សកម្មភាពកម្សាន្តលក្ខណៈគ្រួសារទាំង៧ ដែលឪពុកម្តាយគួរនាំកូនៗសាកល្បង
- ការអប់រំ
- ខែវិច្ឆិកា 29, 2019
ការឧស្សាហ៍នាំកូនៗជាទីស្រលាញ់ លម្ហែកម្សាន្តខាងក្រៅញឹកញាប់ មិនត្រឹមតែជាការបង្កបរិយាកាសសប្បាយរីករាយក្នុងគ្រួសារប៉ុណ្ណោះទេ ហើយផ្ទុយទៅវិញ អ្នកស្រាវជ្រាវបានរកឃើញថា ការទុកឱ្យកូននៅតែក្នុងផ្ទះពេក អាចធ្វើឱ្យក្មេងប្រឈមទៅនឹងបញ្ហាសុខភាពផ្លូវចិត្ត ការរៀនសូត្រមិនបានល្អ និងខ្វះទំនាក់ទំនងពីពិភពខាងក្រៅជាដើម។
ថ្ងៃនេះ គេហទំព័រ កូនក្មេង (KonKmeng) សូមណែនាំនូវសកម្មភាពកម្សាន្តជាលក្ខណៈគ្រួសារ ៧ប្រភេទ ដែលលោកអ្នកជាអាណាព្យាបាលរបស់ក្មេង អាចសាកល្បងបាន ដូចខាងក្រោម៖
១.ការឱ្យចំណីសត្វ៖ ជាធម្មតា មិនថាជាសត្វចិញ្ចឹម ឬសត្វដែលរស់នៅដោយការប្រមាញ់ចំណីដោយខ្លួនឯងនោះទេ ពួកវាចូលចិត្តឱ្យមានមនុស្សមកលេងជាមួយវា ដោយការផ្តល់ចំណីផ្សេងៗជាដើម។ លោកអ្នកគួរចំណាយពេលទំនេរនាំគ្រួសារ ពិសេសកូនតូចៗរបស់លោកអ្នក ទៅដាក់ចំណីឱ្យសត្វ នៅតាមបានតាមមាត់បឹង ឬសួនសត្វ ជាដើម។ សកម្មភាពបែបនេះ ជាការកម្សាន្តសប្បាយផង និងអាចបណ្តុះចរិកឱ្យកូនៗលោកអ្នក មានចិត្តស្រលាញ់សត្វថែមទៀតផង។២.សួរសុខទុក្ខអ្នកជិតខាង៖ លោកអ្នកអាចនាំគ្រួសារទៅសួរសុខទុក្ខអ្នកជិតខាង ឬក៏អាចអញ្ជើញ អ្នកជិតខាងមកធ្វើកម្មវិធីជុំគ្នានៅផ្ទះលោកអ្នកក៏បាន។ សកម្មភាពបែបនេះ អាចបង្កើតបរិយាកាសសប្បាយរីករាយ ព្រមទាំងជាការបណ្តុះទម្លាប់ឱ្យក្មេងៗចេះប្រាស្រ័យទាក់ទង ឬលេងជាមួយក្មេងដទៃ រៀនពីការធ្វើការងារជាក្រុម និងការចេះសាមគ្គីគ្នាជាដើម។
៣.ជិះកង់កម្សាន្ត៖ លោកអ្នកក៏អាចនាំគ្រួសារ រួមទាំងកូនលោកអ្នក ប្រសិនបើពួកគេចេះជិះកង់ ដោយការជិះកង់កម្សាន្តនៅតាមសួនច្បារ និងកន្លែងលម្ហែកម្សាន្តនានា។ ការជិះកង់ មិនត្រឹមតែជាសកម្មភាពកម្សាន្តសប្បាយប៉ុណ្ណោះទេ វាអាចផ្តល់ឱ្យយើងនូវសុខភាពល្អ ព្រោះជាដូចជាការហាត់ប្រាណមួយអ៊ីចឹងដែរ។
