អ្នកជំនាញ៖ បើមិនចង់កើតជំងឺធ្លាក់ទឹកចិត្ត ត្រូវនាំគ្នាហាត់ប្រាណឱ្យបានទៀងទាត់
- សុខភាព
- ខែវិច្ឆិកា 29, 2019
ជំងឺធ្លាក់ទឹកចិត្ត គឺជាស្ថានភាពផ្លូវចិត្តមួយដែលកើតមានជាទូទៅទៅលើមនុស្សគ្រប់វ័យ គ្រប់សញ្ជាតិនៅលើពិភពលោក។ ជំងឺធ្លាក់ទឹកចិត្ត បានធ្វើឱ្យមានផលប៉ះពាល់ដល់មនុស្សជាង៣០០លាននាក់ នៅទូទាំងពិភពលោក។ នេះបើយោងតាម អង្គការសុខភាពពិភពលោក (WHO)។
ការសិក្សាបានរកឃើញថា ស្ទើរតែគ្រប់ប្រភេទនៃការហាត់ប្រាណ មិនថាប្រើកម្លាំងខ្លាំង ឬតិចនោះទេ សុទ្ធតែអាចជួយរក្សាតុល្យភាពនៃសេនេទិច(Genetic) របស់មនុស្សចំពោះការធ្លាក់ទឹកចិត្ត។ បន្ថែមលើនេះ លោកវេជ្ជបណ្ឌិតសុខភាពផ្លូវចិត្ត អេលេន កូហែន (Alan Cohen) បាននិយាយថា «មិនថាការហាត់ប្រាណបែបណាទេ ឱ្យតែអ្នកយល់ថាសាកសម ហើយធ្វើការហាត់វាឱ្យបានទៀងទាត់ គឺពិតជាមានប្រសិទ្ធភាពណាស់ (ចំពោះការប្រឆាំងទៅនឹងជំងឺធ្លាក់ទឹកចិត្តនេះ)»។
ក.តើអ្នកគួរធ្វើលំហាត់ប្រាណរយៈពេលប៉ុន្មាននាទីទើបសមស្រប?
ដើម្បីរក្សាបាននូវសុខភាពល្អ មនុស្សពេញវ័យគួរតែហាត់ប្រាណជាមធ្យមឱ្យបាន១៥០នាទី (២ម៉ោងកន្លះ) រៀងរាល់សប្ដាហ៍។ ទោះបីអ្នកហាត់ប្រាណបានត្រឹមរយៈពេលខ្លីក៏ដោយ ក៏វាគ្រាន់បើជាងមិនហាត់ប្រាណដែរ។ សូម្បីការដើរក្នុងល្បឿនលឿនចំនួន១០នាទី ក៏អាចធ្វើអារម្មណ៍អ្នកស្រស់ថ្លាបានដែរ។ ខ.តើការហាត់ប្រាណអាចជួយទប់ស្កាត់ជំងឺបាក់ទឹកចិត្តដោយរបៀបណា?
អង់ដូហ្វីន (Endorphin) គឺជាសារធាតុគីមីដែលបញ្ចេញដោយខួរក្បាល ដើម្បីកាត់បន្ថយភាពឈឺចាប់។ បើសិនវាត្រូវបានបញ្ចេញមកច្រើន អ្នកនឹងមានអារម្មណ៍ស្រស់ថ្លា និងមានកម្លាំង។ នៅពេលហាត់ប្រាណ ក្រពេញក្នុងខួរក្បាលរបស់យើង នឹងបញ្ចេញសារធាតុគីមីនេះមក។ អង់ដូហ្វីន ដើរតួជាមុខងារដ៏សំខាន់ក្នុងការបំបាត់អារម្មណ៍តប់ប្រមល់ មិនសប្បាយចិត្ត និងគិតច្រើន។
គ.តើគួរជ្រើសយកការហាត់ប្រាណបែបណាខ្លះ?
