សព្វថ្ងៃ​នេះ ដោយសារតែ​រវល់​នឹង​ការងារ​ ឬដោយសារកត្តាផ្សេងៗ ​ បានធ្វើឱ្យ​ឪពុកម្ដាយ​មួយចំនួន​ពុំសូវ​មាន​ពេល​គ្រប់គ្រាន់​ ដើម្បី​នាំ​កូន​ៗ​របស់​ខ្លួន​ចេញក្រៅ​លំហែកាយ​នោះ​ទេ​។​ ​កាន់តែ​អាក្រក់​ជាង​នេះ​ទៅទៀត​ ​គឺ​ការអនុញ្ញាត​ឱ្យ​កុមារ​លេង​វីដេអូ​ហ្គេម​ ​ឬ​មើល​តុក្កតា​តាម​គ្រឿង​អេ​ឡិច​ត្រូ​និច​ជាច្រើន​ម៉ោង​ ​ដែល​បណ្ដាល​ឱ្យ​កុមារ​ខ្វះទំនាក់ទំនង​ជាមួយ​ពិភព​ខាងក្រៅ​។​ ​

​បើ​តាម​វិទ្យាស្ថាន​ឯករាជ្យ​មួយ​ ​(​The​ ​Child​ ​Mind​ ​Institute​)​ ​ដែល​កំពុងធ្វើការ​លើ​ការ​ផ្លាស់​ប្តូរជីវិត​របស់​កុមារ​ ​និង​គ្រួសារ​ ​ដែល​ពួកគេ​កំពុង​ប្រឈម​នឹង​បញ្ហា​សុខភាព​ផ្លូវចិត្ត​ ​និង​ការរៀនសូត្រ​ ​បានឱ្យ​ដឹង​ថា​ ​នៅ​សហរដ្ឋអាមេរិក​ ​មាន​កុមារ​ជាមធ្យម​ចំណាយពេល​ត្រឹមតែ៤ ទៅ៧នាទី​ប៉ុណ្ណោះ​ ​ក្នុង​មួយថ្ងៃ​សម្រាប់​ការ​លេង​កម្សាន្ដ​នៅ​ក្រៅ​ផ្ទះ​ ​តែ​ពួកគេ​ចំណាយពេល​លើស​ពី៧ម៉ោង​ក្នុង​មួយថ្ងៃ​ ​នៅមុខ​អេក្រង់​ទូរស័ព្ទ​ ​(​Smart​ ​Phone​)​ឬ​ថេប្​លែ​ត​ ​(​Tablet​)​។​ ​​ការសិក្សា​ជាច្រើន​សុទ្ធតែ​បង្ហាញថា​ ​ក្មេង​ដែល​លេង​នៅ​ខាងក្រៅ​ ​គឺ​មាន​ភាព​វ័យ​ឆ្លាត​ ​អារម្មណ៍​សប្បាយរីករាយ​ ​មានការ​ផ្ដោត​អារម្មណ៍​បាន​ល្អ​ ​និង​មិនសូវ​តប់ប្រមល់​នោះ​ទេ​។​ ​ដើម្បី​ចូល​ឱ្យ​កាន់តែ​ជ្រៅ​នូវ​អត្ថ​ប្រយោជន៍​នៃ​ការ​ចំណាយពេល​ជាមួយ​ធម្មជាតិ​ចំពោះ​ក្មេង​ ​គេហទំព័រ​ ​Konkmeng​ កូនក្មេង ​សូម​លើក​បង្ហាញ​នូវ​អត្ថ​ប្រយោជន៍​ចំនួន៥ចំណុច​ ​ដែល​មានគុណ​តម្លៃ​ដល់​ការលូតលាស់​ ​និង​ការរស់នៅ​របស់​ក្មេង​ៗ​៖​

