តើគួរធ្វើយ៉ាងណាដើម្បីរក្សាជាតិទឹកនៅក្នុងខ្លួនកូនៗឱ្យបានគ្រប់គ្រាន់?
- សុខភាព
- ខែធ្នូ 16, 2019
គ្រប់ភាវៈរស់ទាំងអស់ សុទ្ធតែត្រូវការទឹកដើម្បីរស់ ហើយចំណែកមនុស្សយើងក៏កាន់តែមានតម្រូវការទឹកឱ្យបានគ្រប់គ្រាន់ ដើម្បីទ្រទ្រង់រាងកាយផងដេរ។ ជាទូទៅ ក្នុងខ្លួនមនុស្សយើងមានតម្រូវការទឹករហូតដល់ទៅ៦០ភាគរយ ដើម្បីរក្សាសីតុណ្ហភាពនៅក្នុងខ្លួនឱ្យនៅដដែល ព្រមទាំងសម្រាប់រំលាយអាហារ និងកម្ចាត់ចោលនូវកាកសំណល់ជាដើម។ កង្វះជាតិទឹកនៅក្នុងរាងកាយ ធ្វើឱ្យយើងប្រឈមនឹងជំងឺជាច្រើន ព្រោះទឹក គឺជាតម្រូវការចាំបាច់បំផុតសម្រាប់ជួយឱ្យកោសិកាផ្សេងៗមានដំណើរការ។
ថ្ងៃនេះ គេហទំព័រ កូនក្មេង Konkmeng សូមលើកយកវិធីសាស្ត្រចំនួន៩យ៉ាង ដើម្បីជួយថែរក្សាជាតិទឹកនៅក្នុងរាងកាយឱ្យបានគ្រប់គ្រាន់តាមតម្រូវការ ដូចខាងក្រោម៖
១.ចៀសវាងការបែកញើសខ្លាំង
តាមអ្នកជំនាញបានឱ្យដឹងថា ជាទូទៅក្មេងៗងាយនឹងបាត់បង់ជាតិទឹក ពីក្នុងខ្លួនជាងមនុស្សធំទៅទៀត ជាពិសេសនៅរដូវក្ដៅ។ ការខ្វះជាតិទឹក នឹងអាចបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ជីវិតរបស់ពួកគេ។២.បង្កើតទម្លាប់ផឹកទឹក
វិធីសាស្ត្រដ៏ល្អបំផុត ដើម្បីជៀសវាងក្មេងមានជំងឺខ្សោះជាតិទឹក លោកអ្នកជាឪពុកម្តាយ ត្រូវបង្កើតទម្លាប់ឱ្យកូនៗញ៉ាំទឹកឱ្យបានទៀងទាត់។ អាណាព្យាបាល ត្រូវចងចាំថា ត្រូវឱ្យកូនៗរបស់លោកអ្នកផឹកទឹក បន្ទាប់ពីពួកគេញ៉ាំអាហាររួច។
៣.រក្សាសំណើមក្នុងខ្លួន
កុំចាំរហូតដល់ពួកគេស្រេកទឹក ទើបយកទឹកឱ្យពួកគេផឹកនោះទេ។ ការសិក្សាចំនួនពីមហាវិទ្យាល័យ (Connecticut College) បានរកឃើញថា ជាងពាក់កណ្ដាលនៃក្មេងៗដែលលេងកីឡា នឹងធ្វើឱ្យពួកគេបាត់បង់ជាតិទឹកច្រើន បើទោះជាពួកគេបានផឹកទឹកច្រើនយ៉ាងណាក្តី។ ដូច្នេះ ឪពុកម្តាយគួរទម្លាប់ឱ្យពួកគេញ៉ាំទឹករាល់២០នាទីម្តង ហើយសម្រាកនៅក្នុងម្លប់។
៤.ព្យាយាមផឹកទឹកធម្មតា
ការញ៉ាំទឹកដែលមានកម្រិតសីតុណ្ហភាពធម្មតា ប្រសើរជាងញ៉ាំទឹកត្រជាក់ខ្លាំង ដូចជាទឹកដែលយកចេញពីទូទឹកកក ជាដើម។ តែទោះយ៉ាងណា ទឹកត្រជាក់ គឺល្អបំផុតនៅពេលដែលកូនៗលោកអ្នកស្រេកទឹកខ្លាំង អាចធ្វើឱ្យពួកគេមានអារម្មណ៍ស្រស់ស្រាយក្រោយទទួលទានវា។
៥.ភេសជ្ជៈកីឡាផ្អែមៗ
ភេសជ្ជៈកីឡា ជួយឱ្យក្មេងៗផឹកទឹកបានច្រើន និងគ្រប់គ្រាន់។ ការសិក្សាមួយចំនួនបានបង្ហាញថា ក្មេងៗចូលចិត្តផឹកភេសជ្ជៈ ដែលមានរសជាតិ ច្រើនជាងផឹកទឹកសុទ្ធធម្មតា ដល់ទៅ៩០ភាគរយ។ ភេសជ្ជៈកីឡាអាចជំនួសនូវសារជាតិអេឡិចត្រូលីត ដែលបាត់បង់ពីរាងកាយ ដោយការបែកញើសបាន ប៉ុន្តែគួរតែទទួលទានភេសជ្ជៈកីឡា ដោយមានកំណត់ក្នុងអំឡុងពេលលេងកីឡា ឬរត់លេងក្រោមកម្ដៅថ្ងៃ ដោយសារតែភេសជ្ជៈកីឡាទាំងនោះ មានផ្ទុកសារជាតិកាបូអ៊ីដ្រាត និងកាឡូរីខ្ពស់។
