​ការ​ឧស្សាហ៍​នាំ​កូន​ៗ​ជាទី​ស្រលាញ់​ ​លម្ហែ​កម្សាន្ត​ខាងក្រៅ​ញឹកញាប់​ ​មិន​ត្រឹមតែ​ជា​ការ​បង្ក​បរិយាកាស​សប្បាយរីករាយ​ក្នុង​គ្រួសារ​ប៉ុណ្ណោះទេ​ ​ហើយ​ផ្ទុយទៅវិញ​ ​អ្នកស្រាវជ្រាវ​បាន​រក​ឃើញថា​ ​ការ​ទុក​ឱ្យ​កូន​នៅតែ​ក្នុង​ផ្ទះ​ពេក​ ​អាច​ធ្វើ​ឱ្យ​ក្មេង​ប្រឈម​ទៅ​នឹង​បញ្ហា​សុខភាព​ផ្លូវចិត្ត​ ​ការរៀនសូត្រ​មិនបាន​ល្អ​ ​និង​ខ្វះ​ទំនាក់ទំនង​ពី​ពិភព​ខាងក្រៅ​ជាដើម​។​

ថ្ងៃនេះ​ ​គេហទំព័រ​ ​កូនក្មេង​ ​(​KonKmeng​)​សូម​ណែនាំ​នូវ​សកម្មភាព​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ​ ​៧ប្រភេទ​ ​ដែល​លោកអ្នក​ជា​អាណាព្យាបាល​របស់​ក្មេង​ ​អាច​សាកល្បង​បាន​ ​ដូច​ខាងក្រោម​៖​

១​.​ការ​ឱ្យ​ចំណីសត្វ​៖​ ​ជា​ធម្មតា​ ​មិនថា​ជា​សត្វ​ចិញ្ចឹម​ ​ឬសត្វ​ដែល​រស់នៅ​ដោយ​ការ​ប្រមាញ់​ចំណី​ដោយខ្លួនឯង​នោះ​ទេ​ ​ពួកវា​ចូលចិត្ត​ឱ្យ​មាន​មនុស្ស​មកលេង​ជាមួយ​វា​ ​ដោយ​ការ​ផ្តល់​ចំ​ណី​ផ្សេង​ៗ​ជាដើម​។​ ​លោកអ្នក​គួរ​ចំណាយពេល​ទំនេរ​នាំ​គ្រួសារ​ ​ពិសេស​កូន​តូច​ៗ​របស់​លោកអ្នក​ ​ទៅ​ដាក់​ចំណី​ឱ្យ​សត្វ​ ​នៅ​តាម​បាន​តាម​មាត់បឹង​ ​ឬ​សួនសត្វ​ ​ជាដើម​។​ ​សកម្មភាព​បែបនេះ​ ​ជា​ការកម្សាន្ត​សប្បាយ​ផង​ ​និង​អាច​បណ្តុះ​ចរិ​ក​ឱ្យ​កូន​ៗ​លោកអ្នក​ ​មានចិត្ត​ស្រលាញ់​សត្វ​ថែមទៀត​ផង​។​​២​.​សួរសុខទុក្ខ​អ្នកជិតខាង​៖​ ​លោកអ្នក​អាច​នាំ​គ្រួសារ​ទៅ​សួរសុខទុក្ខ​អ្នកជិតខាង​ ​ឬក៏​អាច​អញ្ជើញ​ ​អ្នកជិតខាង​មក​ធ្វើ​កម្មវិធី​ជុំគ្នា​នៅផ្ទះ​លោកអ្នក​ក៏បាន​។​ ​សកម្មភាព​បែបនេះ​ ​អាចប​ង្កើត​បរិយាកាស​សប្បាយរីករាយ​ ​ព្រមទាំង​ជា​ការ​បណ្តុះ​ទម្លាប់​ឱ្យ​ក្មេង​ៗ​ចេះ​ប្រាស្រ័យ​ទាក់ទង​ ​ឬ​លេង​ជាមួយ​ក្មេង​ដទៃ​ ​រៀន​ពី​ការ​ធ្វើការងារ​ជា​ក្រុម​ ​និង​ការ​ចេះ​សាមគ្គី​គ្នា​ជាដើម​។​

