បញ្ហាក្លិនមាត់ គឺមិនល្អចំពោះសុខភាពក្មេងនោះទេ
- សុខភាព
- ខែវិច្ឆិកា 1, 2019
ក្លិនមាត់មិនល្អរបស់ក្មេង ជារឿងធម្មតា បន្ទាប់ពីពួកគេក្រោកពីគេង រឺញ៉ាំអ្វីមួយ។ ប៉ុន្តែ ប្រសិនបើ ធុំក្លិនពេញមួយថ្ងៃ អាចជាបញ្ហាដែលគួរឲ្យបារម្ភ។ កង្វះអនាម័យមាត់ធ្មេញ គឺជាហេតុផលចម្បងមួយ ប៉ុន្តែវា ក៏អាចបង្កមកពីកត្តាជាច្រើនទៀតផងដែរ។
ការធុំក្លិនមាត់អាចធ្វើឱ្យក្មេង និងឪពុកម្តាយខ្មាស់គេ ប៉ុន្តែកុំបារម្ភ ព្រោះវាជារោគសញ្ញាដែលអាចព្យាបាលបាន។ អាហារ និងទម្លាប់នៃការគេងរបស់ក្មេងៗ ធ្វើឱ្យពួកគេប្រឈមនឹងអាការៈក្លិនមាត់ច្រើន ជាងមនុស្សធំ។ រោគសញ្ញានេះ ស្តែងចេញខុសៗគ្នាពីមនុស្សម្នាក់ទៅមនុសម្នាក់។ ខាងក្រោមនេះ ជាមូលហេតុមួយចំនួនដែលបង្កឱ្យកូនក្មេងមានក្លិនមាត់មិនល្អ៖ ១.ការគ្មានអនាម័យមាត់ធ្មេញ៖ អាចម៍ធ្មេញ និងកំណកកំបោរនៅជាប់ជើងធ្មេញ ជាដើមហេតុមួយដែលធ្វើឱ្យក្មេងមានក្លិនមាត់មិនល្អ។
២.ការស្ងួតមាត់៖ ប្រសិនបើក្រពេញទឹកមាត់ បង្កើតទឹកមាត់មិនគ្រប់គ្រាន់ នោះវានឹងបណ្តាលឱ្យមាត់ស្ងួតខ្លាំង និងធ្វើឱ្យខ្យល់ដង្ហើមមានក្លិនមិនល្អ។
៣.បាក់តេរីនៅលើអណ្តាត៖ បាក់តេរីជាច្រើនទុំជាប់នៅលើអណ្តាត ដូច្នេះហើយ អ្នកត្រូវបង្រៀនកូន ឱ្យចេះធ្វើការសម្អាតអណ្តាតឱ្យបានត្រឹមត្រូវ។
៤.ការដកដង្ហើមតាមមាត់៖ ជាញឹកញាប់ កូនក្មេងដកដង្ហើមតាមមាត់ នៅពេលតឹងច្រមុះ។ ក្រពេញទឹកមាត់ មិនផលិតទឹកមាត់ទេ នៅពេលដែលមាត់បើក។ ការស្ងួតមាត់ ធ្វើឱ្យធុំក្លិនមាត់ ហើយការដកដង្ហើមតាមមាត់ ក៏នឹងធ្វើឱ្យពុកធ្មេញផងដែរ។៥.ការឆ្លងមេរោគនៅក្នុងមាត់ ឬមេរោគអញ្ចាញធ្មេញ៖ កូនរបស់លោកអ្នក ប្រហែលជាឆ្លងមេរោគនៅក្នុងមាត់ រឺមានមេរោគនៅអញ្ចាញធ្មេញ ដោយសារតែការថែទាំមិនបានល្អ។ ការឆ្លងមេរោគនេះ អាចបណ្តាលមកពី បរិមាណជាតិស្ករច្រើននៅក្នុងរបបអាហាររបស់ពួកគេ ឬដោយសារការគ្មានអនាម័យមាត់ធ្មេញ។
៦.ធ្មេញពុក៖ ធ្មេញពុក ធ្មេញមានប្រហោង និងធ្មេញឡើងអាប់សែ សុទ្ធតែអាចធ្វើឱ្យមាត់កូនក្មេងធុំក្លិន។
៧.អាហារ៖ អាហារដែលយើងញ៉ាំរាល់ថ្ងៃ គឺជាកត្តាចម្បងមួយដែលជះឥទ្ធិពលដល់ដង្ហើមរបស់យើង។ ប្រភេទអាហារដូចជា ខ្ទឹមស ខ្ទឹមបារាំង ឈីស អាហារដែលមានប្រូតេអ៊ីនខ្ពស់ សុទ្ធតែធ្វើឱ្យកូនក្មេងមានក្លិនមាត់មិនល្អ។
៨.ថ្នាំ៖ ការបន្តប្រើថ្នាំផ្សះក្នុងរយៈពេលមួយខែ ក៏អាចធ្វើឱ្យក្មេងមានក្លិនមាត់មិនល្អដែរ។ យ៉ាងណាមិញ បញ្ហាក្លិនមាត់រយៈពេលវែងចំពោះកូនក្មេង ត្រូវការការព្យាបានឱ្យបានត្រឹមត្រូវ ដោយគ្រូពេទ្យជំនាញ៕
រក្សាសិទ្ធិដោយ៖ www.konkmeng.com