​ការរស់នៅ​ក្នុង​បរិបទ​ដែល​តម្រូវ​ឱ្យ​អង្គុយ​រយៈពេល​យូរ​ ​វា​ពិតជា​នាំមក​នូវ​ផល​អាក្រក់​ ​និង​គ្រោះថ្នាក់​បំផុត​សម្រាប់​សុខភាព​លោកអ្នក​។​ ​ប្រសិនបើ​លោកអ្នក​តែងតែ​អង្គុយ​យូរ​ៗ​នោះ​ ​លោកអ្នក​នឹង​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំ​ងឺ​ផ្សេង​ៗ​ដូចជា​ ​លើស​ទម្ងន់​ ​ទឹកនោមផ្អែម​ប្រភេទ២​ ​ជំងឺបេះដូង​ ​និង​ជំងឺ​បាក់ទឹកចិត្ត​ ​ជាដើម​។

​ផ្ទុយទៅវិញ​ ​នៅពេល​ដែល​លោកអ្នក​ឧស្សាហ៍​ធ្វើ​ចលនា​ ​នោះ​កម្រិត​ថាមពល​របស់​រាងកាយ​លោកអ្នក​នឹង​កើនឡើង​ ​ហើយ​ឆ្អឹង​របស់​លោកអ្នក​ក៏​កាន់តែ​រឹងមាំ​ផង​ដែរ​។​ ​ខាងក្រោម​នេះ​ ​ជា​បញ្ហា​សុខភាព​ដែល​អាច​នឹង​កើតមានឡើង​ចំពោះ​លោកអ្នក​ ​ដែល​តែងតែ​អង្គុយ​ក្នុងរយៈ​ពេល​យូរ​ៗ​៖​ ​

​១​.​ជើង​ ​និង​សាច់ដុំ​ភ្លៅ​
ការ​អង្គុយ​រយៈពេល​យូរ​ ​អាច​បណ្ដាល​ឱ្យ​កំភួនជើង​ ​ព្រមទាំង​សាច់ដុំ​ភ្លៅ​របស់​លោកអ្នក​កាន់តែ​ខ្សោយ​ទៅៗ​។​ ​សាច់ដុំ​ទាំងនេះ​មាន​សារៈសំខាន់​ចំពោះ​ការ​ដើរ​ ​និង​សម្រាប់​ធ្វើ​ឱ្យ​រាងកាយ​មាន​តុល្យភាព​។​ ​បើសិន​សាច់ដុំ​ទាំងនោះ​ខ្សោយ​ ​នោះ​លោកអ្នក​ងាយ​នឹង​ទទួលរង​របួស​ពី​ការ​ធ្លាក់​ ​ឬ​ប៉ះទង្គិច​ណាមួយ​។​ ​​២​.​ទម្ងន់​
​ការ​ធ្វើ​ចលនា​សាច់ដុំ​ ​អាច​ជួយ​រាងកាយ​លោកអ្នក​ដុត​សារធាតុ​ខ្លាញ់​ ​និង​ស្ករ​ដែល​លោកអ្នក​បាន​ទទួលទាន​។​ ​តែ​ប្រសិនបើ​ ​លោកអ្នក​ចំណាយពេល​ច្រើន​ក្នុង​ការ​អង្គុយ​ ​នោះ​ការ​រំលាយ​នឹង​គ្មាន​ប្រសិទ្ធភាព​ ​ដូច្នេះ​ ​លោកអ្នក​នៅតែ​បន្ដ​ផ្ទុក​នូវ​សារធាតុ​ខ្លាញ់​ ​និង​ស្ករ​ទាំងនោះ​។​ ​ទោះបី​លោកអ្នក​ហាត់ប្រាណ​ក៏ដោយ​ ​ការ​អង្គុយ​យូរ​នៅតែ​ជា​បញ្ហា​សម្រាប់​សុខភាព​។​ ​ការស្រាវជ្រាវ​ចុងក្រោយ​បំផុត​ ​បាន​ចេញផ្សាយ​ថា​ ​អ្នក​ត្រូវ​ចំណាយពេល​ពី៦០ទៅ៧៥នាទី​ក្នុង​មួយថ្ងៃ​ ​ដើម្បី​អាច​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​អង្គុយ​យូរ​។​

