វិធីសាស្ត្រក្នុងការមើលថែកូនៗរបស់លោកអ្នក នៅពេលពួកគាត់ឈឺ
- សុខភាព
- ខែវិច្ឆិកា 22, 2019
វាប្រហែលជាពិបាកណាស់ថា តើអ្នកគួរធ្វើបែបណានៅពេលដែលកូនឈឺ? ខាងក្រោមនេះ konkmeng (កូនក្មេង) សូមបង្ហាញនូវតិចនិចមួយចំនួនដែលប្រហែលនឹងអាចជួយលោកអ្នកបាន៖
១.ព្យាយាមផ្ដល់ភាពសុខស្រួលផ្លូវកាយដល់កូនលោកអ្នក (Keep them comfortable)
នៅពេលដែលកូនៗរបស់លោកអ្នកឈឺ លោកអ្នកមិនត្រូវបង្ខំពួកគាត់ធ្វើអ្វីមួយ តាមចិត្តរបស់អ្នកពេកនោះទេ។ ព្រោះក្មេងខ្លះមិនចូលចិត្តគេងលើគ្រែនៅពេលឈឺទេ ដូច្នេះកុំបង្ខំពួកគាត់។ មិនខ្វល់ថា ពួកគាត់នៅកន្លែងណា គេងកន្លែងណាទេ អ្នកត្រូវប្រាកដថា៖
- បន្ទប់មានខ្យល់ចេញចូលល្អ និងគ្រប់គ្រាន់។ ប្រសិនបើបន្ទប់មានភាពហប់ពេក ពួកគាត់អាចនឹងមានអារម្មណ៍កាន់តែអាក្រក់ទៅៗ។
- កូនរបស់អ្នកញ៉ាំទឹកបានច្រើន។ សម្រាប់ថ្ងៃដំបូងៗ អាណាព្យាបាលទាំងអស់ កុំធុញទ្រាន់នឹងបញ្ហាពួកគាត់ ដែលមិនចង់ញ៉ាំអ្វីទាំងអស់ ម្យ៉ាងទៀតមិនត្រូវបង្ខំពួកគាត់ញ៉ាំទេ។
- អ្នកត្រូវព្យាយាមលួងលោមពួកគាត់ឱ្យញ៉ាំបន្ដិចម្ដងៗ ហើយលើកទឹកចិត្តពួកគាត់ឱ្យទទួលទានអាហារជីវជាតិ ដូចជាទឹកដោះគោជាដើម។
- ព្យាយាមផ្តល់ពេលវេលាឱ្យកូន ដោយនៅមើលថែ និងបង្ហាញសកម្មភាពបែបកំប៉្លុកកំប្លែងជាមួយពួកគាត់។
- នៅពេលឈឺ កុមារឆាប់នឿយហត់ណាស់ ហើយត្រូវការសម្រាកឱ្យបានច្រើន។ ដូច្នេះលើកទឹកចិត្តកូនរបស់លោកអ្នកឱ្យសម្រាក នៅពេលដែលពួកគាត់ត្រូវការ។
- កុំគេងលក់ជាមួយទារកដែលឈឺ ទោះបីអ្នកអស់កម្លាំងក៏ដោយ ព្រោះអាចបង្កើនហានិភ័យនៃការស្លាប់ដោយមិនដឹងមូលហេតុ (cot death) ដល់ទារក។
- ប្រសិនបើកូនរបស់លោកអ្នកមានជំងឺឆ្លង សូមញែកកូនរបស់លោកអ្នកចេញពីកុមារដទៃទៀតនិងមនុស្សពេញវ័យ ដែលងាយរងគ្រោះ ដើម្បីការពារការរីករាលដាលនៃជំងឺ។
២.មើលថែខ្លួនឯង (Look after yourself)
ការមើលថែទាំកូននៅពេលគាត់ឈឺ វាជាបន្ទុកមួយដ៏នឿយហត់ណាស់ទៅហើយ។ លោកអ្នកគួរឆ្លៀតពេលសម្រាកឱ្យបានច្រើនតាមដែលអាចធ្វើបាន។ ស្វែងរកអ្នកណាម្នាក់ ដែលអាចជំនួសការងាររបស់លោកអ្នកមួយចំនួនធំ ដើម្បីលោកអ្នកអាចដកឃ្លាមកមើលថែកូន និងសម្រាកផងដែរ។ ក្រៅពីនេះ លោកអ្នកអាចប្រើប្រាស់កម្មវិធីទូរស័ព្ទ ដើម្បីទិញរបស់របរ ឬអាហារនានាផងដែរ ដើម្បីចំណេញពេលវេលា។
៣.ពេលដែលត្រូវព្រួយបារម្ភ (When to be worried)
អ្នកត្រូវស្វែងរកការណែនាំពីគ្រូពេទ្យ ឬនាំកូនលោកអ្នកទៅជួបគ្រូពេទ្យជំនាញជាបន្ទាន់ ប្រសិនបើកូនរបស់លោកអ្នកមានអាការៈដូចខាងក្រោម ៖
- មើលទៅកូនរបស់លោកអ្នកហាក់បីដូចជាឈឺធ្ងន់
- មានបញ្ហាក្នុងការដកដង្ហើម
- រឹងក ឬពិបាកបត់កជាដើម
- ភ្នែកពួកគាត់ឈឺចាប់ពេលដែលត្រូវពន្លឺ
- ដាស់មិនងាយក្រោក ឬពួកគាត់ចេះតែ ងងុយគេងខុសពីធម្មតា
- ប្រកាច់
ជាចុងក្រោយ ចំណុចទាំងឡាយខាងលើនេះ គ្រាន់តែជាចំណេះដឹងមូលដ្ឋានមួយចំនួន សម្រាប់លោកអ្នកជាអាណាព្យាបាលតែប៉ុណ្ណោះ។ ដើម្បីកុំឱ្យមានហានិភ័យណាមួយដល់កូនៗរបស់លោកអ្នក គឺលោកអ្នកគួរតែឧស្សាហ៍ទៅពិគ្រោះជាមួយគ្រូពេទ្យឱ្យបានទៀងទាត់ តាមដានអំពីស្ថានភាពជំងឺពួកគាត់ឱ្យបានទៀងទាត់ជាមួយគ្រូពេទ្យជំនាញ និងអនុវត្តឱ្យបានល្អតាមការណែនាំរបស់គ្រូពេទ្យ។
សូមកុំរុញរាឱ្យសោះចំពោះការនាំកូនលោកអ្នកទៅមន្ទីរពេទ្យ ទោះក្នុងកាលៈទេសៈណាក៏ដោយ បើសិនស្ថានភាពគាត់មានសភាពធ្ងន់ធ្ងរទៅៗ៕រក្សាសិទ្ធិដោយ៖ www.konkmeng.com