្តាយ គួរចំណាយពេលសង្កេត និងចាប់អារម្មណ៍ឱ្យបានច្រើនចំពោះសកម្មភាពរបស់កូនៗ ដើម្បីប្រាកដថា លោកអ្នកនៅតែអាចយល់បានពីអារម្មណ៍ ពីការគិត និងការចង់បានរបស់កូនៗ។ ដូច្នេះ ដើម្បីសុវត្ថិភាព និងសុខុមាលភាពរបស់កូនៗ ឪពុកម្តាយ គឺជាទីប្រឹក្សាដ៏ល្អបំផុត និងគ្រប់ពេលវេលារបស់កូន។
៨.លើកទឹកចិត្តឱ្យកូនរៀន និងសេពគប់មិត្តល្អដើម្បីឱ្យកូនៗក្លាយទៅជាសិស្សពូកែ អាណាព្យាបាលគួរតែលើកទឹកចិត្ត និងពន្យល់ឱ្យកូនសេពគប់ជាមួយមិត្តភ័ក្តល្អៗ មិត្តភ័ក្តដែលចូលចិត្តការសិក្សា ឬជាសិស្សពូកែ។ ជាមួយគ្នានោះ ឪពុកម្តាយក៏គួរចេះពន្យល់កូនៗ ឱ្យយល់ពីតម្លៃ ពីសារៈសំខាន់នៅក្នុងការសេពគប់មិត្តភ័ក្តផងដែរ។
៩.កុំធ្វើបាប និងគំរាមកំហែង
ការធ្វើបាប និងការគំរាមកំហែងចំពោះក្មេងៗ ជាការដើរបញ្ច្រាស់ទៅនឹងការលូតលាស់របស់កុមារ។ ព្រោះកុមារដែលស្ថិតនៅក្នុងសភាពភ័យខ្លាច ពួកគេនឹងរងនូវសម្ពាធផ្លូវចិត្ត ហើយអាចនឹងក្លាយជាមនុស្សមានវិបត្តិផ្លូវចិត្តថែមទៀតផង។ ការសម្លុតដើម្បីឱ្យពួកគេខ្លាច គឺមានប្រសិទ្ធភាពត្រឹមរយៈពេលខ្លីប៉ុណ្ណោះ តែវានឹងជៈឥទ្ធិពលអាក្រក់រយៈពេលយូរអង្វែងចំពោះជីវិតកូន។
ប្រែសម្រួលដោយ៖ កែម ផា
រក្សាសិទ្ធិដោយ៖ www.konkmeng.com