កំហុសឆ្គងទាំង៦ ដែលឪពុកម្តាយតែងតែធ្វើ ចំពោះអាការៈឈឺពោះរបស់កូនៗ
- សុខភាព
- ខែវិច្ឆិកា 4, 2019
ជាការពិតណាស់ នៅពេលកូនៗរបស់អ្នកមានអាការៈឈឺពោះ ក្នុងនាមឪពុកម្តាយនឹងរកវិធីផ្សេងៗ ដើម្បីជួយឱ្យកូនៗរបស់អ្នកឆាប់ជាសះស្បើយ ប៉ុន្តែការព្យាបាលអាការៈឈឺពោះខុស អាចធ្វើឱ្យពួកគេឈឺកាន់តែយូរថ្ងៃ។ ដូច្នេះហើយ គួរចៀសវាងកំហុសឆ្គងទាំង៦ ខាងក្រោម៖
១.ការឱ្យកូនផឹកទឹកភ្លាមៗបន្ទាប់ពីមានការក្អួតចង្អោរ៖
វិធីខុសឆ្គង៖ អ្នកឱ្យកូនផឹកទឹកភ្លាមៗ បន្ទាប់ពីកូនរបស់អ្នកក្អួតហើយ។
វិធីត្រឹមត្រូវ៖ អ្នកមិនត្រូវឱ្យពួកគេផឹកទឹកភ្លាមៗ បន្ទាប់ពីក្អួតរួចទេ ព្រោះការក្អួតចង្អោរ ធ្វើឱ្យក្រពះរបស់ក្មេងៗរលាក់។ ដូច្នេះ អ្នកត្រូវរង់ចាំពី១៥ ទៅ៣០នាទីសិន មុនឱ្យពួកគេផឹកអ្វីមួយ បើមិនដូច្នេះទេ នឹងអាចធ្វើឱ្យពួកគេក្អួតម្តងទៀត។ អ្នកត្រូវសាកល្បងបញ្ចុកទឹក១ ស្លាបព្រាមើលសិន រៀងរាល់១៥នាទីម្តង។ បើពួកគេឈប់ក្អួតហើយ ចាំបន្ថែមបរិមាណទឹកឱ្យពួកគេញាំុ។
២.ការឱ្យថ្នាំ ដោយគ្មានវេជ្ជបញ្ជាពីគ្រូពេទ្យ ចំពោះអាការៈរាគរូស៖
វិធីខុសឆ្គង៖ អ្នកឱ្យកូនលេបថ្នាំដែលមានស្រាប់នៅផ្ទះ ដោយមិនបានទៅពិនិត្យជាមួយគ្រូពេទ្យ។
វិធីត្រឹមត្រូវ៖ មិនត្រូវឱ្យកូនញាំុថ្នាំផ្តេសផ្តាស ដែលគ្មានវេជ្ជបញ្ជាពីគ្រួពេទ្យនោះទេ។ ឪពុកម្តាយមួយចំនួនឲ្យកូនលេបថ្នាំ ដែលខ្លួនមាននៅផ្ទះដើម្បីបំបាត់អាការៈឈឺពោះ ឬរាគរូស ប៉ុន្តែ ថ្នាំទាំងនេះ អាចមានផលប៉ះពាល់ផ្សេងៗ និងអាចធ្វើឱ្យកូនៗរបស់អ្នកឈឺកាន់តែខ្លាំង។ អ្នកត្រូវតែពិគ្រោះជាមួយគ្រូពេទ្យ មុនពេលឱ្យកូនៗលេបថ្នាំអ្វីមួយ។ វិធីល្អបំផុតពេល កូនៗមានអាការៈរាគរូស ត្រូវឱ្យកូនផឹកទឹកឱ្យបានច្រើន ដើម្បីរក្សាជាតិទឹកនៅក្នុងខ្លួន និងតាមដានអាការៈរបស់កូនឱ្យបានជាប់លាប់។ ៣.អ្នកឆាប់បញ្ចុះកម្តៅកូនៗរបស់អ្នក៖
វិធីខុសឆ្គង៖ កូនតូចរបស់អ្នកក្តៅខ្លួនតិចៗ ដូច្នេះហើយអ្នកក៏ឱ្យថ្នាំបញ្ចុះកម្តៅទៅពួកគេលេប។
វិធីត្រឹមត្រូវ៖ ឪពុកម្តាយគ្រប់រូប ត្រូវថ្លឹងថ្លែងពីគុណសម្បត្តិ និងគុណវិបត្តិនៃការប្រើប្រាស់ថ្នាំ។ អាការៈក្តៅខ្លួន គឺជាសញ្ញាមួយបង្ហាញថា ប្រព័ន្ធភាពសាុំនៅក្នុងរាងកាយ កំពុងធ្វើការប្រឆាំងនឹងការឆ្លងនៃមេរោគ ដូច្នេះហើយ អ្នកគួរទុកពេលឱ្យរាងកាយរបស់កូនអ្នកធ្វើកិច្ចការនេះសិន។ អ្វីដែលគួរធ្វើ គឺត្រូវតាមដានកម្តៅរបស់គេឱ្យបានជាប់ បើកំដៅនៅតែមិនចុះ ត្រូវនាំក្មេងទៅពិគ្រោះជាមួយគ្រូពេទ្យ។
