ហេតុអ្វីបានជាកាល់ស្យូមមានសារៈសំខាន់សម្រាប់ទារក?
- សុខភាព
- ខែធ្នូ 21, 2019
កាល់ស្យូម មានសារៈសំខាន់ណាស់សម្រាប់ទារក ព្រោះកាល់ស្យូមមិនត្រឹមតែជួយឱ្យឆ្អឹងមានការលូតលាស់ល្អនោះទេ ថែមទាំងជួយសាច់ដុំ និងសរសៃប្រសាទរបស់ទារកមានការវិវឌ្ឍ និងមានកម្លាំងខ្លាំងទៀតផង។
កាល់ស្យូមមានតួនាទីសំខាន់ក្នុងការគ្រប់គ្រងបេះដូងទារក ជួយឱ្យទារកមានការសំរាកបានស្រួល។ កង្វះជាតិកាល់ស្យូមនៅក្នុងរបបអាហារ អាចនាំឱ្យទារកស្ថិតក្នុងលក្ខខណ្ឌមួយដែលពាក្យបច្ចេកទេស ហៅថា RICKETS (ជំងឺបណ្តាលមកពីកង្វះវីតាមីនD ដែលធ្វើឱ្យឆ្អឹងរបស់ទារកមិនរឹងមាំ)។
ជាធម្មតាលក្ខខណ្ឌទាំងនោះកើតឡើងចំពោះទារក ដែលមានអាយុចន្លោះពី៦ខែ ទៅ ២៤ខែ។ ជំងឺ រីចឃីត (RICKETS) អាចធ្វើឱ្យឆ្អឹងរបស់ទារកខូចទ្រង់ទ្រាយ និងងាយបាក់បែក ប្រសិនបើទារកទទួលរងផលបះពាល់ពីកង្វះជាតិកាល់ស្យូមនៅក្នុងខ្លួន។ ទាំងនេះជាប្រភពអាហារដែលសម្បូរដោយកាល់ស្យូមសម្រាប់ទារក៖•ផលិតផលទឹកដោះគោ រួមមានទឹកដោះគោជូរ ឈីស ប័រ...។
•ប្រសិនបើទារកមិនចូលចិត្តទឹកដោះគោ លោកអ្នកត្រូវផ្ដល់ឱ្យពូកគេនូវផ្លែឈើស្រស់ ដែលមានរសជាតិឆ្ងាញ់។
•ប្រសិនបើទារកខ្វះជាតិ Lactose (ជាស្ករមួយប្រភេទដែលមាននៅក្នុងទឹកដោះគោ ឬផ្លែឈើស្រស់ និងគ្រាប់ធញ្ញជាតិផ្សេងៗ) ហើយលោកអ្នកក៏អាចផ្តល់នូវទឹកសណ្តែកដល់ទារកបានផងដែរ ដើម្បីបំពេញជាតិកាល់ស្យូម។ លោកអ្នកគួរតែពិនិត្យស្លាកសញ្ញាផលិតផលទឹកដោះគោ ដើម្បីដឹងថា ម៉ាកណាមានផ្ទុកជាតិកាល់ស្យូមល្អសម្រាប់ទារក។
•លោកអ្នកអាចបន្ថែមឈីស ទៅក្នុងរបបអាហាររបស់ទារក ហើយទារកអាចនឹងចូលចិត្តឈីសធម្មតា ដូចជាឈីសចំណិតដែលបន្ថែមទៅក្នុងស៊ុប សាឡាដ ប៉ាស្តា និងបន្លែដុត។•ប្រភេទទឹកគោយ៉ាអួ ក៏សម្បូរដោយជាតិកាល់ស្យូមល្អសម្រាប់់សុខភាពរបស់ក្មេងផងដែរ។
•បន្លែបៃតងដូចជា ខាត់ណា, ខាត់ណាខៀវ, ស្ពៃបៃតង ស្ពៃខ្មៅ ជាដើម ដែលមានបរិមាណកាល់ស្យូមច្រើនជាងបន្លែបៃតងផ្សេងទៀត។
បើទោះថា ប្រភពអាហារខាងលើសម្បូរដោយជាតិកាល់ស្យូមយ៉ាងណាក្តី ប៉ុន្តែប្រព័ន្ធសម្រាប់រំលាយអាហាររបស់ទារក នៅមិនទាន់អាចធ្វើការបានល្អដូចមនុស្សពេញវ័យនៅឡើយ ដូច្នេះប្រការល្អបំផុត មុនលោកអ្នកសម្រេចថា ផ្តល់ប្រភពអាហារទាំងនោះជារបបអាហារសម្រាប់ទារក គួរបានពិគ្រោះជាមួយគ្រូពេទ្យជំនាញឱ្យបានច្បាស់លាស់បន្ថែមទៀត៕
រក្សាសិទ្ធិដោយ៖ www.konkmeng.com