តើ ការផឹកតែ ល្អសម្រាប់កុមារតូចៗដែរឬទេ?
- សុខភាព
- ខែវិច្ឆិកា 6, 2019
តើលោកអ្នក ធ្លាប់ឆ្ងល់ទេថា តើកូនតូចៗរបស់លោកអ្នក អាចផឹកតែបានដែរឬទេ? តើការផឹកតែ អាចប៉ះពាល់ដល់សុខភាពរបស់ពួកគេដែរឬយ៉ាងណា?
វេជ្ជបណ្ឌិតភាគច្រើន ប្រហែលជាណែនាំឱ្យក្មេងតូចផឹកតែបៃតងធម្មជាតិ ឬតែរុក្ខជាតិច្រើនជាង ប្រភេទតែបែបប្រពៃណី។ តែបៃតង មានសារធាតុម្យ៉ាងហៅថា Catechin ដែលមាននាទីការពារ កូនលោកអ្នកពីការឆ្លងបាក់តេរី។ សារធាតុនេះ ក៏អាចជួយការពារជំងឺពុកធ្មេញ និងជួយឱ្យបេះដូងក្មេង តូចមានសុខភាពល្អផងដែរ។
តែទោះយ៉ាងណា ជាការល្អបំផុត មុនពេលឱ្យកូនលោកអ្នកផឹកតែ លោកអ្នកគួរតែបានពិគ្រោះជាមួយវេជ្ជបណ្ឌិតឯកទេសខាងកូនក្មេងជាមុន និងសុំព័ត៌មានបន្ថែម ទាក់ទងនឹងបរិមាណក្នុងផ្តល់ឱ្យពួកគេអាចផឹកតែបាន។ ទោះបីជាមិនមានផលប៉ះពាល់ដល់សុខភាពរបស់ក្មេងតូចក៏ដោយ អ្នកជំនាញភាគច្រើន គិតថាមិនគួរឱ្យក្មេងតូចៗ ផឹកតែនោះទេ។
របៀបធ្វើតែសម្រាប់ក្មេងៗ
គន្លឹះសំខាន់ដែលត្រូវចង់ចាំ ពេលឆុងតែឱ្យកូនតូចផឹក៖
➔ ត្រូវឆុងតែស្តើងសម្រាប់កូនក្មេង
➔ ដាក់ស្លឹកតែក្នុងទឹកក្តៅត្រឹមរយៈពេល ២ ទៅ៣នាទី កុំទុកយូរ
➔ បើឆុងទៅ រសជាតិក្រាស់ពេក ត្រូវបន្ថែមទឹក កុំឱ្យក្មេងផឹកតែដែលមានរសជាតិក្រាស់
➔ មុនពេលឱ្យកូនផឹកតែក្តៅ ត្រូវពិនិត្យមើលសីតុណ្ហភាពទឹកតែជាមុនសិន
អត្ថប្រយោជន៍របស់តែសម្រាប់សុខភាពក្មេងៗ។ តែ អាចជួយសម្រួល និងព្យាបាលរោគមួយចំនួនសម្រាប់កូនក្មេង៖
• ជំងឺថប់អារម្មណ៍៖ អ្នកស្រាវជ្រាវបានរកឃើញថា ក្មេងមួយចំនួនតូច មានជំងឺថប់អារម្មណ៍តាំងពីក្មេង។ ដូច្នេះហើយ នៅពេលដែលកូនលោកអ្នក មានសំពាធនៅសាលា ដោយសារតែការសិក្សា ការប្រកួតប្រជែង ឬការរើសអើង អ្នកអាចឱ្យពួកគេផឹកតែមួយពែង ដើម្បីសម្រួលអារម្មណ៍បាន។ តែ អាចជួយសម្រួលដល់ប្រព័ន្ធប្រសាទ កាត់បន្ថយភាពតានតឹង និងបន្ធូរអារម្មណ៍។• ជំងឺទល់លាមក៖ ការផឹកតែមួយពែងតូចជារៀងរាល់ថ្ងៃ អាចជួយក្មេង បាត់ទល់លាមក។ អ្នកអាចប្រើតែធម្មជាតិ ដែលគ្មានលាយសារធាតុពណ៌ ឬរសជាតិឱ្យកូនលោកអ្នកផឹកតិចៗជារៀងរាល់ថ្ងៃបាន។
• ជំងឺក្អក៖ តែក្តៅតិចៗ អាចជួយព្យាបាលជំងឺក្អក ឬផ្តាស់សាយធម្មតា ហើយក៏អាចជួយឱ្យកូនលោកអ្នក មានអារម្មណ៍ធូរស្បើយពីអាការៈឈឺក្បាលផងដែរ។
តើក្មេងអាយុប៉ុន្មាន ទើបសាកសមអាចផឹកតែបាន?
អ្នកជំនាញ បានណែនាំឱ្យក្មេងតូច ផឹកតែរុក្ខជាតិ ដែលគ្មានជាតិកាហ្វេអ៊ីន។ កូនតូចរបស់លោកអ្នកមិនគួរផឹកតែបៃតង ឬតែខ្មៅទេ បើពួកគេមានអាយុក្រោម១២ ឬ១៣ឆ្នាំ។ ក្មេងតូចអាយុពី ៤ ទៅ៥ឆ្នាំ គួរផឹកតែ ដែលមិនមានជាតិកាហ្វេអ៊ីន និងមិនក្តៅខ្លាំង៕
រក្សាសិទ្ធិដោយ៖ www.konkmeng.com