៤.អ្នកឱ្យកូនផឹកទឹកផ្លែឈើ ឬទឹកដោះគោ៖
វិធីខុសឆ្គង៖ កូនអ្នកមិនសូវផឹកទឹក ពេលគេមានអាការៈឈឺពោះ ដូច្នេះហើយអ្នកក៏គួរឱ្យកូនអ្នកញាំុទឹកផ្លែឈឺ រឺទឹកដោះគោ។
វិធីត្រឹមត្រូវ៖ ការឱ្យកូនផឹកភេសជ្ជៈមានជាតិផ្អែម ដូចជាទឹកផ្លែឈើជាដើម អាចធ្វើឱ្យអាការៈឈឺពោះ របស់កូនកាន់តែធ្ងន់ធ្ងរ។ មេរោគនៅក្នុងក្រពះដែលធ្វើឱ្យកូនក្មេងរាគ ប្រឆាំងជាមួយនឹងសារធាតុស្ករ ដូច្នេះហើយវាអាចបណ្តាលឱ្យឈឺក្នុងពោះ ឬហើមពោះ។ អ្នកគួរឱ្យកូនអ្នកសាកល្បងផឹកទឹកដោះគោ ដែលគ្មានជាតិស្ករ ឬយ៉ាអ៊ួរដែលអាចជួយបណ្តុះបាក់តេរីល្អនៅក្នុងប្រព័ន្ធរំលាយអាហារឡើងវិញ ឬព្យាយាមបំបៅកូនដោយទឹកដោះ។ ៥.បន្ទាប់ពីកូនជាសះស្បើយពីជំងឺរាគ ឱ្យកូនញាំុធម្មតា៖
វិធីខុសឆ្គង៖ គ្រាន់តែកូនជាសះស្បើយភ្លាម ក៏ឱ្យកូនញាំុរបបអាហារ ដូចជា ចេក បាយ ទឹកផ្លែប៉ោម នំប៉័ង។
វិធីត្រឹមត្រូវ៖ បើកូនអ្នកទើបតែជាសះស្បើយពីអាការៈឈឺពោះ ឬរាគ មិនគួរឲ្យកូនញាំុរបបអាហារ ដូចជា ចេក បាយ ទឹកផ្លែប៉ោម និងនំប៉័ងទេ។ ព្រោះអាហារទាំងនេះ អាចជួយឱ្យការរំលាយអាហារកូន ឆាប់ តែវាមិនសូវមានប្រូតេអ៊ីន និងវិតាមីន ដែលជួយឱ្យកូនអ្នកមានកម្លាំងមាំមួនដូចដើមនោះទេ។ ម្យ៉ាងទៀត ក៏មិនត្រូវឱ្យកូនញាំុអាហារដែលសម្បូរដោយជាតិខ្លាញ់ ដូចជា សាច់មាន់ អាហារបំពង និងភីហ្សាជាដើម ហើយត្រូវប្រាកដថា កូនៗរបស់អ្នក ត្រូវផឹកទឹកឲ្យបានច្រើន រហូតដល់ជាសះស្បើយទាំងស្រុង។
៦.អ្នកភ្លេចពីការរក្សាអនាម័យ បន្ទាប់ពីកូនជាសះស្បើយ៖
វិធីខុសឆ្គង៖ អ្នកមិនសូវយកចិត្តទុកដាក់ពីការលាងដៃ និងរក្សាអនាម័យ បន្ទាប់ពីកូនអ្នកបានធូរស្បើយ ពីជំងឺរាគ ឬអាការៈឈឺពោះនោះទេ។
វិធីត្រឹមត្រូវ៖ ត្រូវលាងដៃ និងរក្សាអនាម័យកូនរបស់អ្នក ឲ្យបានគ្រប់ពេលវេលា ព្រោះវីរុស អាចនៅក្នុងពោះវៀនពី២ទៅ៣សប្តាហ៍ ហើយវាអាចធ្វើឱ្យកូនរបស់អ្នកឈឺម្តងទៀតបាន។ ប្រសិនបើកូនអ្នកនៅស្លៀកខោទឹកនោម ពេលផ្លាស់ខោទឹកនោមម្តងៗ អ្នកត្រូវលាងសម្អាតដៃឱ្យបានស្អាត។ កុំប្រើកន្សែង ផឹកភេសជ្ជៈ ឬញាំុអាហាររួមគ្នាជាមួយកូន។ មេរោគ អាចតោងជាប់លើកន្លែងជាច្រើន ដូចជា សោទ្វារ និងប្រដាប់ក្មេងលេងបានច្រើនម៉ោង ឬច្រើនថ្ងៃ។ ដូច្នេះហើយ ត្រូវសម្អាតកន្លែង ឬវត្ថុទាំងនោះឱ្យបានញឹកញាប់៕
រក្សាសិទ្ធិដោយ៖ www.konkmeng.com