ក្រោយដឹងហេតុផលទាំង៥នេះ ជឿថាឪពុកម្តាយនឹងលែងឱ្យកូនៗញ៉ាំទឹកក្រូចមិនខាន
- សុខភាព
- ខែធ្នូ 8, 2019
ទឹកក្រូចមានច្រើនម៉ាក់ ច្រើនយ៉ាង និងមានច្រើនរសជាតិ។ កត្តានេះបានអូសទាញក្មេងៗ ចង់សាកចង់ទទួលទានវា។ ឪពុកម្ដាយមួយចំនួនដោយស្រលាញ់កូនខ្លាំងពេក ឬមិនចង់ឱ្យកូនយំ ក៏ចេះតែបណ្ដោយកូនៗទទួលទានតាមចិត្ត។ តាមពិតទៅ ទឹកក្រូចសឹងតែមិនមានផលប្រយោជន៍អ្វីសោះចំពោះរាងកាយក្មេង ថែមទាំងអាចប៉ះពាល់ដល់សុខភាពក្មេងទៅថ្ងៃក្រោយទៀតផង។
យោងតាមសមាគមរបបអាហារអាមេរិក(American Dietetic Association) និងសមាគមភេសជ្ជៈអាមេរិក(American Beverage Association) ចំណុចទាំង៥ខាងក្រោមនេះ នឹងធ្វើឱ្យអាណាព្យាបាលគ្រប់រូបលែងហ៊ានបណ្តោយឱ្យកូនៗជាទីស្រលាញ់ស្មើជីវិតរបស់ខ្លួន ទទួលទានទឹកក្រូចទៀតមិនខាន៖
១.ទឹកក្រូចមិនមានផ្ទុកជីវជាតិចិញ្ចឹមអ្វីនោះទេ។ ផ្ទុយទៅវិញ វាមានកម្រិតកាឡូរី និងជាតិស្ករខ្ពស់ ដែលអាចបណ្ដាលឱ្យក្មេងៗងាយនឹងធាត់លើសទម្ងន់។២.ផឹកជាតិស្កររាល់ថ្ងៃ អាចនឹងបណ្ដាលឱ្យសរីរាង្គក្នុងរាងកាយមិនអាចគ្រប់គ្រងជាតិស្ករបានល្អ។ កត្តានេះ នឹងធ្វើឱ្យប៉ះពាល់ទៅលើតម្រងនោម ព្រោះតម្រងនោមជាសរីរាង្គមានតួនាទីច្រោះជាតិស្ករ ដែលនៅសល់។ អ្វីដែលកាន់តែធ្ងន់ធ្ងរទៅទៀតនោះ យូរៗទៅវានឹងបណ្ដាលឱ្យកើតជំងឺទឹកនោមផ្អែម។
៣.ជាតិស្ករហួសកម្រិតក្នុងទឹកក្រូច មានឥទ្ធិពលអាក្រក់ជាច្រើន ដូចជាកាត់បន្ថយមុខងារខួរក្បាល អារម្មណ៍មិនល្អ អាឡែកស៊ី ឈឺក្បាល និងអស់កម្លាំងជាដើម។
៤.ទឹកក្រូចអាចបង្កឱ្យមានជំងឺបេះដូង បើយោងតាមការសិក្សារបស់សាកលវិទ្យាល័យហាវដ (Harvard University) បានរកឃើញថា ការទទួលទានទឹកក្រូចចំនួន៣៤០ក្រាមរាល់ថ្ងៃ នឹងបង្កើនហានិភ័យនៃការកើតជំងឺបេះដូងចំនួន១៩%។
៥.ទឹកក្រូចមិនសូវមានផ្ទុកជាតិកាល់ស្យូម ម៉ាញេស្យូម និងវីតាមីនទេ ព្រោះជាទូទៅ ក្មេងៗដែលផឹកទឹកក្រូច គឺមិនសូវចង់ញ៉ាំអាហារច្រើននោះទេ៕រក្សាសិទ្ធិដោយ៖ www.konkmeng.com