តើលោកអ្នកបានដឹងអ្វីខ្លះ ទាក់ទងនឹងជំងឺទឹកនោមផ្អែម?
- សុខភាព
- ខែវិច្ឆិកា 25, 2019
ថ្ងៃនេះគេហទំព័រ konkmeng (កូនក្មេង) សូមលើកយករបាយការណ៍ នៃការស្រាវជ្រាវមួយចំនួនរបស់អង្គការអន្តរជាតិ ដែលបានធ្វើការងារយ៉ាងសកម្មជុំវិញអំពីស្ថានភាពទូទៅនៃជំងឺនោមផ្អែមនៅទូទាំងពិភពលោក។
ក.តើអ្វីទៅជាជំងឺទឹកនោមផ្អែម? (What is diabetes?)
ជំងឺទឹកនោមផ្អែម គឺជាជំងឺរ៉ាំរ៉ៃមួយដែលកើតឡើងនៅពេលលំពែង មិនអាចផលិតអាំងស៊ុយលីនគ្រប់គ្រាន់ បណ្ដាលឱ្យបរិមាណគ្លុយកូស(ជាតិស្ករ)ក្នុងឈាមកើនឡើង ហើយតម្រងនោមមិនអាចស្រូបយកគ្លុយកូសទាំងអស់ឡើងវិញបាន។ ដូចនេះ គ្លុយកូស ដែលលើស ត្រូវបានបញ្ចេញទៅក្នុងទឹកនោម។
រោគសញ្ញារបស់ជំងឺនេះមានដូចជា ការស្រកទម្ងន់ នោមញឺក ការស្រេកទឹកយ៉ាងខ្លាំង និងការចុះខ្សោយកម្លាំង។ គេព្យាបាលជំងឺនេះដោយឱ្យអ្នកជំងឺមានរបបអាហារត្រឹមត្រូវ លេបថ្នាំឱ្យបានទៀងទាត់ និងចាក់អាំងស៊ុយលីនរៀងរាល់ថ្ងៃ។ ខ.តើជំងឺទឹកនោមផ្អែមជាទូទៅផ្ដល់ផលអាក្រក់អ្វីខ្លះ? (What are common consequences of diabetes?)
•ការកើតជំងឺនេះរយៈពេលយូរ អាចបំផ្លាញបេះដូង សរសៃឈាមបេះដូង ភ្នែក តម្រងនោម និងសរសៃប្រសាទ។
•មនុស្សពេញវ័យដែលមានជំងឺទឹកនោមផ្អែម មានការកើនឡើងទ្វេដងនៃហានិភ័យក្នុងការគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល។
•ការថយចុះនៃលំហូរឈាម ខូចសរសៃប្រសាទ និងការកើតដំបៅ ឬខ្ទុះនៅជើង ធ្វើឱ្យកើតមានការឆ្លងមេរោគ និងតម្រូវការកាត់អវយវៈជាយថាហេតុ។
•ជំងឺទឹកនោមផ្អែម គឺជាបុព្វហេតុដ៏សំខាន់មួយនៃការងងឹតភ្នែក វានឹងទៅបំផ្លាញសរសៃឈាមតូចៗនៅក្នុងស្រទាប់រេទីន (រេទីន Retina ជាសរីរាង្គក្នុងភ្នែករបស់មនុស្ស ដែលអាចបញ្ជូនរូបភាពដែលភ្នែកមើលឃើញ ទៅខួរក្បាលបាន)។ យោងតាមរបាយការណ៍អង្គការសុខភាពពិភពលោក មាន២,៦% នៃភាពពិការភ្នែកទូទាំងពិភពលោក អាចបណ្តាលមកពីជំងឺទឹកនោមផ្អែម។
•ជំងឺទឹកនោមផ្អែម ស្ថិតក្នុងចំណោមមូលហេតុចម្បងនៃជំងឺខ្សោយតម្រងនោម។
គ.តើអ្នកជំងឺទឹកនោមផ្អែមគួរធ្វើយ៉ាងដូចម្ដេច ដើម្បីសម្រាលការលំបាក ដែលបណ្ដាលមកពីជំងឺ? (How can the burden of diabetes be reduced?)
ដើម្បីជួយការពារជំងឺទឹកនោមផ្អែម ឬមួយកាត់បន្ថយផលវិបាករបស់វា យើងគួរតែ៖
•រក្សាទម្ងន់ឱ្យបាននឹងនរ
•ហាត់ប្រាណយ៉ាងហោចណាស់ឱ្យបាន៣០នាទីក្នុងមួយថ្ងៃ
•មានរបបអាហារដែលមានសុខភាពល្អ ជៀសវាងជាតិស្ករ និងខ្លាញ់
•ជៀសវាងការជក់បារី ព្រោះវាបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែម និងជំងឺសរសៃឈាមបេះដូង។
ឃ.របាយការណ៍របស់អង្គការសុខភាពពិភពលោក (World Health Organization report)
•ចំនួនមនុស្សដែលកើតជំងឺទឹកនោមផ្អែម បានកើនពី១០៨លាននាក់ក្នុងឆ្នាំ១៩៨០ ទៅ៤២២លាននាក់នៅឆ្នាំ២០១៤។
•ចំនួនមនុស្សពេញវ័យដែលកើតជំងឺទឹកនោមផ្អែម(អាយុលើ១៨ឆ្នាំ) បានកើនពី៤,៧% នៅឆ្នាំ១៩៨០ ទៅ ៨,៥%នៅឆ្នាំ២០១៤។
•នៅឆ្នាំ២០១៦ គេបានប៉ាន់ស្មានថា មានមនុស្សចំនួន១,៦លាននាក់ ត្រូវបានស្លាប់ដោយសារជំងឺទឹកនោមផ្អែម និង២,២លាននាក់ទៀត ស្លាប់ដោយសារជាតិស្ករក្នុងឈាមកើនឡើងខ្ពស់ (ទិន្នន័យឆ្នាំ២០១២)៕
រក្សាសិទ្ធិដោយ៖ www.konkmeng.com