​៣​.​ជិះកង់​កម្សាន្ត​៖​ ​លោកអ្នក​ក៏អាច​នាំ​គ្រួសារ​ ​រួម​ទាំង​កូនលោក​អ្នក​ ​ប្រសិនបើ​ពួកគេ​ចេះ​ជិះកង់​ ​ដោយ​ការ​ជិះកង់​កម្សាន្ត​នៅ​តាម​សួនច្បារ​ ​និង​កន្លែង​លម្ហែ​កម្សាន្ត​នានា​។​ ​ការ​ជិះកង់​ ​មិន​ត្រឹមតែ​ជាសកម្ម​ភាព​កម្សាន្ត​សប្បាយ​ប៉ុណ្ណោះទេ​ ​វា​អាច​ផ្តល់​ឱ្យ​យើង​នូវ​សុខភាព​ល្អ​ ​ព្រោះ​ជា​ដូចជា​ការហាត់ប្រាណ​មួយ​អ៊ីចឹង​ដែរ​។​

​៤​.​លេងល្បែង​រុករក​វត្ថុ​អ្វីមួយ​៖​ ​ប្រសិនបើ​ ​ទីធ្លា​ផ្ទះ​របស់​លោកអ្នក​ទូលាយ​ ​អាចប​ង្កើត​សួន​មួយ​នៅ​ក្នុង​បរិ​វេន​ផ្ទះ​ ​សម្រាប់​កូន​ៗ​លេងកម្សាន្ត​។​ ​ជាមួយគ្នា​នោះ​ ​ពេលទំនេរ​ ​លោកអ្នក​អាចប​ង្កើត​បរិយាកាស​កម្សាន្ត​ជុំ​គ្រួសារ​ ​ដោយ​លេង​នូវ​ការ​កម្សាន្ត​ផ្សេង​ៗ​ ​មាន​ដូចជា​ ​ការ​លាក់​ទុក​នូវ​វត្ថុ​អ្វីមួយ​ ​ហើយ​ចែកវេន​គ្នា​ដើររក​ជាដើម​។​​៥​.​ទៅលេង​សួន​ដំណាំ​៖​ ​ទេសភាព​ដ៏​ស្រស់​ចម្រុះ​ព័ណ៌​នៅក្នុង​សួន​ដំណាំ​ ​ជា​កន្លែង​ថតរូប​ទុកជា​អនុស្សាវរីយ៍​ដ៏​ល្អ​មួយ​។​ ​ជាង​នេះ​ទៅទៀត​ ​ក៏អាច​ណែនាំ​ឱ្យ​កូន​ៗ​របស់​លោកអ្នក​ ​ស្គាល់​ពី​ឈ្មោះ​ ​ប្រភេទ​នៃ​ដំណាំ​នី​មួយ​ៗ​ផង​ដែរ​។​ ​ទន្ទឹមគ្នា​នោះ​ ​លោកអ្នក​ក៏អាច​នាំ​ពួកគេ​ ​លេងកម្សាន្ត​ ​មានការ​ហូប​ប្រណាំង​គ្នា​ ​ឬ​ការ​រៀន​សម្គាល់​ឈ្មោះ​ប្រភេទ​ដំណាំ​ទាំងអស់​នោះ​ថែមទៀត​ផង​ ​ដែល​ការ​បង្ក​នូវ​បរិយាកាស​សប្បាយរីករាយ​ក្នុង​គ្រួសារ​។​

