គិតថាការបោកកក់កន្ទបទារកជារឿងសាមញ! តែក៏អាចបង្កផលមិនល្អ បើខ្វះការប្រុងប្រយ័ត្ន
- សុខភាព
- ខែធ្នូ 23, 2019
រហូតមកដល់ពេលបច្ចុប្បន្ន មិនថានៅទីក្រុង ឬជនបទនោះទេ អ្នកម្តាយសម័យថ្មី គ្រួសារសម័យថ្មីភាគច្រើន សម្រេចចិត្តជ្រើសយកកំណាត់កន្ទបទារក ដែលមានលក់នៅលើទីផ្សារ ជាងការប្រើកំណាត់កន្ទបដែលចាស់ៗសម័យមុនៗធ្លាប់បានជ្រើសប្រើ។ ប្រការនេះមិនមែនមានន័យថា ការជ្រើសប្រើកំណាត់កន្ទបសម័យមុនមិនល្អដូចសម័យទំនើបនោះទេ។
មិនថាស្ថិតនៅក្នុងហេតុផលអ្វីក៏ដោយ លោកអ្នកគួរតែជ្រើសរើសយកកំណាត់កន្ទប ដែលមានគុណភាព ហើយមិនធ្វើឱ្យប៉ះពាល់ដល់ស្បែក សុខភាពទារក និងត្រូវតែលាងសម្អាតកំណាត់កន្ទបទារកជាប្រចាំផងដែរ។ ការលាងកំណាត់កន្ទប មិនខុសគ្នានឹងការបោកសំលៀកបំពាក់ទារកនោះទេ គ្រាន់តែមានការប្រុងប្រយ័ត្នជាងការបោកកក់សម្លៀកបំពាក់ខ្លះៗប៉ុណ្ណោះ។
ក្នុងអត្ថបទនេះ កូនក្មេង www.konkmeng.com សូមបង្ហាញពីរបៀបលាងសម្អាតកំណាត់កន្ទបទារកឱ្យបានត្រឹមត្រូវ ដូចខាងក្រោម៖១.ការលាងសម្អាតជាមុន( Pre-washing)
•ប្រើធុងមួយសម្រាប់ត្រាំ និងទុកដាក់កំណាត់កន្ទបសើម។
•ប្រសិនបើទារកត្រូវបានបំបៅដោយទឹកដោះម្ដាយតែមួយមុខ នោះនឹងមិនមានសារធាតុរាវច្រើនពេកនៅក្នុងកន្ទបដែលប្រើហើយនោះទេ។
•បន្ទាប់មកត្រូវយកទឹកបាញ់លើកន្ទប ដើម្បីលាងសម្អាតលាមកដែលនៅសេសសល់។
•ត្រាំកំណាត់កន្ទបទារកក្នុងទឹកត្រជាក់រយៈពេលដប់នាទី ព្រោះអាចជួយលុបបំបាត់សារធាតុ និង កម្ចាត់ក្លិនមិនល្អ។
•កុំលាងសម្អាតកំណាត់កន្ទបទារកច្រើនពេកក្នុងពេលតែមួយ។
•ចាំបាច់ត្រូវលាងសម្អាតកំណាត់កន្ទបជាមួយទឹកធម្មតាសិន មុនពេលលាងសម្អាតជាមួយទឹកសាប៊ូ។ ក្នុងករណីមិនមានលាមកជាប់ក្នុងកំណាត់កន្ទបទេ លោកអ្នកអាចលាងសម្អាតនៅក្នុងម៉ាស៊ីនបោកកក់តែម្តងក៏បាន។
២.ការលាងសម្អាតជាមួយម៉ាស៊ីន( Machine wash process)
•ដាក់កំណាត់កន្ទបចូលក្នុងម៉ាស៊ីន រួចកំណត់កម្រិតទឹក និងចាក់សាប៊ូដែលមានសុវត្ថិភាពសម្រាប់សុខភាពស្បែកទារកចូល។
•វាជាការល្អបើលាងសម្អាតកំណាត់កន្ទបដាច់ដោយឡែកពីសំលៀកបំពាក់ ដើម្បីជៀសវាងការចេញព័ណ៌ និងសារធាតុផ្សេងៗដែលចេញពីសម្លៀកបំពាក់ជាដើម។
•ប្រសិនបើលាងសម្អាតកំណាត់កន្ទបក្នុងម៉ាស៊ីនសម្ងួតហើយ ត្រូវយកទៅព្យួរក្រោមពន្លឺព្រះអាទិត្យដើម្បីសម្លាប់មេរោគ។
•មិនត្រូវទុកនៅកន្លែងក្ដៅពេកនោះទេ ព្រោះវាអាចប៉ះពាល់ដល់គុណភាពកប្បាស់ (កំណាត់កន្ទបធ្វើពីកប្បាស់)។៣.ការលាងសម្អាតដោយដៃ( Hand wash process)
•ចាក់ទឹកក្ដៅចូលក្នុងធុងដោយបន្ថែមសាប៊ូ ដែលមានសុវត្ថិភាពសម្រាប់ទារក រួចត្រាំកន្ទបក្នុងទឹកប្រហែល២ទៅ៣នាទី។
•លាងជម្រះស្នាមប្រឡាក់នៅលើកន្ទបជាមួយសាប៊ូ។
•ចាក់ទឹកដាក់ក្នុងធុងដើម្បីលាងសម្អាតសាប៊ូ រួចពូតកន្ទបថ្នមៗ។
៤.ការសម្ងួតកន្ទប(Drying process)
•ប្រសិនបើម៉ាស៊ីនសម្ងួត អាចសម្ងួតកំណាត់កន្ទបទាំងស្រុងបាន នោះលោកអ្នកអាចបត់ទុកដាក់កំណាត់កន្ទបបាន តែបើនៅមានភាពសើមនៅឡើយ ត្រូវយកវាទៅក្រោមពន្លឺថ្ងៃបន្ថែមទៀត។
•ការហាលកន្ទបនៅក្រោមពន្លឺព្រះអាទិត្យ គឺជាវិធីល្អបំផុតក្នុងការកម្ចាត់មេរោគ ដែលមានក្នុងកន្ទបទារក។
ការលាងសម្អាតកំណាត់កន្ទបទារក គឺជារឿងមួយដែលសាមញ្ញ តែក៏គួរតែមានការប្រុងប្រយ័ត្នមួយចំនួន ដើម្បីធានាថានៅពេលយកទៅប្រើមិននាំឱ្យប៉ះពាល់ដល់សុខភាពទារក។ មួយវិញទៀត លោកអ្នក ក៏គួរតែជ្រើសយកប្រភេទសាប៊ូដែលមានគុណភាពល្អ សម្រាប់ការបោកកក់កំណាត់កន្ទបរបស់ទារកផងដេរ៕
រក្សាសិទ្ធិដោយ៖ www.konkmeng.com