មានដឹងទេថា នៅក្នុងខ្លួនរបស់មនុស្សយើងម្នាក់ៗ មានតម្រូវការជាតិទឹកប៉ុន្មានភាគរយ
- សុខភាព
- ខែវិច្ឆិកា 2, 2019
ទឹកជាប្រភពនៃជីវិតដ៏សំខាន់។ មនុស្ស សត្វ រុក្ខជាតិ ព្រមទាំងធម្មជាតិទាំងឡាយ សុទ្ធតែត្រូវការទឹក ដើម្បីរស់ ដើម្បីភាពស្រស់បំព្រង។ និយាយដោយឡែកសម្រាប់មនុស្សយើងវិញ បើទោះគ្រប់គ្នាដឹងថា ទឹក ពិតជាមានសារៈសំខាន់សម្រាប់ទ្រទ្រង់សរីរាង្គកាយ តែអ្នកខ្លះក៏និយមពិសារទឹកតិច អ្នកខ្លះក៏ទទួលទានទឹកច្រើន។ ចឹងតើនៅក្នុងខ្លួនយើងម្នាក់ៗមានតម្រូវការជាតិទឹកក្នុងបរិមាណប៉ុន្មានភាគរយ?
តាមពិតទៅបរិមាណទឹកនៅក្នុងខ្លួនមនុស្ស ត្រូវបានបែងចែកខុសៗគ្នាទៅតាមវ័យ និងភេទ។ បរិមាណទឹកក្នុងខ្លួនមនុស្ស ត្រូវស្ថិតក្នុងរវាង ៥០ទៅ៧៥%។ ក្នុងនោះ មនុស្សពេញវ័យជាមធ្យមមានពី៥០%ទៅ៦៥%។ រីឯចំពោះកូនង៉ែតវិញ មានផ្ទុកបរិមាណទឹកច្រើនជាងគេ គឺមានក្នុងរង្វង់ពី៧៥%ទៅ៧៨% តែតួលេខនេះ នឹងធ្លាក់សល់៦៥% នៅពេលដែលកូនង៉ែតនោះមានអាយុ១ខួប។
កាយសម្បទា ជាកត្តាមួយដែលកំណត់នូវភាពខុសគ្នាខ្លះនូវបរិមាណទឹកក្នុងខ្លួនមនុស្សម្នាក់ៗដែរ។ ជាមធ្យម មនុស្សពេញវ័យភេទប្រុស មានតម្រូវការបរិមាណទឹកចំនួន៦០% ឯស្ត្រីវិញ មានតម្រូវការជាតិទឹកចំនួន៥៥% ដោយសារតែធម្មជាតិរបស់ស្រ្ដីមានជាលិកាខ្លាញ់ច្រើនជាបុរស។
មនុស្សស្រេកទឹកនៅពេលដែលជាតិទឹកក្នុងខ្លួន ត្រូវបានបាត់បង់រវាងពី២% ទៅ៣%នៃបរិមាណទឹកសរុបក្នុងខ្លួន។ យោងតាមការសិក្សាមួយ ដែលបានចេញផ្សាយក្នុងកំណត់ត្រានៃវិទ្យាសាស្ត្រគីមីជីវៈបានឱ្យយដឹងថា ៧៣%នៃបរិមាណទឹក ស្ថិតក្នុងបេះដូង និងខួរក្បាល ៨៣%ស្ថិតក្នុងថ្លើម ៧៩%ស្ថិតក្នុងសាច់ដុំនិងគ្រលៀន ៦៤%ស្ថិតនៅស្បែក និង៣១%នៅនឹងឆ្អឹង។ មុខងាររបស់ទឹកក្នុងសារពាង្គកាយយើងមានដូចជា៖
• រក្សាតុល្យភាពសីតុណ្ហភាពរាងកាយ
• សម្រាប់ចូលរួមរំលាយអាហារ ប្រូតេអ៊ីន និងកាបូនអីដ្រាត
• កម្ចាត់ជាតិពុល និងកាកសំណល់
• បញ្ជូនអុកស៊ីសែន និងជីវជាតិដល់កោសិកាក្នុងរាងកាយ
• និងមានច្រើនជាងនេះទៀត៕
ប្រែសម្រួលដោយ៖ ជា ស៊ាងប៊ូ
ផ្តល់សិទ្ធិដោយ៖ www.camboglobe.com