១.យ៉ូហ្កា (Yoga)៖ នៅក្នុងការសិក្សាមួយដែលផ្ដោតលើស្រ្ដី មានជំងឺបាក់ទឹកចិត្តចំនួន៦៥នាក់ គេរកឃើញថា ស្រ្ដីចំនួន៣៤នាក់ ដែលចូលរៀនថ្នាក់យ៉ូហ្កា២ដងក្នុងមួយអាទិត្យ មានការធ្លាក់ចុះនូវរោគសញ្ញានៃជំងឺបាក់ទឹកចិត្ត។ លោកសាស្រ្ដាចារ្យ Norman E.Rosenthal ដែលមកពីផ្នែកឱសថសាស្រ្ដនៃសាកលវិទ្យាល័យចចថោន (Georgetown Unversity) បាននិយាយថា«យូហ្កា គឺជាឱសថទេពដែលអាចធ្វើឱ្យមនុស្សឈ្លាសវៃ ប្រមូលផ្ដុំអារម្មណ៍បានល្អ។ កត្តាទាំងនេះ អាចជួយទប់ប្រឆាំងនឹងគំនិតអវិជ្ជមាន ជួយឱ្យមានកម្លាំងស្វាហាប់ ធ្វើឱ្យរាងកាយមានតុល្យភាព និងដោះស្រាយបញ្ហាបានល្អ»។២.ថៃជី (Tai chi)៖ ថៃជី ជាប្រពៃណីរបស់លោកខាងកើតមួយ ដែលជាការហាត់ប្រាណបែបធ្វើកាយវិការមួយៗ។ ប្រសិទ្ធភាពរបស់វាក៏មិនខុសពីយូហ្កាប៉ុន្មានដែរ គឺជួយឱ្យយើងជៀសផុតពីការបាក់ទឹកចិត្ត។ ការសិក្សាលើអ្នកជំងឺវ័យចំណាស់នៃជនជាតិចិន ដែលកើតជំងឺបាក់ទឹកចិត្តចំនួន១៤នាក់ បានរកឃើញថា អ្នកដែលបានហាត់ថៃជីរយៈពេល៣ខែ មានសភាពធូរស្បើយច្រើនទៅលើរោគសញ្ញាបាក់ទឹកចិត្ត។
៣.ចំណាយពេលនៅខាងក្រៅ (Go play outside)៖ ការទៅក្រៅលំហែកាយ គឺជាវិធីសាស្រ្ដធ្វើឱ្យរាងកាយមានចលនា និងលំហែអារម្មណ៍ដ៏សាមញ្ញបំផុតមួយ។ អ្នកអាចនាំកូនអ្នកទៅលេងនៅសួនច្បារ បង្កើតល្បែងកម្សាន្ដផ្សេងៗជាមួយកូនលោកអ្នក ឬលាងឡានម៉ូតូជាដើម។ សកម្មភាពទាំងនេះ មានប្រសិទ្ធភាព ដោយសារភាពពោរពេញទៅដោយវីតាមីនដេដែលផ្តល់ពីពន្លឺព្រះអាទិត្យ។ការហាត់ប្រាណមិនត្រឹមតែអាចប្រឆាំងនឹងជំងឺបាក់ទឹកចិត្តបាននោះទេ វាក៏អាចទប់ទល់នឹងជំងឺផ្សេងៗជាច្រើនទៀតផងដែរ។ ជាឧទាហរណ៍៖ «អ្នកជំងឺទឹកនោមផ្អែមតម្រូវឱ្យហាត់ប្រាណឱ្យបានទៀងទាត់» ជាដើម។ ដូចនេះ មិនថាក្មេង ឬចាស់នោះទេ គួរតែឆ្លៀតពេលយ៉ាងហោចណាស់១៥០នាទីក្នុងមួយសប្ដាហ៍ សម្រាប់ធ្វើលំហាត់ប្រាណដើម្បីសុខភាពរបស់ខ្លួន ដូចពាក្យទស្សនៈសាកលមួយតែងត្រូវបានគេលើកឡើងថា សុខភាពមានតម្លៃជាងអ្វីៗទាំងអស់ មានសុខភាពល្អ នឹងមានអ្វីៗគ្រប់យ៉ាង៕
រក្សាសិទ្ធិដោយ៖ www.konkmeng.com