​១​.​បង្កើត​ទំនុកចិត្ត​ ​(​Build​ ​Confidence​)​៖​ ​ការ​លេង​តាម​បែប​ធម្មជាតិ​នៅ​ខាងក្រៅ​ផ្ទះ​ ​មាន​របៀប​ច្រើន​រាប់មិនអស់​ ​ដែល​វា​សុទ្ធតែ​អនុញ្ញាត​ឱ្យ​កុមារ​បណ្ដែត​ខ្លួន​ជាមួយនឹង​ធម្មជាតិ​ ​និង​អ្វី​ៗ​ជុំវិញ​ខ្លួន​របស់​ពួកគេ​។​ ​យើង​អាច​នាំ​ពួកគាត់​លេង​នៅកន្លែង​ដូចជា​ ​ទីធ្លា​មុខ​ផ្ទះ​ ​សួនច្បារ​ក្រោយផ្ទះ​ ​ឬ​សាធារណៈ​ ​មាត់បឹង​ ​ទន្លេ​ ​ឬ​ផ្សារ​ទំនើប​ជិត​ផ្ទះ​ជាដើម​។​ ​យើង​ត្រូវ​ឱ្យ​កុមារ​ជ្រើសរើស​នូវ​របៀប​នៃ​ការ​បន្សាំ​ខ្លួន​ទៅ​នឹង​បរិវេណ​ខាងក្រៅ​ដោយខ្លួនឯង​ ​លេង​ជាមួយ​ធម្មជាតិ​។​ ​ការដែល​ធ្វើ​ដូច្នេះ​ ​គឺ​ក្មេង​អាច​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការគ្រប់គ្រង​រាល់​សកម្មភាព​របស់​ខ្លួនឯង​បាន​។​ ​​២​.​បង្កើន​ផ្នែក​បង្កើត​ថ្មី​ ​និង​ការស្រមើស្រមៃ​ ​(​Promote​ ​creativity​ ​and​ ​imagination​)​៖​ ​ការ​លេង​វីដេអូ​ហ្គេម​ ​គឺ​មិន​ធ្វើ​ឱ្យ​កុមារ​មាន​ភាព​ឆ្លាតវៃ​ខ្លាំង​ទេ​ ​ព្រោះ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និច​ទាំងនោះ​ ​គឺ​ត្រូវ​បាន​បំពាក់​គោលការណ៍​រួចជាស្រេច​ ​ដើម្បី​ឱ្យ​អ្នកលេង​អនុវត្ត​តាម​។​ ​ការ​លេង​នៅ​ខាងក្រៅ​ផ្ទះ​ ​នឹង​ធ្វើ​ឱ្យ​អន្ដរ​កម្ម​រវាង​កុមារ​ ​និង​ពិភព​ខាងក្រៅ​កាន់តែ​មានន័យ​។​ ​ពួកគេ​នឹង​គិត​អ្វី​ផ្សេង​ៗ​ជាច្រើន​យ៉ាង​ ​បង្កើត​នូវ​អ្វី​ប្លែក​ៗ​ ​សកម្មភាព​ ​កាយវិការ​ ​និង​សម្ដី​ប្លែក​ៗ​ដោយខ្លួនឯង​ ​ដែល​នេះ​ជា​ការ​ចាប់ផ្ដើម​នៃ​ផ្នត់គំនិត​ច្នៃប្រឌិត​របស់​ពួកគេ​។​

​៣​.​ធ្វើ​ឱ្យ​រាងកាយ​មាន​ចលនា​ ​(​Gets​ ​kids​ ​moving​)​៖​ ​សឹងតែ​គ្រប់​វិធី​ដែល​កូន​អ្នក​សម្រប​ខ្លួន​លេង​ជាមួយ​ធម្មជាតិ​ ​គឺ​សុទ្ធតែ​ប្រៀប​ដូចជា​កូន​អ្នក​កំពុង​ហាត់ប្រាណ​ដូច្នោះ​ដែរ​។​ ​មិន​ប្រាកដ​ថា​ ​ទាល់តែ​ឱ្យ​ពួកគាត់​ធាក់កង់​ ​លេង​បាល់ទាត់​ ​ទើប​មានន័យថា​ ​ហាត់ប្រាណ​នោះ​ទេ​ ​គឺ​គ្រាន់តែ​ដើរ​ធម្មតា​ក៏អាច​ធ្វើ​ឱ្យ​ចរ​ន្ដ​ឈាម​របស់​គាត់​រត់​ស្រួល​ដែរ​។