​៦​.​តុបតែង​ផ្ទះ​សម្រាប់​ពិធីបុណ្យ​ ​និង​ចូលរួម​ពិធីបុណ្យ​នានា​៖​ ​សកម្មភាព​ធ្វើអ្វី​មួយ​ជួបជុំ​គ្រួសារ​ ​គឺជា​ការ​បង្ហាញ​នូវ​ការ​សាមគ្គី​គ្នា​ ​ហើយក៏​ជា​ពេលវេលា​មួយ​ដែល​គ្រប់គ្នា​អាច​កម្សាន្ត​សប្បាយ​ជុំគ្នា​ ​ដោយ​ការ​ហូបចុក​ ​ការ​ធ្វើការងារ​រួមគ្នា​ ​ការ​ជជែកគ្នា​ ​ជាដើម​។​ ​ការ​ទម្លាប់​ ​និង​ផ្តល់​ឱកាស​ឱ្យ​កូន​ៗ​លោកអ្នក​បាន​ចូលរួម​នៅក្នុង​កម្មវិធី​បែបនេះ​ ​គឺជា​រឿង​មួយ​ល្អ​សម្រាប់​ពួកគេ​ ​ដើម្បី​បាន​ស្គាល់​ញាតិមិត្ត​ ​បងប្អូន​ផង​ ​និង​ ​អាច​ធ្វើ​ឱ្យ​ពួកគេ​ឆ្ងល់​ ​និង​ទទួលយក​ការ​ពន្យល់​ពី​លោកអ្នក​ជុំវិញ​អត្ថន័យ​ ​ឬ​របៀប​នៃ​កម្មវិធី​ទាំងនោះ​។​

​៧​.​ទៅ​ពិ​ក​និច​ ​(​Picnic​)​និង​បង្ហោះ​ខ្លែង​៖​ ​យូរ​ៗ​ម្តង​ ​ការ​ធ្វើដំណើរ​កម្សាន្ត​បែប​ចម្អិន​អាហារ​ញ៉ាំ​ជុំគ្នា​ ​នៅ​តាម​តំបន់​ផ្សេង​ៗ​ ​រួម​ទាំង​សកម្មភាព​កម្សាន្ត​មួយចំនួន​ទៀត​ ​គឺ​ផ្តល់​នូវ​ក្តីសុខ​ ​និង​សុភមង្គល​សម្រាប់​គ្រួសារ​ ​ហើយក៏​ជា​ការ​ផ្តល់​ឱកាស​ឱ្យ​កូន​ៗ​ ​បាន​ស្គាល់​ពី​តំបន់​ទេសចរណ៍​ ​សារៈសំខាន់​នៃ​ធម្មជាតិ​ ​អនាម័យ​ ​បរិស្ថាន​ជាដើម​។​ក្រោយ​លោកអ្នក​ ​បាន​អាន​អត្ថបទ​នេះ​ហើយ​ ​កូនក្មេង​ ​(​KonKmeng​)​សង្ឃឹមថា​ ​វា​អាច​ផ្តល់​ជា​គន្លឹះ​ខ្លះ​ៗ​ ​ចូលរួម​ចំណែក​បង្កើត​នូវ​បរិ​យាស​ ​សប្បាយរីករាយ​នៅក្នុង​គ្រួសារ​របស់​លោកអ្នក​ ​ដែល​ជា​ឱកាស​ដ៏​ល្អ​នៅក្នុង​ការ​ផ្តល់​ឱ្យ​កូន​ៗ​ ​បាន​ចូលរួម​បង្ហាញ​អារម្មណ៍​ ​គំនិត​ ​និង​ការយល់ឃើញ​របស់​ពួកគេ​ ​នៅក្នុង​បរិយាកាស​ទាំងអស់​នោះ​។​ ​

​ម្យ៉ាងទៀត​ ​តាមរយៈ​សកម្មភាព​ទាំង៧ចំណុច​នេះ​ ​ក៏​ជា​ការ​បង្រៀន​ ​និង​បណ្តុះ​ទម្លាប់​កូន​ៗ​របស់​លោកអ្នក​ ​រៀន​ស្វែងយល់​ ​និង​ចូលរួម​នៅក្នុង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយនឹង​មជ្ឈ​ដ្ឋាន​ផ្សេង​ៗ​ ​ទាំង​មនុស្ស​ ​និង​ធម្មជាតិ​៕​

អត្ថបទទាក់ទង៖ អ្នកជំនាញលើកឡើងថា ការទុកកូននៅតែក្នុងផ្ទះ អាចបណ្តាលឱ្យមានបញ្ហាសុខភាពផ្លូវចិត្ត

​រក្សាសិទ្ធិ​ដោយ​៖​ ​www.konkmeng.com​