ធ្វើអនាម័យសាមញ៩យ៉ាង ដើម្បីរស់នៅស្អាត ទារកមានសុខភាពល្អ
- សុខភាព
- ខែធ្នូ 24, 2019
ការធ្វើអនាម័យជុំវិញបរិវេនផ្ទះ ក្នុងផ្ទះ និងការទម្លាប់មានអនាម័យខ្លួនប្រាណបានល្អ បានដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់សុខភាពសម្រាប់មនុស្សទូទៅ។ ក្នុងនាមជាឪពុកម្តាយសម័យថ្មី ប្រាកដជាស្វែងយល់បានច្រើនហើយ ជុំវិញបញ្ហាអនាម័យសម្រាប់កូនៗជាទីស្រលាញ់របស់ខ្លួន។ ការទម្លាប់មានអនាម័យល្អជាប្រចាំ អាចជួយឱ្យក្មេងៗជៀសផុតពីជំងឺផ្សេងៗ។
ថ្ងៃនេះគេហទំព័រ កូនក្មេង www.konkmeng.com សូមលើកយកការធ្វើអនាម័យ៩យ៉ាង ដែលលោកអ្នកជាឪពុកម្តាយ ឬអាណាព្យាបាល គួរតែអនុវត្ត ដើម្បីធានាថា កូនតូចៗបានរស់នៅក្នុងបរិស្ថានស្អាត មានអនាម័យល្អ និងមានសុខភាពល្អ៖
១.ការលាងសម្អាតដៃ(Wash your hands)៖ឪពុកម្តាយត្រូវប្រាកដថា ដៃរបស់លោកអ្នកមានអនាម័យស្អាត ដោយមុននឹងចាប់កាន់ ឬប៉ះពាល់ទារក ត្រូវលាងដៃឱ្យបានស្អាតត្រឹមត្រូវជាមួយនឹងសាប៊ូ។ មេរោគ ឬបាក់តេរី ដែលជាប់នៅនឹងដៃលោកអ្នក ងាយឆ្លង ហើយធ្វើឱ្យទារកកើតជំងឺផ្តាសាយ ឬរាគរូស ជាដើម។ ម្យ៉ាងទៀត វាពិតជាសំខាន់បំផុត ត្រូវលាងសម្អាតដៃជាមួយនឹងសាប៊ូ មុនផ្តល់ចំណីអាហារដល់ទារក។
២.ការងូតទឹកឱ្យកូនតូចរបស់អ្នក(Bathe your little one)៖ដើម្បីការពារកូនលោកអ្នកពីការឆ្លងមេរោគសើស្បែក លោកអ្នកគួរតែព្យាយាមងូតទឹកកូនឱ្យបានច្រើនដង និងឱ្យបានត្រឹមត្រូវ។ ការងូតទឹកឱ្យកូនបានទៀងទាត់ អាចជួយឱ្យគាត់មានរាងស្អាត និងសាច់ឈាមស្រស់ថា្លតឹងណែន។
៣.ការកាត់ក្រចកដៃទារក(Trim your baby’s fingernails)៖ក្រចកគគ្រិចជាសញ្ញាមួយនៃមេរោគដែលអាចចូលក្នុងរាងកាយទារក និងបង្កឱ្យមានជំងឺបាន នៅពេលដែលគាត់បឺត ឬជញ្ជក់ម្រាមដៃរបស់គាត់។ ការបណ្តោយទុកឱ្យក្រចកដៃទារកវែង ក្រៅពីអាចចម្លងមេរោគ ទារកអាចខ្វាច ឬក្រញៅខ្លួនប្រាណរបស់គាត់ថែមទៀត។ ដូច្នេះ ក្នុងនាមលោកអ្នកជាអាណាព្យាបាល ជានិច្ចកាលត្រូវថែរក្សា និងសម្អាតក្រចកដៃកូនឱ្យបានស្អាត។ ក្នុងនេះដែរ ឪណុកម្តាយត្រូវប្រាកដថា បានប្រើប្រាស់ឧបករណ៍បានត្រឹមត្រូវក្នុងការកាត់ក្រចកដៃរបស់កូន ដោយមិនធ្វើឱ្យកូនឈឺចាប់ឡើយ។