​៤​.​ធ្វើ​ឱ្យ​ពួកគាត់​ចេះ​គិត​ ​(​Make​ ​them​ ​think​)​៖​ ​ធម្មជាតិ​បង្កើត​នូវ​សមត្ថភាព​ដ៏​អស្ចារ្យ​ដល់​ក្មេង​ ​ដែល​គ្មាន​មជ្ឈដ្ឋាន​ណាមួយ​ធ្វើ​ដូច​បាន​។​ ​ការ​ចេញទៅ​ខាងក្រៅ​ជួប​មនុស្សម្នា​ ​ធម្មជាតិ​ ​បរិវេណ​ជុំវិញ​ខ្លួន​ ​គឺ​ធ្វើ​ឱ្យ​ក្មេង​ចាប់ផ្ដើម​ឆ្ងល់​នេះ​ឆ្ងល់​នោះ​ ​ចាប់ផ្ដើម​ចេះ​គិត​បែប​ធម្ម​តាៗ​ ​តាម​របៀប​ក្មេង​ៗ​។​ ​ព័ត៌មាន​ដែល​ខួរក្បាល​ក្មេង​ទទួល​បាន​ទាំងនោះ​ ​ជាផ្នែក​មួយ​នៃ​ចំណេះដឹង​គោល​ ​ប្រៀប​ដូចជា​ដាស់​ស្មារតី​ពួកគាត់​ ​ឱ្យ​ខួរក្បាល​គាត់​រហ័សរហួន​ផង​ដែរ​។​៥​.​កាត់​បន្ថយ​ស្ត្រេស​ ​និង​ភាព​ទន់ខ្សោយ​ ​(​Reduce​ ​stress​ ​and​ ​fatigue​)​៖​ ​ការ​ចំណាយពេល​ជាមួយ​ធម្មជាតិ​អាច​ជួយ​បំបាត់​ភាព​តានតឹង​ ​និង​ការ​ថប់អារម្មណ៍​ ​ព្រោះ​វា​ធ្វើ​ឱ្យ​អារម្មណ៍​របស់​ក្មេង​ស្រស់ស្រាយ​ ​មិន​តប់ប្រមល់​ ​ដូច​កាលដែល​លេង​តែ​វីដេអូ​ហ្គេម​នោះ​ទេ​។​ ​ប្រសិនបើ​អាច​ ​អាណាព្យាបាល​គួរ​ឧស្សាហ៍​នាំ​កូន​ៗ​របស់​ខ្លួន​ទៅលេង​នៅ​ឧទ្យានជាតិ​ ​ឬ​កន្លែង​ណា​មយ​យ​ដែល​មាន​រុក្ខជាតិ​បៃតង​ច្រើន​។​ ​ធម្មជាតិ​បៃតង​ជួយ​កាត់​បន្ថយ​ស្រ្​ដេស​ ​និង​អាច​សំអាត​ចោល​ភាព​ហ្មង​សៅ​ផ្សេង​ៗ​។​

​សរុប​មកវិញ​ ​អាណាព្យាបាល​គ្រប់រូប​គួរតែ​ចេះ​រៀបចំ​កាលវិភាគ​ ​ពេលវេលា​របស់​ខ្លួន​ ​ដើម្បី​ចំណាយពេល​នៅជា​មួ​យកូនៗ​របស់​ខ្លួន​ ​និង​ជៀសវាង​ ​ឬ​កាត់បន្ថយ​នូវ​ការ​ដាក់​វីដេអូ​ហ្គេម​ ​ឬ​តុក្កតា​ឱ្យ​ពួកគាត់​មើល​សើច​តែម្នាក់ឯង​ ​ព្រោះ​ធ្វើ​ដូចនេះ​ ​អាច​ប្រឈមមុខនឹង​ជំងឺ​ម្យ៉ាង​ ​ដែលគេ​ឱ្យឈ្មោះ​ថា​ ​អូ​ទីស្សឹម​ ​(​Autism​) ​ដែលជាជំងឺមួយ​ធ្វើ​ឱ្យ​កុមារ​ ​មិន​អាច​ទំនាក់ទំនង​ជាមួយ​សង្គម​ខាងក្រៅ​បាន​ ​មាន​ភាព​ខុសប្លែក​ជាមួយ​ក្មេង​ដទៃ​)​៕​

​រក្សាសិទ្ធិ​ដោយ​៖​ ​www.konkmeng.com​