៣​.​មហារីក​
​ការសិក្សា​ស្រាវជ្រាវ​បាន​បង្ហាញថា​ ​ការ​អង្គុយ​យូរ​អាច​ធ្វើ​ឱ្យ​លោកអ្នក​មាន​ហានិភ័យ​ក្នុង​ការ​កើតជំងឺ​មហារីក​ជាច្រើន​ប្រភេទ​ដូចជា​ ​មហារីក​សួត​ ​មហារីក​ស្បូន​ ​និង​មហារីក​ពោះវៀនធំ​ជាដើម​។​ ​ចំពោះ​ថាម​ក​ពី​ហេតុផល​អ្វី​នោះ​ ​អ្នក​វិទ្យាសាស្ត្រ​ពុំ​ទាន់​ដឹង​នៅឡើយ​ទេ​។​

​៤​.​ជំងឺ​ទឹកនោមផ្អែម​
​ការសិក្សា​បាន​បង្ហាញថា​ ​ការ​ដេកទ្រមក់​លើ​គ្រែ៥ថ្ងៃ​ជាប់គ្នា​ ​អាច​បណ្ដាល​ឱ្យ​អាំង​ស៊ុយ​លីន​ចុះ​ខ្សោយ​ ​ហើយ​វា​នឹង​ធ្វើ​ឱ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ ​កើនឡើង​លើស​ពី​តម្រូវការ​របស់​រាងកាយ​។​ ​ការស្រាវជ្រាវ​បញ្ជាក់​ថា​ ​អ្នក​ដែល​អង្គុយ​យូរ​ពេក​អាច​មាន​អត្រា​ចំនួន១១២​%​ ​ក្នុង​ការ​កើតជំងឺ​ទឹកនោមផ្អែម​។​​៥​.​ជំងឺបេះដូង​
​ការសិក្សា​មួយ​បាន​រក​ឃើញថា​ ​បុរស​ម្នាក់​ដែល​បាន​ប្រើ​រយៈពេល​ច្រើនជាង២៣ម៉ោង​ក្នុង​មួយ​អាទិត្យ​ ​ដើម្បី​មើល​ទូរទស្សន៍​ ​មាន​អត្រា​ហានិភ័យ​ក្នុង​ការ​ស្លាប់​ដោយសារ​ជំងឺ​សរសៃឈាម​ខួរក្បាល​ចំនួន៦៤​%​។​ ​អ្នកជំនាញ​មួយចំនួន​ក៏បាន​និយាយ​ដែរ​ថា​ ​ការដែល​មិន​ធ្វើអ្វី​សោះ​ ​ហើយ​អង្គុយ​យូរ​ ​មាន​អត្រា​ហានិភ័យ​ចំនួន១៤៧​%​ ​ដែល​អាច​នឹង​ធ្វើ​ឱ្យ​គាំងបេះដូង​ ​ឬមួយ​គាំងដំណើរ​ការ​ខួរក្បាល​។​

​សរុប​មក​ ​អ្វីក៏ដោយ​ ​បើកាលណា​ធ្វើ​ក្នុងរយៈពេល​យូរ​ ​ឬ​ច្រំដែល​ច្រើនដង​ពេក​ ​វា​ប្រាកដជា​មានផល​ប៉ះពាល់​ជាមិនខាន​។​ ​អ្នក​អាច​កាត់បន្ថយ​ការ​អង្គុយ​យូរ​ ​ដោយ​ការ​ធ្វើលំ​ហាត់ប្រាណ​ ​បង្កើន​សកម្មភាព​ប្រចាំថ្ងៃ​ ​សកម្មភាព​នៅ​សាលា​ ​ឬ​កន្លែង​ការងារ​ ​ដើរលេង​ជាមួយ​មិត្តភក្ដិ​ ​និង​កាត់បន្ថយ​ការ​មើល​ទូរស័ព្ទ​ ​ឬ​កុំព្យូទ័រ​៕

​រក្សាសិទ្ធិ​ដោយ​៖​ ​www.konkmeng.com​