៤.ការសម្អាតត្រចៀកទារក(Clean His Ears)៖សម្អាតត្រចៀកទារកថ្នមៗ តែមិនត្រូវស៊កបញ្ចូលប្រដាប់ត្បាល់ត្រចៀក ចូលទៅក្នុងត្រចៀកទារកនោះឡើយ។ ចំណុចមួយដែលឪពុកម្តាយគួរកត់សម្គាល់ ប្រសិនបើទារកកើតមានអាការៈមិនស្រួលខ្លួន ខណៈ ឬក្រោយការត្បាល់ត្រចៀកបន្តិចមក នោះប្រហែលជាកូនតូចរបស់លោកអ្នក មានការឆ្លងមេរោគទៅក្នុងត្រចៀក។ ដូច្នេះ ដើម្បីជៀសវាងគ្រោះថ្នាក់ដោយប្រការណាមួយនោះ អាណាព្យាបាលត្រូវនាំទារក ទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ។
៥.ការថែរក្សាច្រមុះទារក(Keep Baby’s Nose Unclogged)៖សម្អាតទឹករំអិលស្ងួតនៅច្រមុះកូនលោកអ្នកថ្នមៗ ដោយប្រើកំណាត់កប្បាសទន់សើម ឬកំណាត់ដែលមានសាច់ទន់ល្អ។
៦.សម្អាតភ្នែកទារក(Clean His Eyes)៖ព្យាយាមសម្អាតភ្នែកទារកឱ្យបានស្អាត ការពារកុំឱ្យមានមេរោគទុំនៅ ដោយប្រើកំណាត់ស្អាតដែលមានសភាពទន់។
៧.ការផ្លាស់ប្តូរកំណាត់កន្ទបឱ្យបានទៀងទាត់(Change Your Baby’s Diapers Regularly)៖នៅពេលនិយាយពីអនាម័យសម្រាប់ទារក ការផ្លាស់ប្តូរកំណាត់កន្ទបឱ្យបានទៀងទាត់ជារឿងសំខាន់មួយ ដើម្បីការពារមិនឱ្យកើតមានកន្ទួលរមាស់។ ក្រោយពីផ្លាស់ប្តូរកន្ទបរួច បន្ទាប់ទៀតត្រូវជូតទារកដោយប្រើកំណាត់ទន់ៗ និងស្អាតល្អ។
៨.ការថែរក្សាប្រដាប់ក្មេងលេងឱ្យបានស្អាត(Keep Your Baby’s Toy Clean)៖ក្មេងភាគច្រើនមានទម្លាប់ចូលចិត្ត យកប្រដាប់លេងមកដាក់ចូលក្នុងមាត់របស់ពួកគេ។ ប្រការនេះ ឪពុកម្តាយគួរមានការប្រុងប្រយ័ត្ន និងត្រូវលាងសម្អាតប្រដាប់ប្រដាលេងរបស់កូនឱ្យបានទៀងទាត់ ហើយជូត ឬហាលឱ្យបានស្ងួតល្អ មុនឱ្យពួកគេលេង។
៩.ត្រូវធ្វើអនាម័យផ្ទះ(Sanitize Your Home)៖ដើម្បីកុំឱ្យកូនលោកអ្នកឆ្លងមេរោគ និងអតិសុខុមប្រាណផ្សេងៗ ដែលបង្កគ្រោះថ្នាក់ដល់សុខភាពរបស់ពួកគេ សូមថែរក្សាគេហដ្ឋានឱ្យបានស្អាតល្អ គ្រប់ទីកន្លែង ទាំងបន្ទប់គេង កន្លែងលេង ផ្ទះបាយ និងសម្ភារៈ ឧបករណ៍ប្រើប្រាស់ផ្សេងៗទៀត។
រក្សាសិទ្ធិដោយ៖ www.konkmeng.com