៤.លេងល្បែងរុករកវត្ថុអ្វីមួយ៖ ប្រសិនបើ ទីធ្លាផ្ទះរបស់លោកអ្នកទូលាយ អាចបង្កើតសួនមួយនៅក្នុងបរិវេនផ្ទះ សម្រាប់កូនៗលេងកម្សាន្ត។ ជាមួយគ្នានោះ ពេលទំនេរ លោកអ្នកអាចបង្កើតបរិយាកាសកម្សាន្តជុំគ្រួសារ ដោយលេងនូវការកម្សាន្តផ្សេងៗ មានដូចជា ការលាក់ទុកនូវវត្ថុអ្វីមួយ ហើយចែកវេនគ្នាដើររកជាដើម។៥.ទៅលេងសួនដំណាំ៖ ទេសភាពដ៏ស្រស់ចម្រុះព័ណ៌នៅក្នុងសួនដំណាំ ជាកន្លែងថតរូបទុកជាអនុស្សាវរីយ៍ដ៏ល្អមួយ។ ជាងនេះទៅទៀត ក៏អាចណែនាំឱ្យកូនៗរបស់លោកអ្នក ស្គាល់ពីឈ្មោះ ប្រភេទនៃដំណាំនីមួយៗផងដែរ។ ទន្ទឹមគ្នានោះ លោកអ្នកក៏អាចនាំពួកគេ លេងកម្សាន្ត មានការហូបប្រណាំងគ្នា ឬការរៀនសម្គាល់ឈ្មោះប្រភេទដំណាំទាំងអស់នោះថែមទៀតផង ដែលការបង្កនូវបរិយាកាសសប្បាយរីករាយក្នុងគ្រួសារ។
៦.តុបតែងផ្ទះសម្រាប់ពិធីបុណ្យ និងចូលរួមពិធីបុណ្យនានា៖ សកម្មភាពធ្វើអ្វីមួយជួបជុំគ្រួសារ គឺជាការបង្ហាញនូវការសាមគ្គីគ្នា ហើយក៏ជាពេលវេលាមួយដែលគ្រប់គ្នាអាចកម្សាន្តសប្បាយជុំគ្នា ដោយការហូបចុក ការធ្វើការងាររួមគ្នា ការជជែកគ្នា ជាដើម។ ការទម្លាប់ និងផ្តល់ឱកាសឱ្យកូនៗលោកអ្នកបានចូលរួមនៅក្នុងកម្មវិធីបែបនេះ គឺជារឿងមួយល្អសម្រាប់ពួកគេ ដើម្បីបានស្គាល់ញាតិមិត្ត បងប្អូនផង និង អាចធ្វើឱ្យពួកគេឆ្ងល់ និងទទួលយកការពន្យល់ពីលោកអ្នកជុំវិញអត្ថន័យ ឬរបៀបនៃកម្មវិធីទាំងនោះ។
៧.ទៅពិកនិច (Picnic)និងបង្ហោះខ្លែង៖ យូរៗម្តង ការធ្វើដំណើរកម្សាន្តបែបចម្អិនអាហារញ៉ាំជុំគ្នា នៅតាមតំបន់ផ្សេងៗ រួមទាំងសកម្មភាពកម្សាន្តមួយចំនួនទៀត គឺផ្តល់នូវក្តីសុខ និងសុភមង្គលសម្រាប់គ្រួសារ ហើយក៏ជាការផ្តល់ឱកាសឱ្យកូនៗ បានស្គាល់ពីតំបន់ទេសចរណ៍ សារៈសំខាន់នៃធម្មជាតិ អនាម័យ បរិស្ថានជាដើម។ក្រោយលោកអ្នក បានអានអត្ថបទនេះហើយ កូនក្មេង (KonKmeng)សង្ឃឹមថា វាអាចផ្តល់ជាគន្លឹះខ្លះៗ ចូលរួមចំណែកបង្កើតនូវបរិយាស សប្បាយរីករាយនៅក្នុងគ្រួសាររបស់លោកអ្នក ដែលជាឱកាសដ៏ល្អនៅក្នុងការផ្តល់ឱ្យកូនៗ បានចូលរួមបង្ហាញអារម្មណ៍ គំនិត និងការយល់ឃើញរបស់ពួកគេ នៅក្នុងបរិយាកាសទាំងអស់នោះ។
ម្យ៉ាងទៀត តាមរយៈសកម្មភាពទាំង៧ចំណុចនេះ ក៏ជាការបង្រៀន និងបណ្តុះទម្លាប់កូនៗរបស់លោកអ្នក រៀនស្វែងយល់ និងចូលរួមនៅក្នុងការប្រាស្រ័យទាក់ទងជាមួយនឹងមជ្ឈដ្ឋានផ្សេងៗ ទាំងមនុស្ស និងធម្មជាតិ៕
អត្ថបទទាក់ទង៖ អ្នកជំនាញលើកឡើងថា ការទុកកូននៅតែក្នុងផ្ទះ អាចបណ្តាលឱ្យមានបញ្ហាសុខភាពផ្លូវចិត្ត
រក្សាសិទ្ធិដោយ៖ www.konkmeng.com