៦.ការ៉េមដើមផ្អែមៗ
ពេលខ្លះ ក្មេងៗជក់នឹងការលេងខ្លាំង រហូតដល់មិនផឹកទឹក ឬញ៉ាំអ្វីនោះទេ។ ក្នុងករណីបែបនេះ លោកអ្នក គួរសាកល្បងឱ្យពួកគេញ៉ាំការ៉េមដើម ព្រោះការ៉េមដើមទាំងនោះ មានផ្ទុកជាតិទឹក ហើយវាមានរសជាតិផ្អែមឆ្ងាញ់ដែលក្មេងៗភាគច្រើនចូលចិត្តញ៉ាំ។ ប៉ុន្តែ លោកអ្នកក៏ត្រូវប្រាកដថា ការ៉េមទាំងនោះមានអនាម័យល្អ មិនធ្វើឱ្យប៉ះពាល់ដល់សុខភាពកូនៗលោកអ្នក។
៧.ទឹកផ្លែឈើ
ផ្លែឈើមួយចំនួន មានផ្ទុកនូវជាតិទឹកច្រើន និងជាអាហារសម្រន់ដ៏ល្អសម្រាប់កូនៗលោកអ្នក។ លោកអ្នកគួរឱ្យកូនញ៉ាំផ្លែឈើ បន្ទាប់ពីពួកគេរត់លេងរួច។ ត្បិតថា ផ្លែឈើមានផ្ទុកនូវជាតិទឹក តែវាក៏មានផ្ទុកនូវជាតិស្ករច្រើនផងដែរ។ ចំពោះបញ្ហានេះ អ្នកជំនាញពីមហាវិទ្យាល័យខាងលើបានណែនាំថា ជាជម្រើសល្អមួយបែបទៀត លោកអ្នកគួរឱ្យកូនញ៉ាំទឹកសុទ្ធកន្លះកែវ និងញ៉ាំទឹកផ្លែឈើសុទ្ធកន្លះកែវ។
៨.បន្លែ
បន្ថែមពីលើទឹក ផ្លែឈើ និងទឹកផ្លែឈើហើយ បន្លែមួយចំនួនក៏ផ្ទុកនូវសារជាតិទឹកច្រើនផងដែរ។ ទឹកស៊ុបដែលមានជាតិបន្លែ គឺល្អបំផុតសម្រាប់ទទួលទាន ពីព្រោះវាមិនត្រឹមតែបន្ថែមជាតិទឹកចូល ទៅក្នុងខ្លួនប៉ុណ្ណោះទេ តែក៏ជួយបញ្ជូននូវសារជាតិបំប៉នមួយចំនួននៅក្នុងរាងកាយផងដែរ។
៩.វិធីសាស្រ្តយកឈ្នះ
នៅពេលដែលកូនៗរបស់លោកអ្នក ចាប់ផ្ដើមធំធាត់ឡើងម្ដងបន្តិចៗ ជឿងថា អាណាព្យាបាលមិនមានពេល ឬត្រូវតាមត្រួតពិនិត្យការញ៉ាំទឹក ឬមិនញ៉ាំគ្រប់ពេលវេលានោះទេ។ ដូច្នេះហើយ លោកអ្នកគួរតែពន្យល់ពីសារៈសំខាន់នៃការទទួលទានទឹកឱ្យបានគ្រប់គ្រាន់ និងគួរបញ្ជាក់ប្រាប់ពួកគាត់អំពីប្រភេទទឹក ដែលគួរញ៉ាំ និងមិនត្រូវញ៉ាំ ជាដើម។
ប្រការគួរកត់សម្គាល់៖ ក្មេងៗដែលខ្វះជាតិទឹក មានអាការៈមួយចំនួនដូចជា អាចក្អួតចង្អោរ ឈឺក្បាល មិនសូវបត់ជើងតូច ទឹកនោមមានពណ៌លឿង ឬពណ៌ត្នោត បបូរមាត់ស្ងួត ជាដើម។ ម្យ៉ាងទៀត ប្រសិនបើក្មេងដែលខ្វះជាតិទឹកខ្លាំង មានសញ្ញាឱ្យយើងដឹងដូចជា៖ ស្រេកទឹកខ្លាំង ល្ហិតល្ហៃ មិនសូវសកម្មជាងធម្មតា មានសភាពស្លេកស្លាំង ដកដង្ហើមលឿនជាងធម្មតា និងមានចង្វាក់បេះដូងដើរលឿន ជាដើម។ ប្រសិនបើកូនរបស់លោកអ្នកបង្ហាញសញ្ញាកង្វះជាតិទឹកធ្ងន់ធ្ងរ សូមប្រញ៉ាប់នាំទៅកាន់មន្ទីរពេទ្យដែលនៅជិតបំផុត ដើម្បីជួបប្រឹក្សាយោបល់ និងទទួលការព្យាបាលពីគ្រូពេទ្យជំនាញ៕
អត្ថបទទាក់ទង៖ ស្វែងយល់ពីសារៈសំខាន់របស់ទឹកក្នុងខ្លួនមនុស្សយើង
រក្សាសិទ្ធិដោយ៖ www.konkmeng.com